ខ្ញុំ​ជា​ស្រី​ស្អាត ហើយ​ខ្ញុំ​មាន​សង្សារច្រើន!

7/05/2013 0 Comments A+ a-

ខ្ញុំ​ស្រលាញ់​អ្នក?…I love you ? បង​ស្រលាញ់​អូន…?
គឺ​មិនមែន​ទាំងអស់។
គេ​អត់​បាន​សរសេរ​អញ្ចឹង​ទេ​ ប៉ុន្តែ​គេ​គូរ​រូប​ផ្កា​កុលាប​មួយ​ទង​ និង​សត្វ​លលក​ពីរ​ដាក់​ក្នុង​នោះ។ អ្ហូ៎!​ភ្លេច​ប្រាប់! ចា៎ះ​គឺ​ខ្ញុំ​កំពុង​និយាយ​ពី​បុរស​ម្នាក់​ដែល​សារភាព​ស្នេហ៍​មក​រក​ខ្ញុំ​តាម​របៀប​ចម្លែក​ៗ ​គឺ​ដំបូង​ធ្វើ​ជា​អត់​មក​រៀន​មួយ​ថ្ងៃ ហើយ​បន្ទាប់​មក​ក៏​ធ្វើ​ជា​ខ្ចី​សៀវភៅ​ខ្ញុំ​ទៅ​ ហើយ​ស្អែក​ឡើង​ពេល​ខ្ញុំ​បាន​សៀវភៅ​មក​វិញ​ស្រាប់​តែ​បើក​ទៅ​ឃើញ​គេ​គូរ​រូប​ផ្កា​កុលាប​មួយ​ទង ​និង​សត្វ​លលក។ ពេល​ចេញ​ពី​រៀន​គេ​ឈរ​ចាំ​ខ្ញុំ​នៅ​កន្លែង​យក​ម៉ូតូ ខ្ញុំ​សួរ​ថា​គំនូរ​អី​ក្នុង​សៀវភៅ​ខ្ញុំ គេ​អត់​មាត់​ហើយ​គិត​តែ​ពី​ជិះ​ម៉ូតូ​តាម​ខ្ញុំ ជិត​ដល់​ផ្លូវ​កាច់​ចូល​ផ្ទះ​ខ្ញុំ​ទើប​គេ​និយាយ​ពី​ចម្ងាយ​ថា “គំនូរ​នោះ​ជា​ពាក្យ​សារភាព​ស្នេហ៍​ណា៎​ ដឹង​អត់?”។
រឿង​ហ្នឹង​កើត​ឡើង​តាំង​ពី​ជាង​១២​ឆ្នាំ​មុន។ គឺ​ពេល​ខ្ញុំ​នៅ​រៀន​ថ្នាក់​ទី​១០។ ខ្ញុំ​និង​គេ​នៅ​ក្មេង​ណាស់​ប្រៀប​ជាមួយ​ឥឡូវ តែ​កាល​ហ្នឹង​យើង​ម្នាក់ៗ​សុទ្ធ​តែ​គិត​ថា​ខ្លួន​ឯង​ធំ​ហើយ! ដឹង​ច្បាស់​ហើយ​ថា​ស្នេហា​ជា​អ្វី។ ទោះ​យ៉ាង​ណា​សម្រាប់​សិស្ស​វិទ្យាល័យ​ដូច​លុច​ហើយ​និង​ខ្ញុំ​ ស្នេហា​តាម​ន័យ​ត្រង់​​សម្រាប់​ពួក​យើង​គឺ​ជា​ការ​ស្រលាញ់​ដោយ​គ្មាន​លក្ខខណ្ឌ​ទេ។ យើង​មិន​ដែល​ខ្វល់​ទេ​ថា​ប៉ា​ម៉ាក់​គេ​គិត​យ៉ាង​ណា គេ​ជា​អ្នកណា​ ក្រ ឬ​មាន ប៉ុន្តែ​ខ្ញុំ​ចាប់​អារម្មណ៍​គេ​ដោយ​សារ​គេ​រៀន​ពូកែ ​ហើយ​គេ​កូន​កាត់​ចិន​មាន​ភ្នែក​តូច​ៗ​ តែ​សាច់​ជ្រះ​ហើយ​គេ​ខ្ពស់​ស្គម​ ដល់​តែ​ងើយ​និយាយ​ទើប​បាន​ឃើញ​ភ្នែក​ស្រទន់​ស្លូត​របស់​គេ។
នៅ​ក្នុង​សាលា ឲ្យ​តែ​អ្នកណា​ម្នាក់​មាន​សង្សារ ​គឺ​ត្រូវ​គេ​ទុក​ថា​ជា​ជើង​ល្អ រៀន​អត់​ពូកែ​ហើយ​មិនសូវ​ឃើញ​មក​រៀន​ទៀង​ទេ តែ​សម្រាប់​លុច គេ​រៀន​ពូកែ​ណាស់ គេ​ជា​សិស្ស​គំរូ ​ជា​ប្រធាន​ថ្នាក់ ​និង​ជា​អ្នក​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​តាំង​ពី​ដំបូង។ តែ​ទោះ​បី​ជា​គេ​សារភាព​មុន​ហើយ​ក៏​ដោយ​ ខ្ញុំ​នៅ​តែ​យល់ថា​វា​ឆាប់​ណាស់​ក្នុង​ការ​មាន​សង្សារ​ អញ្ចឹង​ហើយ​ខ្ញុំ​ធ្វើ​ហី​ៗ​ហើយ​ធ្វើ​ដូច​មិន​យល់​ការ​អី​ទេ។
ទោះ​យ៉ាង​ណា ខ្ញុំ​ពូកែ​ប្រចណ្ឌ​បំផុត ឲ្យ​តែ​ឃើញ​លុច និយាយ​ជាមួយ​ស្រី​ផ្សេង​ ខ្ញុំ​អត់​មើល​មុខ​គេ​ពីរ​បី​ថ្ងៃ ហើយ​មិន​និយាយ​រក​គេ​ទៀត។ គេ​ជានិច្ចកាល​តែង​តែ​តាម​អង្វរ​ខ្ញុំ ទិញ​អំពិល​ត្រាំ​មក​ផ្ញើ​ ព្រោះ​ដឹង​ថា​ខ្ញុំ​ចូលចិត្ត ​ហើយ​ពិសេស​ពេល​ប្រលង​ម្ដងៗ​តែង​តែ​ងាក​មក​មើល​ខ្ញុំ​ខ្លាច​ខ្ញុំ​មិន​ចេះ​ធ្វើ។ ពេល​ចេញ​ពី​រៀន​គេ​ជិះ​តាម​ខ្ញុំ​ត្រុកៗ​រហូត​ដល់​ផ្លូវ​ចូល​ផ្ទះ​ខ្ញុំ​ទើប​គេ​បែក​ចេញ​ទៅ។ សេចក្ដី​សុខ​នេះ​តាម​លម្អ​ជីវិត​ជំទង់​របស់​ខ្ញុំ​រហូត​ដល់​ពេល​មួយ​ខ្ញុំ​លែង​មាន​គេ។
គេ​មក​ប្រាប់​ថា​ចប់​បាក់​ឌុប​គេ​ត្រូវ​ចេញ​ទៅ​រៀន​នៅ​វៀតណាម ព្រោះ​ពូគេ​ជួយ​រក​វិធី​ឲ្យ​គេ​បាន​ចូល​រៀន​ខាង​ពេទ្យ​នៅ​ហាណូយ ព្រោះ​ពូ​គេ​ធ្វើ​ធំ​នៅ​ក្រសួង​ ហើយ​ប្រពន្ធ​គាត់​ជា​វៀតណាម​សុទ្ធ។
ដូច​ពាក្យ​ថា​មាន​ស្នេហា​តែង​មាន​វិបត្តិ ព្រោះ​ថា​ស្នេហា​ក្រៅ​ពី​ត្រូវការ​ឲ្យ​គេ​យល់ចិត្ត​យើង​ ហើយ​មាន​ចិត្ត​ឲ្យ​យើង​ដែរ​នោះ យើង​ថែម​ទាំង​ត្រូវការ​ឲ្យ​គេ​នៅ​ជិត​យើង​ផង។
ខ្ញុំ​ពិតជា​ហ្មងសៅ​ហើយ​យល់​ថា​ជីវិត​លែង​មាន​ន័យ​អី​ទៀត​ហើយ​ ពេល​ដែល​យើង​បែក​គ្នា។ ស្នេហា​ពេល​ជំទង់​ជា​ស្នេហា​អស្ចារ្យ ​ទោះ​មិន​បាន​និយាយ​ចេញ​ តែ​តាម​ពិត​ក្នុង​បេះដូង​ខ្ញុំ​មាន​តែ​គេ។ សូម្បី​តែ​គេ ​ក៏​គេ​និយាយ​ដែរ​ថា​គេ​មិន​ចង់​ទៅ​ជា​ដាច់ខាត ​តែ​គេ​ចង់​ក្លាយ​ជា​ពេទ្យ​ដែរ ​ដើម្បី​អាច​រក​ស៊ី​ចិញ្ចឹម​ខ្ញុំ​បាន។ គេ​យំ​ច្រើន​ជាង​ទឹក​ភ្នែក​ខ្ញុំ​ស្រក់​ទៅ​ទៀត​ នៅ​ពេល​យើង​បែក​គ្នា ហើយ​មុន​ចេញ​ទៅ​ គេ​គូរ​រូប​ខ្ញុំ​ និង​គេ​ក្នុង​សៀវភៅ​ដដែល​របស់​ខ្ញុំ​ ហើយ​សរសេរ​ថា “សុង ដឺលុច ស្រលាញ់ ពេជ្រ វណ្ណរី”។
១០​អាទិត្យ​ជាង​ដែល​គេ​ចេញ​ទៅ​ ទើប​ខ្ញុំ​បាន​ទទួល​សំបុត្រ​គេ​ផ្ញើ​មក។ នោះ​គឺ​ថ្ងៃ​ទី​២៣ ខែ​មករា​ ឆ្នាំ​១៩៩៩។ គេ​សរសេរ​រៀបរាប់​ច្រើន​ណាស់​ថា​គេ​ពិបាក​ញ៉ាំ ​មិន​ចេះ​ធ្វើ​ម្ហូប ​ហើយ​មាន​ស្រីៗ​វៀតណាម​យក​ម្ហូប​ទៅ​ឲ្យ​រហូត​ ព្រោះ​ម៉ែ​នារី​ទាំង​នោះ​ចង់​បាន​កូន​ប្រសា​ជា​ប្រុស​ខ្មែរ​ ហើយ​ជា​ដុកទ័រ។ ខ្ញុំ​ឮ​ហើយ​ប្រចណ្ឌ​គេ​យំ​រហាម ​ស្មាន​តែ​ថា​គេ​ក៏​ពេញចិត្ត​ស្រី​វៀតណាម​អស់​ហ្នឹង​ដែរ។ នៅ​ថ្ងៃ​បុណ្យ Valentine គេ​ផ្ញើ​កាបូប​ស្រី​មួយ​មក​ឲ្យ​ខ្ញុំ។ ខ្ញុំ​ដឹង​ថា​របស់​នោះ​ជា​របស់​វៀតណាម​ដែល​ខ្ញុំ​មិន​សូវ​ចូលចិត្ត​ប្រើ​ទេ​ តែ​ខ្ញុំ​ស្រលាញ់​គេ​ពេក ខ្ញុំ​ក៏​ស្រលាញ់​របស់​នោះ​ទៅ។ ទោះ​យ៉ាង​ណា ស្នេហា​របស់​ពួក​យើង​នៅ​តែ​ចុះចាញ់​សុភាសិត​មួយ​ដែល​ថា ឃ្លាត​កាយ​ណាយ​ចិត្ត។
នៅ​ឆ្នាំ​ទី២ នៅ​សាលា​ច្បាប់ ខ្ញុំ​ស្គាល់​គេ​ម្នាក់​ទៀត​ដែល​ជា​និស្សិត​មក​ពី​ខេត្ត គេ​ឈ្មោះ​ថា ភក្ត្រា។ ភក្ត្រា​ចិត្ត​ល្អ ហើយ​ស្លូត​ ប៉ុន្តែ​រៀន​ពូកែ​ដែរ។ ដំបូង​ខ្ញុំ​ដឹង​ថា​គេ​ស្រលាញ់​ខ្ញុំ​ ខ្ញុំ​ក៏​រាប់អាន​គេ​លេង​ៗ​ ព្រោះ​យល់​ថា​គ្មាន​អី​ខាតបង់​ទេ​ គ្រាន់​តែ​ល្អ​ចំពោះ​អ្នក​ដែល​ចូលចិត្ត​យើង។ តែ​ទីបំផុត​ខ្ញុំ​ក៏​បាក់ចិត្ត​លើ​គេ ​ហើយ​​ភ្លេច​សុង ដឺលុច។
ម្ដងម្កាល​ពេល​បាន​ទទួល​សំបុត្រ​គេ ខ្ញុំ​មាន​អារម្មណ៍​ថា​ទើសទាល់​ ហើយ​ពិបាក​ចិត្ត​ដូច​ធ្លាប់​បាន​ស៊ីញេ​កុងត្រា​អ្វី​ម្យ៉ាង​ពិបាក​ក្នុង​ការ​ល្មើស​អញ្ចឹង​ដែរ។ ទោះ​យ៉ាង​ណា​ខ្ញុំ​នៅ​តែ​រក្សា​ទំនាក់ទំនង​ជាមួយ​គេ​ធម្មតា។
ក្រោយ​បន្តិច​មក​ខ្ញុំ​បាន​ទទួល​សំបុត្រ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ គឺ​ដឺលុច​សរសេរ​មក​ខ្ញុំ​ថា ពូ​គាត់​ចង់​ឲ្យ​គាត់​ភ្ជាប់​ពាក្យ​ជាមួយ​កូនស្រី​ពៅ​របស់​ពេទ្យ​ភ្នែក​ល្បី​ឈ្មោះ​ម្នាក់​នៅភ្នំពេញ។ គាត់​ថា​គាត់​ពិបាកចិត្ត​ណាស់​ ព្រោះ​ពូ​គាត់​មាន​ឥទ្ធិពល​លើ​គ្រួសារ​គាត់ ព្រោះ​ចេញ​ពី​ ប៉ុល ពត​ មក ប៉ា​គាត់​ជា​ជាង​អេឡិចត្រូនិក ​មិន​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន​ពេញលេញ​ទេ ​បាន​ពូ​គាត់​ជា​អ្នក​ជ្រោមជ្រែង​ជាច្រើន​ផ្នែក។​ ខ្ញុំ​ឮ​អញ្ចឹង​ស្រាប់​តែ​ពិបាក​ចិត្ត​ផង សប្បាយ​ចិត្ត​ផង។ មួយ​គិត​ចង់​បែក​ពី​គាត់​ជា​ផ្លូវការ ​មួយ​ទៀត​អាណិត​ចិត្ត​ដ៏​ត្រង់​របស់​លុច។ ខ្ញុំ​និយាយ​តប​គាត់​តាម​សំបុត្រ​វិញ​ថា​ “ខ្ញុំ​មិន​ចង់​ឲ្យ​លុច​ពិបាក​ចិត្ត​ទេ។ លុច​ធ្វើ​តាម​គ្រួសារ​ទៅ​ ហើយ​កុំ​ពិបាក​ចិត្ត​អី​ ធ្វើ​ម៉េច​យើង​​មិនមែន​ជា​គូព្រេង​នឹង​គ្នា។ ខ្ញុំ​សប្បាយចិត្ត​ពេល​លុច​ធ្វើជា​កូនប្រុស​កតញ្ញូ ​ហើយ​កុំ​បារម្ភ​ពី​ខ្ញុំ​អី។”
គេ​ឡើង​មក​ភ្ជាប់​ពាក្យ​ជាមួយ​គូ​ដណ្ដឹង​គេ​នៅ​ឆ្នាំ​២០០១ ហើយ​បាន​ស្កាត់​ជួប​ខ្ញុំ​ព្រម​ទាំង​​​បង្ហាញ​រូបថត​ពួក​គេ​ឲ្យ​ខ្ញុំ​មើល​ទៀត។ នារី​នោះ​រៀន​សាលា​ពេទ្យ​នៅ​ភ្នំពេញ​ ជា​កូន​អ្នក​មាន ពួក​គេ​ធ្វើ​ការ​នៅ​ពេទ្យ​ព្រះអង្គ​ឌួង។ ម្ដង​នេះ​ខ្ញុំ​អត់​មាន​អារម្មណ៍​ច្រណែន​អី​បន្តិច​ទៀត​សោះ​ ហើយ​ខ្ញុំ​ជូនពរ​ពួក​គេ ​តែ​អារម្មណ៍​ដែល​នៅ​សល់ ​គឺ​ខ្ញុំ​អាណិត​លុច​ព្រោះ​គេ​ក្រៀមក្រំ​ណាស់​មុន​ពេល​ទៅ​វៀតណាម​វិញ។
រយៈពេល​នោះ​ខ្ញុំ​បើក​បេះដូង​ទទួល​យក​ស្នេហា​ជាមួយ​ភក្ត្រា​ពេញ​ទី ​ហើយ​គិតគូរ​រហូត​ដល់​រឿង​រៀបការ​ និង​ការងារ​ក្រោយ​ពេល​រៀន​ចប់។
ពួក​យើង​កសាង​អនុស្សាវរីយ៍​ជាច្រើន​រហូត​ដល់​ការ​ទាក់​ទង​នោះ​បាន​អាយុ​២ឆ្នាំ​កន្លះ​ទើប​យើង​ដឹង​ថា​យើង​ពិបាក​ក្នុង​ការ​កសាង​អនាគត​រួម​គ្នា។
ក្នុង​ពេល​ជួប​គ្នា​ជា​ចុងក្រោយ គឺ​ខ្ញុំ​ជា​អ្នក​សុំ​បែក​គេ​ ដោយសារ​ខ្ញុំ​ធុញ​នឹង​គេ​ពីរ​បី​ខែ​មក​ហើយ ​គាប់​ជួន​មាន​ឱកាស​ខ្ញុំ​ក៏​សុំ​បែក​គេ​ត្រង់​ៗ​តែ​ម្ដង។ នោះ​គឺ​ពេល​បង​ត្រា​រក​ការងារ​ធ្វើ​អត់​ទាន់​បាន ហើយ​ខ្ញុំ​បាន​ការងារ​នៅ​សាកលវិទ្យាល័យ​មួយ​មុន​គាត់​ក្នុង​នាម​ជា​បុគ្គលិក​ផ្នែក​បេឡា។
-បើ​ណារី​ឯង​ឧស្សាហ៍​ជិះ​ជាមួយ​គេ​ទៀត​ គង់​តែ​មាន​ថ្ងៃ​ត្រូវ​គេ​និយាយ​ទេ! ប្រធាន​ណារី​ឯង​មាន​ប្រពន្ធ​ហើយ! ណារី​ឯង​ប្រយ័ត្ន​គេ​យល់​ច្រឡំ!
ខ្ញុំ​យល់​ពី​អ្វី​ដែល​បង​ត្រា​ចង់​និយាយ តែ​ខ្ញុំ​នៅ​តែ​មានៈ​តស៊ូ​សម្ដី​ ព្រោះ​ធុញ​នឹង​ចរិត​តាមដាន​របស់​គាត់៖
-គ្មាន​អ្នកណា​និយាយ​ទេ​ ហើយ​ក៏​គ្មាន​អ្នកណា​គេ​យល់​ខុស​ដែរ គឺ​មាន​តែ​បង​ត្រា​ឯង​ម្នាក់​គត់! មនុស្ស​ចិត្ត​ចង្អៀត មើល​អី​តែ​ក្នុង​ផ្លូវ​អាក្រក់!
បង​ត្រា​ខំ​អត់ធ្មត់​បន្តិច ទើប​ឆ្លើយ​តប​មក​វិញ៖
-បើ​យើង​មានះ​ដើរ​សួរ​គេ​មើល! វា​សម​ដែរ​សម្រាប់​មនុស្ស​ស្រី​ដែល​ឡើង​ជិះ​ឡាន​ប្រុសៗ​អញ្ចឹង?
ខ្ញុំ​ឆ្លើយតប​វិញ​វឹង៖
-ខ្ញុំ​គ្មាន​ពេល​ទំនេរ​ច្រើន​ដូច​បង​ឯង​ទេ! ខ្ញុំ​មាន​ការ​ធ្វើ! ខ្ញុំ​អត់​មាន​ពេល​ដើរ​សួរ​ ឬ​មួយ​គិត​រឿង​អត់​ប្រយោជន៍​ច្រើន​ម្ល៉ឹង​ទេ!
