ឪពុកម្តាយ ទៅរកស៊ីនៅ ស្រុកសៀម ទុកកូនស្រី ២នាក់ចាំផ្ទះ ត្រូវភ្លើង ឆេះអស់ សង្ស័យមាន អ្នកលួចដុត
ខេត្តបាត់ដំបង៖ ក្មេងស្រី ២នាក់បងប្អូន កំពុងស្រែកទ្រហ៊ោយំ ដោយភាពតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំង ក្រោយពីផ្ទះដ៏កំសត់របស់ពួកនាង ត្រូវព្រះអគ្គីលេបត្របាក់អស់គ្មានសល់ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៩ កក្កដា ២០១៣ នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ គ្រាដែលឪពុកម្តាយរបស់នាង កំពុងស្ថិតនៅឯប្រទេសសៀមដើម្បីប្រឹង ប្រែងរកចំណូលមកដោះស្រាយជីវភាព។
មន្ត្រីមូលដ្ឋានបានរាយការណ៍ថា លំនៅឋាននេះធ្វើពីឈើប្រក់ស័ង្កសីកល់ផុតពីដី មានទំហំ៤គុណ៥ម៉ែត្រ។ មន្ត្រីដដែលនិយាយថា កូនស្រី២នាក់នៅចាំផ្ទះ ម្នាក់ឈ្មោះភាព លក្ខិណា អាយុ១៣ឆ្នាំ និងម្នាក់ទៀតឈ្មោះភាព រចនា អាយុ១០ឆ្នាំ ។ រីឯឪពុកឈ្មោះវើន ភាព អាយុ៣៧ឆ្នាំ និងភរិយាឈ្មោះឆុង ទូច អាយុ៣៦ឆ្នាំ បានទៅធ្វើកម្មករនៅប្រទេសសៀម ដោយទុកកូនស្រីទាំង២នាក់ផ្ញើនឹងឪពុកធំ។
សាក្សីជាច្រើនបាននិយាយថា គ្មានអ្នកភូមិណាម្នាក់បានដឹងពីមូលហេតុពិតដែលនាំឱ្យមាន អគ្គិភ័យនេះទេ តែគេសង្ស័យថា មានជនមិនស្គាល់មុខលួចដុត។ ជុំវិញបញ្ហានេះសមត្ថកិច្ចមូលដ្ឋានមិនទាន់ហ៊ានធ្វើការអះអាង បែបណានៅឡើយទេ ដោយគ្រាន់តែសន្និដ្ឋានបណ្តោះអាសន្នជំហ៊ានដំបូងថា អគ្គិភ័យនេះអាចបណ្តាលមកពីទុស្សេខ្សែភ្លើង។
ចំពោះការពិតបែបណានោះសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវបន្តហើយ ហើយអ្វីដែលចាំបាច់ គឺគ្រួសារនេះកំពុងស្ថិតក្នុងស្ថានភាពត្រូវការជំនួយពីសប្បុរសជន ឬអាជ្ញាធរជាបន្ទាន់ ៕
ប្រភព : កោះសន្តិភាព

