ម៉ោង​១២​អធ្រាត្រ​ នៅ​សង្កាត់​លេខ​១ (ភាគទី១០)

7/19/2013 0 Comments A+ a-

ភាគទី១០
ភីណា​ងក់​ក្បាល​ផ្ងក់ៗ​ដោយ​បើក​ភ្នែក​គ្រលួង​បង្ហាញ​ភាព​ស្មោះត្រង់។ នេត្រ​ឃើញ​ហើយក៏​​បន្លឺ​សួរ​បន្ត៖
-អញ្ចឹង​ឯង​អត់​ឆ្ងល់​ទេ​ថា​ម៉េច​បាន​ម្ចាស់​ផ្ទះ​មុន ​គេ​ទុក​ផ្ទះ​នេះ​ចោល​យូរ​ឆ្នាំ​មក​ហើយ?
ភីណា​រឹតតែ​ងីងើ​ជាង​មុន នាង​តប​វិញ​ដោយ​មិន​ដឹង​រឿង​អ្វី​ទាំង​អស់៖
-ខ្ញុំ​មិន​ដឹង​រឿង​អី​ទេ! ផ្ទះ​នេះ​គឺ​បង​ប្រុស​ទាក់ទង​តាម​ក្រុមហ៊ុន​ទិញ​លក់​ទេ​តើ! ​ឃើញ​វា​ធំ​ហើយ​បរិយាកាស​គ្រាន់​បើ​ណាស់ ក៏​ពេញចិត្ត​ទាំងអស់​គ្នា​​ទៅ ឯ​ក្រុម​ហ៊ុន​ទិញ​លក់​ក៏​គេ​មិន​បាន​រំលឹក​ថា​ផ្ទះ​នេះ​ម្ចាស់​មុន​គេ​ទើប​តែ​រើ​ចេញ ​ឬ​ក៏​ទុក​ចោល​យូរ​ឆ្នាំ​ហើយ ឬ​យ៉ាង​ណា​នោះ​ដែរ​នេត្រ! ក្រោយ​មក​នេះ​ខ្ញុំ​ឮ​គេ​ខ្លះ​និយាយ​បន្លាច​ពី​រឿង​ដែល​ថា​ផ្ទះ​ថ្មី​ខ្ញុំ​នេះ​​មាន​ខ្មោច ​ដំបូង​ខ្ញុំ​អត់​ចង់​ខ្វល់​ទេ តែ​ដល់​ឮ​គេ​និយាយ​ច្រើន​គ្នា​ពេក ចង់​​ភ្ញាក់ផ្អើល​ដែរ! ប៉ុន្តែ​ខ្ញុំ​រើ​មក​នៅ​ជាង​មួយ​ខែ​ហើយ! មិន​ដែល​ឃើញ​អី​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន!
នេត្រ​ដើរ​មក​អង្គុយ​ក្បែរ​ភីណា នាង​នៅ​ស្ងៀម​សម្លឹង​មុខ​ភីណា​បន្តិច ទើប​ហើប​មាត់​ពោល​មួយ​ៗ៖
-ភីណា! ឯង​ជឿ​ខ្ញុំ​ហើយ​ត្រៀម​ខ្លួន​ទប់​ទល់​ជា​មួយ​ការ​ពិត​ចុះ ខ្ញុំ​មិន​កុហក​ឯង​ទេ ខ្ញុំ​ត្រូវ​តែ​ប្រាប់​ឯង​ដោយ​ត្រង់​គ្មាន​លាក់លៀម​ថា​ផ្ទះ​ឯង​មាន​ខ្មោច​ពិត​មែន!
ភីណា​នៅ​ស្ងៀម​មិន​មាន​ចេញ​ស្ដី​ថា​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​នាង​កំពុង​រិះ​គិត​ដោយ​សង្ស័យ​ក្នុង​ចិត្ត​រួច​ស្រេច​ទៅ​ហើយ កន្លង​មក​នេះ​ក្នុង​ផ្ទះ​ក៏​មាន​រឿង​មិន​ប្រក្រតី​ច្រើន​ណាស់​ដែរ លុះ​ដល់​មក​ឮ​នេត្រ​និយាយ​រឿង​បែប​នេះ​ទៀត ភីណា​កាន់​តែ​ច្របូកច្របល់​ដោយ​ក្ដី​ខ្វល់ខ្វាយ​ ប៉ុន្តែ​នាង​នៅ​ព្យាយាម​ពោល​បដិសេធ៖
-ឯង​ថា​ឲ្យ​ខ្ញុំ​ជឿ ប៉ុន្តែ​ជឿ​ក៏​ត្រូវ​មាន​ហេតុផល​ច្បាស់លាស់​បន្តិច​ដែរ​ ផ្ទះ​មនុស្ស​នៅ​យ៉ាង​អញ្ចឹង​ម៉េច​ក៏​បែរ​ជា​មាន​ខ្មោច​ទៅ​កើត?
នេត្រ​ហើប​មាត់​តប​វិញ​ភ្លាម៖
-ផ្ទះ​របស់​ឯង​ធ្លាប់​មាន​មនុស្ស​ស្លាប់!
ពាក្យ​សម្ដី​មួយ​ឃ្លា​ចុង​ក្រោយ​នេះ ហាក់​ដូច​ជា​មាន​ប្រសិទ្ធភាព​សម្បើម​ណាស់ បណ្ដាល​ឲ្យ​នាង​ក្រមុំ​ភីណា​ងាក​មក​សម្លឹង​គូ​សន្ទនា​ថ្មែ​មិន​ដាក់​ភ្នែក នាង​នៅ​ធ្មឹង​ស្ងៀម​អស់​មួយ​ខណៈ ទើប​ពោល​ឡើង​មួយៗ៖
-មែន? ឯង​ដឹង​រឿង​អី​ខ្លះ​ពី​ផ្ទះ​ខ្ញុំ​ឆាប់​និយាយ​ទៅ!?
ក្រមុំ​និស្សិត​ឈ្ងោក​មុខ​តប​មួយៗ​វិញ ដោយ​ប្រាកដប្រជា​ថា៖
-រឿង​នេះ​ខ្ញុំ​ឮ​តាំងតែ​ពី​បួន​ឆ្នាំ​មុន​មក​ម្ល៉េះ! គឺ​មីង​សាន​ជា​អ្នក​និយាយ​ប្រាប់!
ភីណា​លាន់​មាត់​សួរ​វិញ​យ៉ាង​រហ័ស៖
-ឯង​ឮ​យ៉ាង​ម៉េច​ខ្លះ? រួច​ចុះ…មីង​…មីង​សាន​ជា​អ្នក​ណា?
នេត្រ​សម្លឹង​មុខ​ភីណា​បន្តិច​ទើប​ដាក់​ភ្នែក​ចុះ មាត់​ឆ្លើយ​តប​វិញ៖
-មីង​សាន​ជា​អ្នក​បម្រើ​ជំនិត​របស់​គ្រួសារ​ខ្ញុំ តាំងតែ​ពី​តូច​មក​ម្ល៉េះ! ឥឡូវ​នេះ មីង​សាន​ស្លាប់​បាត់​ទៅ​ហើយ!
ទោះ​យ៉ាង​ណា​ក៏​ឆ្លង​កាត់​សភាព​បែប​នេះ ភីណា​រឹតតែ​យល់​ថា​នេត្រ​មិន​មែន​និយាយ​កុហក​ខ្លួន​តាម​តែ​ចិត្ត​នឹក​ឃើញ​នោះ​ទេ នាង​នៅ​ស្ងៀម​សញ្ជឹង​គិត​បន្តិច​ទើប​ពោល​សួរ​បន្ត៖
-មីង​សាន​កាល​ពី​នៅ​រស់ និយាយ​ប្រាប់​ឯង​ថា​ម៉េច​ខ្លះ?
នេត្រ​សម្លឹង​មុខ​ភីណា​បន្តិច ទើប​ហើប​មាត់​វាចា​តប៖
-នោះ​គឺ​ជា​រឿង​ពិត បើ​មិន​និយាយ​ប្រាប់​ឯង​ក៏​មិន​​កើត​ដែរ! ផ្ទះ​ឯង​នោះ​កាល​ពី​បួន​ឆ្នាំ​មុន​ម្ចាស់​ផ្ទះ​ជា​សេដ្ឋី​ល្បី​ម្នាក់​គឺ​លោក​ឌីណូ ប្រពន្ធ​គាត់​ក៏​ស្អាត​មិនចាញ់​បង​ថ្លៃ​ឯង​ទេ! នាង​ធ្លាប់​ជា​អតីត​អ្នកចម្រៀង ឯង​ស្គាល់​អត់​គឺ​ឈ្មោះ​អមរា តែ​ពេល​បាន​ក្លាយ​ជា​សេដ្ឋិនី​ ល្បី​ថា​គាត់​ក្លាយ​ជា​មនុស្ស​ចិត្ត​អាក្រក់ កំណាញ់​ដាក់​បាវព្រាវ​ ​អ្នក​ជិត​ខាង​ភូមិ​ផង​របង​ជា​មួយ អ្នក​ណា​ក៏​​រិះ​គន់​ដែរ!
ភីណា​ដូច​ជា​ជក់​ចិត្ត​ជា​មួយ​រឿង​ចម្លែក​ដែល​ខ្លួន​មិន​ធ្លាប់​ឮ​នេះ​ណាស់ នាង​បន្លឺ​សួរ​បន្ថែម​ភ្លាម៖
-បន្ទាប់​មក​យ៉ាង​ម៉េច​ទៀត?
នេត្រ​ពោល​បន្ត​ដោយ​ទឹក​មុខ​ស្ងៀមស្ងាត់ ​ហាក់​ដូច​ជា​កំពុង​លង់​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ដំណើរ​រឿង៖
-ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​គ្មាន​កូន​មួយ​នឹង​គេ​ទេ តាម​ដែល​ឮ​មីង​សាន​​ប្រាប់​គឺ​ថា​កាល​ណោះ​ប្ដី​ប្រពន្ធ​នេះ​មិន​សូវ​ល្អ​នឹង​គ្នា​ដូច​គ្រួសារ​គេ​ដទៃ​ផង ​ព្រោះ​​ប្រពន្ធ​ឧស្សាហ៍​រក​រឿង​ប្រចណ្ឌ​ប្ដី​គាត់​​ខុស​ទំនង​សូម្បី​តែ​អ្នក​បម្រើ​ក្មេងៗ​ក្នុង​ផ្ទះ ក៏​ឧស្សាហ៍​ត្រូវ​គាត់​ធ្វើ​បាប​ព្រោះ​តែ​ការ​ប្រចណ្ឌ​​ដែរ។ ឯ​លោក​សេដ្ឋី​ប្ដី​គាត់​នោះ​វិញ​ក៏​ជា​មនុស្ស​ខិលខូច​ទៀត ព្រោះ​តែ​អញ្ចឹង​ហើយ​ទើប​មាន​រឿង​ធំ​ផ្ទុះ​ឡើង។
ភីណា​នៅ​ស្ងៀម​សម្ងំ​ស្ដាប់ នាង​មិន​ដឹង​ថា​រឿង​ធំ​ដែល​នារី​និស្សិត​ចង់​រំលឹក​នៅ​ពេល​នេះ​គឺ​ជា​រឿង​អ្វី​ទេ ប៉ុន្តែ​នាង​យល់​ថា​មុខ​តែ​មាន​ទាក់​ទង​ដល់​រឿង​ “មនុស្ស​ស្លាប់” រឿង”ខ្មោច​លង” ដែល​នេត្រ​បាន​រំលឹក​ឡើង​កាល​ពី​ដំបូង​នោះ​មិន​ខាន​ទេ។ ទោះ​យល់​ឃើញ​យ៉ាង​នេះ​ក្ដី​ ក៏​តរុណី​នៅ​សម្ងំ​ស្ងៀម​ចាំ​ស្ដាប់​នេត្រ​រៀបរាប់​ដែរ ភ្លាម​នោះ​នេត្រ​រៀបរាប់​បន្ត៖
-តាម​ដែល​គ្នា​នៅ​ចាំ​ពាក្យ​ដែល​មីង​សាន​រៀបរាប់​ប្រាប់​គឺ​កាល​ណោះ​ក្នុង​ផ្ទះ​នោះ​មាន​អ្នក​បម្រើ​ក្រមុំ​ម្នាក់​ឈ្មោះ​នាង​ កែវ នាង​មាន​រួប​រាង​ស្រស់​ស្អាត​តាម​បែប​ក្រមុំ​ស្រុកស្រែ ​ព្រោះ​តែ​យ៉ាង​នេះ​ហើយ​ទើប​នាង​ឧស្សាហ៍​ត្រូវ​លោកស្រី​សេដ្ឋិនី​​ម្ចាស់​​ផ្ទះ​ស្អប់​នាង​កែវ​ជាង​អ្នក​បម្រើ​ផ្សេងៗ​ទៀត។ គាត់​ប្រើ​ឲ្យ​ធ្វើ​ការងារ​ជា​ទម្ងន់​គ្មាន​ទំនេរ ជេរ​ស្ដី​បន្ទោស​ព្រឹក​ល្ងាច ជួន​មាន​ទាំង​បង្អត់​បាយ​ទឹក។ ដោយសារ​នាង​កែវ​ជា​ក្មេង​កំព្រា​គ្មាន​ទី​ពឹង​ពាក់ ម្ល៉ោះ​ហើយ​ដោយ​មីង​សាន​កាល​ណោះ​នៅ​ផ្ទះ​ជាប់​អញ្ចឹង​គាត់​មាន​និយាយ​ស្ដី​ទៅ​មក​ច្រើន​ដង​ជា​មួយ​នាង​កែវ អញ្ចឹង​ហើយ​រឿង​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​នាង​កែវ​និយាយ​ប្រាប់​មីង​សាន​ទាំង​អស់។ ​ក្រោយ​មក​សេដ្ឋី​នោះ​មាន​គំនិត​អាក្រក់​ចង់​​ធ្វើ​បាប​រួប​កាយ​នាង​កែវ គឺ​យប់​នោះ​ដែរ​ហើយ​ដែល​មីង​សាន​ប្រាប់​ថា​គាត់​បាន​ឃើញ​ផ្ទាល់​ភ្នែក​ថា​នាង​កែវ​ស្លាប់។
ម្ដង​ណេះ ​ភីណា​លែង​សម្ងំ​ស្ងៀម​ទៀត​ហើយ នាង​ក្រមុំ​ងើប​មុខ​សួរ​ទៅ​កាន់​គូ​សន្ទនា​ភ្លាម៖
-នាង​កែវ​ស្លាប់​អ្ហេស៎? ហេតុ​អ្វី? អ្នក​ណា​សម្លាប់​នាង? ហើយ ហើយ​ម៉េច​ក៏! មីង​សាន​របស់​ឯង​គាត់​ដឹង​រឿង​នោះ?
នេត្រ​ប្រកាន់​អាកប្បកិរិយា​ដដែល​តប​បន្ត​ទៅ​វិញ៖
-បន្ទប់​ចង្ក្រាន​របស់​ឯង​ខាង​ក្រោម​នោះ គឺ​វា​ទល់​មុខ​នឹង​បន្ទប់​បណ្ណាល័យ​ផ្ទះ​ខ្ញុំ ប៉ុន្តែ​ដោយ​បណ្ណាល័យ​ខ្ញុំ​នៅ​ជាន់​លើ​ខ្ពស់​ជាង​បន្ទប់​ឯង ម្ល៉ោះ​ហើយ​កាល​មីង​សាន​ចូល​រៀបចំ​ក្នុង​បណ្ណាល័យ ចៃដន្យ​គាត់​បាន​ប្រទះ​ឃើញ​យ៉ាង​ច្បាស់​នូវ​ហេតុការណ៍​ទាំង​ប៉ុន្មាន​ក្នុង​ផ្ទះ​បាយ​ឯង​គ្មាន​ចន្លោះ​ទេ!
នាង​ក្រមុំ​ភីណា​ព្យាយាម​សាកល្បង​ត្រិះរិះ​សម្ដី​ក្រមុំ​ម្ចាស់​ផ្ទះ​រួប​នេះ ប៉ុន្តែ​ភ្លាម​នោះ​នេត្រ​ស្រាប់​តែ​ស្ទុះ​ក្រោក​អូស​ដៃ​ភីណា​ចេញ​ពី​បន្ទប់​ទាំង​មាត់​ពោល​ញាប់​ស្មេរ៖
-ខ្ញុំ​នាំ​ឯង​ទៅ​មើល​ផ្ទាល់​ភ្នែក​ចុះ!
ភីណា​មិន​ទាន់​ហើប​មាត់​ឆ្លើយ​យ៉ាងណា​ផង ក៏​ត្រូវ​នេត្រ​អូស​ដៃ​ចេញ​ពី​បន្ទប់​តម្រង់​ទៅ​បន្ទប់​មួយ​ផ្សេង​នៅ​ជ្រុង​ខាង​លិច។ ចូល​ដល់​ខាង​ក្នុង​បន្ទប់​ភ្លាម​កាលណា​ភីណា​ប្រទះ​ឃើញ​សៀវភៅ​ច្រើន​រយ​ក្បាល​រៀបចំ​ដោយ​របៀប​រៀបរយ​ត្រឹមត្រូវ​ពេញ​ក្នុង​ផ្ទៃ​បន្ទប់ នាង​ដឹង​ថា​នេះ​គឺ​ជា​បន្ទប់​បណ្ណាល័យ​ដែល​នេត្រ​ក្រមុំ​ម្ចាស់​ផ្ទះ​ទើប​តែ​រំលឹក​អម្បាញ់មិញ​នោះ​ហើយ។ នៅ​ឯ​ជញ្ជាំង​ខាង​លិច​មាន​កូន​បង្អួច​មួយ​ ដែល​តាម​រយៈ​កូន​បង្អួច​នោះ ពិត​ជា​អាច​សម្លឹង​ទៅ​ឃើញ​ផ្ទះ​បាយ​របស់​ភីណា យ៉ាង​ច្បាស់​ដូច​សម្ដី​នេត្រ​រៀបរាប់​មែន។
ភីណា​ឈរ​ក្បែរ​កូន​បង្អួច​សម្លឹង​ទៅ​កាន់​ផ្ទះ​បាយ​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ជាន់​ខាង​ក្រោម សំឡេង​នាង​ក្រមុំ​និស្សិត​បន្លឺ​សាជាថ្មី​ក្បែរ​ត្រចៀក៖
-កាល​ណោះ​មីង​សាន​ឈរ​បិទ​បង្អួច​នៅ​ត្រង់​នោះ ម៉្លោះ​ហើយ​ហេតុការណ៍​ទាំង​ប៉ុន្មាន​ក្នុង​បន្ទប់​បាយ​ឯង​ត្រូវ​គាត់​មើល​ឃើញ​អស់​គ្មាន​សល់​ទេ។
ភីណា​ងាក​មក​រក​នារី​និស្សិត ដោយ​បន្លឺ​សួរ​វិញ​យ៉ាង​រហ័ស៖
-ចង់…ចង់​និយាយ​ថា​នាង​អ្នក​បម្រើ​គឺ​ស្លាប់​ក្នុង​បន្ទប់​បាយ​ផ្ទះ​ខ្ញុំ តើ​មែន​ទេ?
នាង​នេត្រ​ងក់​ក្បាល​ផ្ងក់ៗ ដោយ​ផ្ដោត​អារម្មណ៍​សម្លឹង​ចុះ​ទៅ​កាន់​បន្ទប់​បាយ​គេហដ្ឋាន​ដែល​នៅ​ជាប់​របង​ខ្លួន នាង​ពោល​តប៖
-កន្លង​ទៅ​ប្រមាណ​ជិត​បួន​ឆ្នាំ​ដែល​មីង​សាន​រៀបរាប់​រឿង​នោះ​ប្រាប់​ខ្ញុំ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ពាក្យ​សម្ដី​ប្រកប​ដោយ​ក្ដី​តក់ស្លុត​របស់​គាត់​នៅ​តែ​ចង​ចាំ​ជាប់​ជា​និច្ច! យប់​នោះ​ផ្ទះ​ខ្ញុំ​គ្មាន​អ្នក​ណា​នៅ​ទេ អ្នក​បម្រើ​សុំ​ច្បាប់​ទៅ​ស្រុក សូហ្វ័រ​ឡាន ​និង​ប៉ា​ចេញ​ទៅ​មិន​ទាន់​ត្រឡប់​មក​វិញ​នៅ​ឡើយ ក្នុង​ផ្ទះ​មាន​តែ​មីង​សាន​ហើយ​ និង​ខ្ញុំ​ប៉ុណ្ណោះ ឯ​សំណាង​វា​នៅ​តូច​ជាង​នេះ​ឆ្ងាយ​ណាស់ ដេក​លក់​តាំង​ពី​ព្រលប់​ម្ល៉េះ ប៉ុន្តែ​ខ្ញុំ​មាន​ទម្លាប់​នៅ​អង្គុយ​រៀន​ម្នាក់​ឯង​ដល់​យប់​ជ្រៅ ជួន​កាល​ដល់​រំលង​អធ្រាត្រ​ផង​ក៏​មាន​ដែរ យប់​នោះ​ខ្ញុំ​នៅ​ទន្ទេញ​មេរៀន​បណ្ដើរ​ស្ដាប់​វិទ្យុ​បណ្ដើរ ដោយ​គ្មាន​ចិត្ត​នឹក​ព្រួយ​បារម្ភ​ពី​រឿង​អ្វី​ទាំង​អស់ ស្រាប់តែ​មិន​យូរ​​ប៉ុន្មាន​ខ្ញុំ​បាន​ឮ​សូរ​សំឡេង​មីង​សាន​គាត់​គោះ​ទ្វារ​បន្ទប់​ហៅ​រក​ខ្ញុំ​យ៉ាង​ញាប់​ដូច​ជា​មាន​អាការ​ភ័យ​រន្ធត់​ភ្ញាក់ផ្អើល​ស្លន់ស្លោ​សម្បើម​ណាស់ កាល​ណោះ​ខ្ញុំ​ក៏​នឹក​ភ្លាម​ថា ផ្ទះ​ខ្លួន​គ្មាន​អ្នក​ណា​នៅ​ទេ ខ្ញុំ​ក៏​តក់​ស្លុត​ក្នុង​ចិត្ត​ដែរ​ ដោយ​ស្ទុះ​ភ្លាម​ទៅ​បើក​ទ្វារ​ឲ្យ​មីង​សាន​ ណា​មួយ​មាន​ទាំង​ពោល​សួរ​យ៉ាង​ញាប់​ទៅ​កាន់​គាត់​ថា​ មាន​រឿង​អ្វី​ផង! ភ្លាម​នេះ​មីង​សាន​ចូល​មក​ដល់​ក្នុង​បន្ទប់​ភ្លាម​ក៏​និយាយ​ប្រាប់​ខ្ញុំ​ដោយ​ទឹក​មុខ​ស្លេកស្លាំង​ភ្លាម​ដែរ​ថា “នាង​តូច​នេត្រ! ខ្ញុំ​ឃើញ…ខ្ញុំ​ឃើញ…នាង​កែវ…នាង​កែវ​ស្លាប់​ណា៎!” កាល​ណោះ​ខ្ញុំ​នៅ​ក្មេង​ស្រាប់​ផង ខ្ញុំ​ភ្ញាក់ផ្អើល​ហើយ​រន្ធត់​ចិត្ត​ឆាប់​ណាស់ ខ្ញុំ​ក្រោក​ពី​កៅអី​ស្ទុះ​ចេញ​ទៅ​មើល​តាម​ដែល​មីង​សាន​អូស​ដៃ គាត់​អូស​ដៃ​ខ្ញុំ​មក​ដល់​បន្ទប់​បណ្ណាល័យ​រួច​នាំ​ខ្ញុំ​ឲ្យ​បង្ហើប​បង្អួច​តិចៗ​សម្លឹង​មើល​ចុះ​ទៅ​កាន់​បន្ទប់​បាយ​របស់​ផ្ទះ​ឯង។
ភីណា​លាន់​មាត់​សួរ​ភ្លាម​ក្នុង​ពេល​នោះ៖
-កាល​ណោះ​ឯង​ប្រទះ​ឃើញ​អ្វី​ខ្លះ?