សម្ដី​ខ្ញុំ​ហាក់​ចង់​មើល​ងាយ​គាត់​ថា​គាត់​អត់​ទាន់​រក​ការងារ​បាន​ធ្វើ។ ខ្ញុំ​មិន​ខ្វល់​ទេ​ថា​ជា​ពាក្យ​បញ្ឆិត​បញ្ឆៀង​ដែល​ធ្វើ​ឲ្យ​គាត់​ខូចចិត្ត។ តាម​ពិត​នោះ​ជា​មុខ​មាត់​របស់​មនុស្ស​ប្រុស។ បើ​គេ​និយាយ​យើង​មិន​ស្ដាប់ ហើយ​យើង​មើលងាយ​សមត្ថភាព​គេ​ទៀត ទោះ​ស្រលាញ់​ខ្ញុំ​ប៉ុណ្ណា​ ក៏​បង​ត្រា​ចាប់​ផ្ដើម​គេច​មុខ​ពី​ខ្ញុំ។ ពី​ដំបូង​ខ្ញុំ​យល់​ថា គាត់​ជា​មនុស្ស​ប្រចណ្ឌ​គ្មាន​បាន​ការ រស់នៅ​ជាមួយគ្នា​ទៅ​រឹតតែ​មាន​បញ្ហា​លើស​ដើម​ ដូចនេះ​ខ្ញុំ​ក៏​មិន​ខ្ចី​រវល់​តាម​ទ្រ​គាត់​ដែរ។ សំខាន់​ខ្ញុំ​ជា​ស្រី​ស្អាត​ដែល​មាន​គេ​តាម​ស្រលាញ់​ច្រើន ខ្ញុំ​យល់​ថា​សង្សារ​មិន​ពិបាក​រក​ទេ​សម្រាប់ ​ពេជ្រ វណ្ណារី។
ទី​បំផុត​យើង​បាន​បែក​ពី​គ្នា​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០០៤។
គឺ​កាល​ហ្នឹង​ខ្ញុំ​បាន​កសាង​ស្នេហា​ជាមួយ​បងប្រុស​មិត្ត​ថ្មី​ម្នាក់​នៅ​កន្លែង​ធ្វើការ​របស់​ខ្ញុំ។ ខ្ញុំ​ស្រលាញ់​គាត់​យ៉ាង​ខ្លាំង​ដោយ​សារ​គាត់​មាន​តួនាទី​គួរសម​ក្នុង​ស្ថាប័ន​រដ្ឋ​ ហើយ​មាន​រូបរាង​ឡូយ​សង្ហា​សម​ជាមួយ​ស្រី​ស្អាត​ដូច​ខ្ញុំ។ គាត់​ឈ្មោះ​បង​ចិត្រ។ គាត់​មិន​សូវ​ចេះ​និយាយ​ច្រើន​ និង​យក​ចិត្ត​ស្រីៗ​ តែ​ខ្ញុំ​ទទួល​យក​បាន​ដោយសារ​គាត់​ជា​បុរស​លេចធ្លោ​ហើយ​មាន​ស្រីៗ​ជា​ច្រើន​បរាជ័យ​ក្នុង​ការ​បាន​បេះដូង​គាត់ ​ដូចនេះ​​ពេល​បាន​គាត់​ជា​សង្សារ​ ខ្ញុំ​យល់​ថា​ខ្លួនឯង​អស្ចារ្យ​ជាងគេ​ណាស់ ​ហើយ​ខ្លាច​បាត់បង់​គាត់​​ជា​​ទីបំផុត ។
ចរិត​ជា​ស្រី​ស្អាត​ដែល​តែង​តែ​មាន​គេ​តាម​ស្រលាញ់ និង​យក​ចិត្ត ត្រូវ​ផ្លាស់ប្ដូរ​ដោយសារ​ខ្ញុំ​ចេះ​យក​ចិត្ត​ថ្លើម​សង្សារ និង​ធ្វើ​ខ្លួន​បើក​ទូលាយ​គួរ​ឲ្យ​ស្រលាញ់​ជាង​ធ្វើ​ជាមួយ​អ្នក​មុន​ៗ។ ខ្ញុំ​តែងតែ​ធ្វើ​ឲ្យ​គាត់​ដឹង​ថា​គាត់​គឺ​ជា​ដង្ហើម​ ជា​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ បើ​គ្មាន​គាត់​ខ្ញុំ​នឹង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​ម៉េច​ទេ។ តែ​ទី​បំផុត​យើង​នៅ​តែ​ត្រូវ​បែក​គ្នា​ ទោះ​បី​ខ្ញុំ​ខំ​ការពារ​អស់​មួយ​ទំហឹង​ក៏ដោយ…..។
នេះ​ជា​សម្ដី​ម្ដាយ​គាត់​ដែល​និយាយ​ជាមួយ​ខ្ញុំ​នៅ​ថ្ងៃ​នោះ…..៖
-ពួក​កូន​ឯង​ទុក​រាប់​គ្នា​ទៅ! បង​ឯង​វា​មិន​សម​នឹង​ឯង​ទេ! ម៉ាក់​អ៊ំ​មើល​កូន​គេ​ទុក​ឲ្យ​យូរ​ហើយ ព្រោះ​ដឹង​ថា​បង​ឯង​វា​មិន​ចេះ​ខុស​ចិត្ត​ម្ដាយ​ទេ! មនុស្ស​គេ​យក​សម្ដី! បើ​ឲ្យ​​ម៉ាក់​អ៊ំ​លេប​សម្ដី​នឹង​គេ ម៉ាក់​អ៊ំ​សុខ​ចិត្ត​អត់​ដកដង្ហើម!
