អឿន ស្រីមុំ ថាអត់ខ្លាច អ្នកស្រករ ក្រោយដណ្តើម ការងារទេ
រាជធានីភ្នំពេញ ៖ តារាចម្រៀងសំឡេងរដឺននាង អឿន ស្រីមុំ បន្ទាប់ពីត្រឡប់មកពីច្រៀងនៅអាមេរិកបីខែ ពេលនេះបានចាកចេញជាមួយលោក ព្រាប សុវត្ថិ ទៅអូស្ត្រាលីទៀតហើយ ។ មកដល់កម្ពុជាភ្លាម នាងអឿន ស្រីមុំ ចូលរួមសម្តែងខារ៉ាអូខេឱ្យផលិតកម្មបុប្ផា ដែលជាផលិតកម្មល្បីឈ្មោះមួយនៅក្រៅប្រទេស កាលពីថ្ងៃទី១៦ កក្កដា ២០១៣ ។
នាឱកាសនោះ នាងអឿន ស្រីមុំ ត្រូវគេចាត់ចែងឱ្យឡើងសម្តែងបទផ្ទាល់ខ្លួន ក្នុងនោះមានទាំងបទចាប់គូ ជាមួយលោក ឯក ស៊ីដេ ផងដែរជាមួយការបង្ហាញម៉ូដ សម្លៀកបំពាក់យ៉ាងស្រស់សោភា ។ នាងអឿន ស្រីមុំ ពេលអ្នកកាសែតសុំថតរូបទទួល សំណើដោយឈរអេនអន និងញញឹមស្រស់ស្រាយឱ្យថត ខុសពីមុនតែងតែគេចកាមេរ៉ា ព្រោះតែហ៊ុមព័ទ្ធរឿងរ៉ាវផ្ទាល់ខ្លួនមិនចេះចប់ ។
ចង់ដឹងពីការងារសម្តែងនៅអាមេរិក និងឱកាសក្តោបយកភាព ជោគជ័យម្តងទៀត នៅអូស្ត្រាលីជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នោះ នាង អឿន ស្រីមុំ បានបកស្រាយជូនមហាជនតាមរយៈកោះសន្តិភាពថា នាងមានក្តីនឹករលឹកជាពន់ពេកនៅពេល ដែលបែកពីវេទិកាចម្រៀងនៅក្នុងស្រុកមួួយរយៈ ទៅសម្តែងនៅក្រៅប្រទេស ព្រោះតែមានបងប្អូនខ្មែរនៅទីនោះសំណូមពរ ចង់ឃើញការសម្តែងរបស់នាងច្រើន ពេកឆ្លងពីប្រទេសមួយទៅប្រទេសមួយ ។
តារាចម្រៀងដែលអះអាងថា លែងទៅណាចោលស្រុកខ្មែរ ដើម្បីបន្តមាគា៌ជាអ្នកចម្រៀងសម្តែងជូនអ្នកគាំទ្រ រហូតនោះបានបញ្ជាក់ទៀតថា នាងទៅអូស្ត្រាលីជាមួយលោក ព្រាប សុវត្ថិ និងកញ្ញា សុភ័ក្រ កុសុមៈ នៅថ្ងៃទី១៨ កក្កដា ២០១៣ ។ ពួកនាងសម្តែងនៅដែនកោះដ៏ជឿន លឿននោះរយៈពេល១ខែកន្លះព្រោះ ម្នាក់ៗជាប់រវល់នៅចុងឆ្នាំនេះក្នុងស្រុកដូចគ្នា ។ ម៉្យាងទៀត នាងនឹកអ្នកទស្សនានៅស្រុកខ្មែរណាស់ ទើបពេលបញ្ចប់ការសម្តែងនៅអូស្ត្រាលីអត់ ទទួលការងារចេញទៅក្រៅប្រទេសទៀតទេ នៅប្រឡូកអាជីពសិល្បៈឱ្យពេញទំហឹង ។
នៅពេលសួរថា តើមានការបារម្ភខ្លះទេដែលបាត់មុខយូរ ព្រោះតារាសិល្បៈទោះល្បីឈ្មោះក្តី តែមិនប្រាកដថា អាចក្តោបឱកាសកើបការងារដូចមុនទេ ព្រោះតារារះថ្មីឆក់យកច្រើនស្ទើរតែទាំងស្រុងនោះ ស្រីមុំឆ្លើយថា «អត់អីទេ ខ្ញុំបែបបុរាណអុីចឹងគ្មានអ្នកណាគេដណ្តើមទេ គ្មានប៉ះពាល់អីទេ ។ ឱ្យតែតារាយើងគាត់មានការងារធ្វើគ្រប់គ្នា នោះនាងខ្ញុំសប្បាយចិត្តច្រើនជាង ព្រោះបើកាលណាសិល្បៈឈានឡើង អ្នកប្រឡូកអាជីពនេះក៏មានបានដែរ ។ ម៉្យាងនាងខ្ញុំសង្កេតឃើញការ ប្រគំបន្ត្រីនៅតាមទូរទស្សន៍ នីមួយៗមានភាពរីកចម្រើនកែទម្រង់ច្រើន ទើបធ្វើឱ្យនាងខ្ញុំមានទឹកចិត្តពុះពារ ជាមួយសិល្បៈឡើងវិញ» ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព