ក្អយ ជាប់ពន្ធនាគារ ៣ឆ្នាំកន្លះ ខណៈឮថាសុំ ចរចាក្រៅផ្លូវច្បាប់ ជាមួយដើមបណ្ដឹង
តាមប្រភពព័ត៌មាន ពីមន្ត្រីបម្រើការងារ នៅសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា រឿងក្តី របស់អតីតតារាកំប្លែង នាង ក្អយ ត្រូវបានតុលាការ ប្រកាសសាលក្រមកំបាំងមុខ កាលពីពាក់កណ្តាលខែកក្កដា កន្លងទៅនេះ ដោយតុលាការកាត់ទោស ឲ្យនាងជាប់ពន្ធនាគារ ៣ឆ្នាំកន្លះ។ ចំណែក លោក លីវ រ៉ាម៉ូ ដែលគេស្គាល់ច្បាស់ថា ជាប្តីរបស់នាងត្រូវ ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទឃុបឃិតគ្នា ជួលរថយន្តគេ សរុបជាង១០គ្រឿងថា យកទៅប្រើប្រាស់ផ្ទាល់ខ្លួន និងដឹកសម្ភារៈគ្រឿងសម្អាង តែពួកគេបែរ ជាយករថយន្តនោះ ទៅលក់ យកលុយទៅ លេងល្បែងទៅវិញ។
ដោយឡែកប្រភពក្រៅផ្លូវការមួយ បានបង្ហើបឲ្យដឹងថា ក្នុងរយៈពេលជិត៣ឆ្នាំ ដែលនាងបាត់ខ្លួន ដោយសារតែ ម្ចាស់រថយន្តជាច្រើន គ្រឿងបានប្តឹង ជាបន្តបន្ទាប់នោះ គឺដោយសារតែនាងសម្ងំ រកប្រាក់ដើម្បី ដោះបំណុល ពោលគឺខំរកលុយ សងម្ចាស់រថយន្ត ដែលនាងបានបោកប្រាស់ គេឆៅៗយកទៅលក់ ។ មិនតែប៉ុណ្ណោះ មុនតុលាការកាត់ ទោសកំបាំងមុខ នាង បានព្យាយាមទាក់ទង ទៅម្ចាស់បំណុល និងដើមបណ្តឹងនានា ដើម្បីសុំចរចាគ្នា ក្រៅប្រព័ន្ធតុលាការ។
ប្រភពក្រៅផ្លូវការ បានបង្ហើបប្រាប់ ឲ្យដឹងបន្ថែមទៀតថា បន្ទាប់ពីមានពាក្យបណ្តឹង បន្តបន្ទាប់ ពីម្ចាស់រថយន្តប្តឹងទាមទាររថយន្ត ដែលនាងជួលមកជិះ និងសំណងជំងឺ ចិត្តមួយចំនួន រួចគេឃើញយីអ៊ុន របស់នាងធ្លាក់ចុះខ្លាំង ដោយខិតខំ ធ្វើការទាំងថ្ងៃទាំងយប់ រកប្រាក់មក សងបំណុលគេ មិនហ៊ានសម្រាកទេ ដោយសារតែនាង ចង់ឲ្យខាងម្ចាស់ រថយន្តដកពាក្យ បណ្តឹងហើយចរចា ជាមួយនាងក្រៅប្រព័ន្ធ តុលាការ ។ រហូតមកដល់ពេលនេះ គេមិនទាន់ឃើញ អតីតតារាកំប្លែង នាងក្អយ សងប្រាក់ទៅម្ចាស់បំណុល បានគ្រប់ចំនួន ណាមួយនៅឡើយទេ ពោលគឺលេចឮ ត្រឹមតែជា ពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។
រហូតមកដល់ពេលនេះ ខាងម្ចាស់រថយន្ត ក៏បានទទួល យុត្តិធម៌ខ្លះៗ ដោយតុលាការ បានកាត់ទោសជនជាប់ចោទ និងឲ្យនាងសងសំណង ទៅដល់ដើមបណ្ដឹង ទាំងអស់នោះ ថែមទៀតផង។ ទោះជាយ៉ាងណា ការសម្រេចក្ដី ឲ្យនាង ជួន ច័ន្ទរតនា ជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំកន្លះនេះ គឺគ្រាន់តែតុលាការ ជំនុំជំរះលើសំណុំ រឿងឆបោក និងចេញមូលប្បទានប័ត្រ អត់សាច់ប្រាក់ចំនួន២ ពាក្យបណ្ដឹងតែប៉ុណ្ណោះ ពោលគឺនៅសល់ករណី ឆបោកជាច្រើនទៀត ដែលនាងបានប្រព្រឹត្ត ដែលតុលាការ នឹងត្រូវលើក យកមកប្រកាស នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះទៀត៕
ដោយៈLooking TODAY