នេះ​ជា​សម្ដី​ដែល​ស្ត្រី​អ្នក​មាន​ អ្នក​ថ្លៃថ្នូរ​នោះ​និយាយ​មក​កាន់​ខ្ញុំ។ ទោះ​បី​គាត់​ពូកែ​និយាយ​ តែ​ខ្ញុំ​នៅ​តែ​ដឹង​ថា តាម​ពិត​ឋានៈ​របស់​ខ្ញុំ​ទេ​ដែល​ជា​បញ្ហា។ គាត់​គ្រាន់​ចង់​ឲ្យ​បង​ចិត្រ​យក​ប្រពន្ធ​អ្នក​មាន​ ដែល​អាច​ឲ្យ​គ្រួសារ​ពឹង​ពាក់​បាន។ ខ្ញុំ​បរាជ័យ​ក្នុង​ការ​យក​ឈ្នះ​គាត់​ ទោះ​បី​ប្អូនស្រី​បង​ចិត្រ​យល់​ចិត្ត​ខ្ញុំ​ នាង​ឈរ​ខាង​ខ្ញុំ​ក៏​គ្មាន​បាន​ការ ​ព្រោះ​ខ្ញុំ​ស្រលាញ់​ប៉ះ​បុរស​ដែល​ដេក​ឱប​ម៉ែ ​ហើយ​គាត់​ធ្វើ​អ្វី​ទាំង​អស់​ដើម្បី​ម្ដាយ​គាត់។
រយៈពេល​នោះ គឺ​ជា​រយៈពេល​ដ៏​ឈឺចាប់​បំផុត​ក្នុង​ជីវិត​ខ្ញុំ។ ពីរ​បី​ឆ្នាំ​កន្លង​មក​ហើយ បេះដូង​ខ្ញុំ​នៅ​តែ​ឈឺ​ ឲ្យ​តែ​ឮ​គេ​និយាយ​ពី​ឈ្មោះ​បង​ចិត្រ។
តាម​រយៈ​ Facebook នៅ​ឆ្នាំ២០០៧ ខ្ញុំ​បាន​សេពគប់​បុរស​អាណិកជន​ម្នាក់​ឈ្មោះ​ពី ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ខ្ញុំ​អាច​បំភ្លេច​បង​ចិត្រ​បាន ​ដូច​កាល​ជាមួយ​​ដឺលុច​ និង​បង​ត្រា​ទេ ប៉ុន្តែ​គឺ​ខ្ញុំ​ធ្វើ​ដើម្បី​ឲ្យ​ខ្លួន​ឯង​អាច​ចាកចេញ​ពី​ភ្នំពេញ និង​ចាកចេញ​ពី​អនុស្សាវរីយ៍​ទាំង​អស់​របស់​ពួក​យើង។ តែ​នៅ​ពេល​ដែល​ខ្ញុំ​សេពគប់​គ្នា​បាន​ជិត​១ឆ្នាំ​ ខ្ញុំ​ទើប​នឹង​ដឹង​ថា​បុរស​នោះ​ធ្លាប់​រៀបការ​ និង​មិនទាន់​លែងលះ​ដាច់ស្រេច​នៅ​អាមេរិក​ ដូច្នេះ​គេ​គ្មាន​អ្វី​អាច​ធានា​ខ្ញុំ​ចេញ​បាន​ ខ្ញុំ​ក៏​បែក​គាត់​ទៀត​។
មក​ដល់​អាយុ​២៦ឆ្នាំ ខ្ញុំ​លែង​ខ្វល់​ចង់​បាន​ស្នេហ៍​ស្មោះ។ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា បើ​ប្រុស​ណា​គ្មាន​ផល​ប្រយោជន៍​ឲ្យ​ខ្ញុំ​ ខ្ញុំ​គ្មាន​ផ្លូវ​ចូល​ទៅ​ជិត​ទេ។ ដូច្នេះ​ហើយ​ខ្ញុំ​ចាប់​ផ្ដើម​ងើយ​មើល​លើ​ ហើយ​មិន​​​ខ្វល់​ថា​ពួក​ម៉ាក​ខ្ញុំ​រៀបការ​អស់​រលីង​ឡើយ។ ខ្ញុំ​លែង​យល់​ថា​ភ្លេងការ​វា​សំខាន់​ទៀត​ហើយ តែ​ខ្ញុំ​ចង់​រក​លុយ​ឲ្យ​​បាន​ច្រើន​ មាន​ផ្ទះ​ផ្ទាល់ខ្លួន ​និង​មាន​រថយន្ត​ទំនើប​ ទើប​ខ្ញុំ​អាច​មាន​សុភមង្គល។ ដូច​ដឹង​ស្រាប់​ហើយ សម្រស់ និង​មន្ត​ស្នេហ៍​របស់​ខ្ញុំ​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខុស​ចិត្ត​ទេ។
ឆ្នាំ​២០០៩ ខ្ញុំ​បាន​យល់​ព្រម​ទទួល​យក​ការ​ទំនុកបម្រុង​របស់​លោក​បញ្ញាវង្ស។ គាត់​ជា​មេធាវី និង​ជា​អ្នក​ជំនួញ​អចលនវត្ថុ​ផង។ គាត់​ជា​អ្នក​មាន​ដែល​អាច​ទិញ​ឲ្យ​ខ្ញុំ​នូវ​កាដូ​ផ្ទះ​សម្រាប់​ការ​ចាប់ផ្ដើម​ជីវិត​មាន​ម្ចាស់​របស់​ខ្ញុំ ហើយ​កាដូ​រថយន្ត​៨ម៉ឺន​ដុល្លារ​សម្រាប់​ថ្ងៃ​កំណើត​២៧ឆ្នាំ​របស់​ខ្ញុំ។ គាត់​មាន​វ័យ​៥៥ឆ្នាំ មាន​កូន​៣នាក់​ដែល​មាន​វ័យ​ប្រហាក់ប្រហែល​នឹង​ខ្ញុំ​ ចំណែក​ភរិយា​របស់​គាត់​ល្បី​ថា​កាច​ជាទី​បំផុត​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​អាច​គេច​ពី​ភ្នែក​ស្ត្រី​នោះ​បាន​ប្រកប​ដោយ​សុវត្ថិភាព។
ខ្ញុំ​រស់នៅ​ជាមួយ​លោក​បញ្ញាវង្ស​បាន​កូន​ប្រុស​ម្នាក់​វ័យ២ឆ្នាំ​កន្លះ។ ជារឿយៗ​យើង​ទៅ​ដល់​កន្លែង​កម្សាន្ត ឬ​ភោជនីយដ្ឋាន​នានា​ដោយ​មិន​ទាន់​បាន​ហូប​ផង​ត្រូវ​គេច​ចេញ​មក​វិញ​ប្រផាប់​ប្រភីង​ ដោយ​សារ​វាក់អើ​នឹង​ក្រុម​គ្រួសារ​គាត់។ សំខាន់​គឺ​ខ្ញុំ​ខ្លាច​កូន​ខ្ញុំ​ហៅ​រក​ឪពុក​គ្មាន​ខាន់ស្លា​របស់​គេ។
ជា​រឿយៗ ម៉ែ​កូន​យើង​ត្រូវ​នៅ​កណ្ដោចកណ្ដែង​ គ្មាន​លោក​បញ្ញាវង្ស​ទេ​ ពិសេស​ពេល​បុណ្យ​ទាន​គឺ​កាន់​តែ​គ្មាន​គាត់​ ព្រោះ​គាត់​មិន​អាច​ឃ្លាត​ពី​គ្រួសារ​គាត់​ឡើយ។ យើង​ដើរ​កម្សាន្ត​ជាមួយ​បង​ប្អូន ហើយ​គ្មាន​អ្នកណា​ហ៊ាន​សួរ​ពី​ឪពុក​របស់​កូន​ខ្ញុំ​ដែរ​ ដោយសារ​ខ្ញុំ​តែង​យក​លេស​ថា​គាត់​ទៅ​បរទេស។ ទំនាក់ទំនង​ខ្ញុំ​ និង​មិត្តភ័ក្ដិ​នានា​ភាគ​ច្រើន ​កាត់​ផ្ដាច់​ដោយសារ​ស្ថានភាព​របស់ខ្ញុំ​ពិបាក​ក្នុង​ការ​ចេញមុខ​ជួប​ពួក​គេ​ណាស់។
កាល​ពី​ដំបូង​ ខ្ញុំ​យល់​ថា​ឲ្យ​តែ​មាន​លុយ គឺ​ខ្ញុំ​មាន​អ្វី​គ្រប់យ៉ាង តែ​ឥឡូវ​មាន​យប់​ខ្លះ​ខ្ញុំ​នឹក​ចង់​បក​ក្រោយ។
ពេល​​មួយ​រើ​សម្ភារៈ​ចាស់ៗ​មក​មើល​លេង​ ខ្ញុំ​ឃើញ​គំនូរ​ដឺលុច​ក្នុង​សៀវភៅ​នោះ។ ខ្ញុំ​លែង​ស្រលាញ់​គេ​យូរ​ហើយ តែ​ហេតុអ្វី​គំនូរ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹកភ្នែក។ តាម​ពិត​ខ្ញុំ​អត់​ស្ដាយ​ក្រោយ​ទេ ព្រោះ​អ្វីៗ​មាន​ដំណាក់​កាល​ប្រែប្រួល​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​មាន​សិទ្ធិ​រិះគន់​យើង​ដែរ។ ដែល​សំខាន់​គឺ​យើង​មាន​ហេតុផល​ផ្សេងៗ​គ្នា​ក្នុង​ការ​តម្រង់​គោលដៅ​អនាគត។
ទឹក​ភ្នែក​ខ្ញុំ​ស្រក់​ ព្រោះ​តែ​ខ្ញុំ​ស្ដាយ​វត្ថុ​ម្យ៉ាង​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​យើង​គ្រប់គ្នា នោះ​គឺ​ស្នេហា​ស្មោះ។ ស្នេហា​ដំបូង​ក្នុង​យុវវ័យ​របស់​យើង​ដែល​គ្មាន​លក្ខខណ្ឌ និង​គ្មាន​ខ្វល់ខ្វាយ​ពី​ផលប្រយោជន៍។ ហេតុអ្វី​ឆាប់​បាត់​បង់? ងាយ​យល់​ទេ ព្រោះ​យើង​នៅ​ក្មេង​ពេក ​ដល់​ថ្នាក់​មិន​ចេះ​ថែរក្សា​វា។ ចុះ​ហេតុអ្វី​ស្នេហា​ក្រោយៗ​មក​ ពេល​យើង​មាន​ប្រាជ្ញា​ចេះ​យល់​ការ​រាក់ជ្រៅ​ហើយ​នៅ​តែ​បាត់បង់​ទៀត? ស្រួល​យល់​ណាស់ នោះ​ព្រោះ​តែ​យើង​លែង​មាន​ចិត្ត​បរិសុទ្ធ​ទៀត​ហើយ គឺ​យើង​មាន​ស្នេហា​ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​មហិច្ឆតា សម្ភារៈ​និយម និង​មុខមាត់។
ជីវិត​មនុស្ស​យើង​ហេតុអ្វី​ក៏​ដើរ​ទៅ​មុខ​លឿន​យ៉ាង​នេះ? និស្សិត​ស្រី​អាហារូបករណ៍​ផ្នែក​ច្បាប់​​ដែល​មាន​និទ្ទេស​ពិន្ទុ​ដ៏​ល្អ​ម្នាក់​ បែរ​ជា​រស់​នៅ​របៀប​ដូច​ខ្ញុំ? តើ​លទ្ធផល​ចុងក្រោយ​នេះ​ បញ្ហា​របស់​លោកមា​របស់​ដឺលុច របស់​បង​ត្រា របស់​ម្ដាយ​បង​ចិត្រ របស់​អាណិកជន​ដែល​កុហក​បោកប្រាស់ ឬ​មួយ​ជា​ការ​ល្មោភ​តណ្ហា​របស់​លោក​បញ្ញាវង្ស….ឬ​មួយ​ជា​បញ្ហា​របស់​ខ្ញុំ​ផ្ទាល់? បើ​សិន​ខ្ញុំ​នៅ​តែ​ជា​ស្រី​ស្អាត​ ស្មោះ​បរិសុទ្ធ​ រៀន​ពូកែ​ដូច​កាល​នៅ​រៀន​ ហើយ​មាន​តែ​ដឺលុច​ក្នុង​បេះដូង តើ​ខ្ញុំ​អាច​មាន​សុភមង្គល​ជាង​សព្វថ្ងៃ​ដែរ​ទេ?
ខ្ញុំ​ស្រក់​ទឹក​ភ្នែក​លាង​អតីតកាល​ខ្លួន​ឯង ហើយ​ខ្ញុំ​បួងសួង​ឲ្យ​ស្រី​ស្អាត​ទាំង​អស់​ក្នុង​ប្រទេស​យើង​អាច​គេច​ផុត​ពី​ស្រមោល​ស្នេហា​របៀប​ខ្ញុំ​នេះ។ ខ្ញុំ​យល់​ថា​បើ​យើង​រើស​សង្សារ​ មិន​មាន​ឋានៈ​ តួនាទី ឬ​​ស្ថានភាព​ស្នេហា​ខុស​ពី​យើង​ខ្លាំង​ពេក ​ក៏​យើង​មិន​សូវ​ជួប​រឿង​បំបែកបំបាក់​ដ៏​ឈឺចាប់​ដូច​ស្នេហា​របស់​ខ្ញុំ និង​បង​ចិត្រ​នោះ​ដែរ ហើយ​បើ​បន្ទាប់​ពី​រឿង​អពមង្គល​មួយ​នោះ​ ខ្ញុំ​ចេះ​ទុក​ឱកាស​ឲ្យ​ខ្លួន​ឯង​សាជាថ្មី​ព្រម​បំភ្លេច​គេ​ ខ្ញុំ​ក៏​ប្រហែល​ជា​មិន​បណ្ដោយ​ខ្លួនឯង​ឲ្យ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អាណិកជន​ត្បាញអាយ​ និង​ក្រញាំ​លោក​បញ្ញាវង្ស​ដែរ។ ប្រការ​ដែល​គួរ​ឲ្យ​ស្ដាយ​បំផុត គឺ​ទម្រាំ​យើង​ដឹង​ពី​អត្ថន័យ​ពិត​នៃ​សុភមង្គល វា​ប្រហែល​ជា​ហួស​ពេល​នឹង​កសាង​វា​ទៅ​ហើយ។ ខ្ញុំ​បាន​ត្រឹម​សម្លឹង​សុភមង្គល​របស់​ស្ត្រី​ជា​ច្រើន​ទៀត​ហើយ​​ច្រណែន​ជោគ​វាសនា​របស់​គេ​​ដែល​មាន​បុរស​ល្អ​ម្នាក់​នៅ​ជាមួយ​គេ​ជានិច្ចកាល។
មនុស្ស​ជា​ច្រើន​ហៅ​វា​ថា​ជា​ព្រហ្មលិខិត តែ​ខ្ញុំ​សូម​ហៅ​វា​ថា​ជា​មេរៀន​សម្រាប់​ស្រី​ស្អាត​ផ្សេង​ទៀត។via: Sabay