នេត្រ​នៅ​លេប​ទឹក​មាត់​បន្តិច​ ទើប​ឆ្លើយ​តប​វិញ៖
-អត់​ទេ! ទ្វារ​បង្អួច​បន្ទប់​បាយ​ឯង​ត្រូវ​បាន​បិទ​ជិត​ឈឹង​ទៅ​ហើយ ខាង​ក្នុង​នោះ​មាន​អ្វី​ខ្លះ​ក៏​ខ្ញុំ​មិន​អាច​មើល​ដឹង​ដែរ​ ប៉ុន្តែ​ភីណា​សម្លឹង​មុខ​
នេត្រ​ដោយ​មិន​អស់​ចិត្ត នាង​ពោល​សួរ​ភ្លាម​យ៉ាង​រហ័ស៖
-ប៉ុន្តែ​យ៉ាង​ម៉េច?
ក្រមុំ​ម្ចាស់​ផ្ទះ​បន្លឺ​មួយៗ​ដោយ​ភ្នែក​នៅ​តែ​ផ្ដោត​សម្លឹង​ទៅ​កាន់​បន្ទប់​បាយ​ផ្ទះ​ភីណា៖
-ប៉ុន្តែ​ទោះ​ជា​យប់​នោះ​បង្អួច​នៃ​បន្ទប់​បាយ​ឯង​ត្រូវ​គេ​បិទ​ជិត​ឈឹង​ក៏​ដោយ ខ្ញុំ​នៅ​មើល​ឃើញ​ថា​ភ្លើង​ក្នុង​បន្ទប់​នោះ​នៅ​បើក​ភ្លើង​ចិញ្ចាច​មិន​ទាន់​បាន​ពន្លត់​នៅ​ឡើយ បញ្ជាក់​ថា​ខាង​ក្នុង​នោះ​នៅ​មាន​មនុស្ស​កំពុង​ធ្វើ​អ្វី​ម្យ៉ាង​ទាំង​យប់​អធ្រាត្រ​ច្បាស់​ណាស់!
ភីណា​នៅ​ស្ងៀម​ដោយ​សញ្ជឹង​គិត ស្មាន​មិន​ដល់​ថា​បាន​ស្គាល់​អ្នក​ជិត​ខាង​ម្នាក់​នេះ ក៏​បាន​ស្ដាប់​រឿង​ចម្លែកៗ​ដែល​ខ្លួន​មិន​ធ្លាប់​ដឹង​ច្រើន​យ៉ាង​នេះ​សោះ ខណៈ​នោះ​នាង​ពោល​សួរ​វិញ​ភ្លាម​ដែរ៖
-អញ្ចឹង​ម៉េច​ក៏​ឯង​ដឹង​ថា គឺ គឺ​នាង​អ្នក​បម្រើ​នោះ​ត្រូវ​ស្លាប់​ក្នុង​បន្ទប់​បាយ?
នេត្រ​ទាញ​ដៃ​ភីណា​ឲ្យ​មក​ដាក់​បង្គុយ​លើ​សាឡុង​ទល់​មុខ​នឹង​ទូ​សៀវភៅ​ដែល​តម្រៀប​ជា​ជួរៗ​រាប់​រយ​ក្បាល! នេត្រ​ពោល​តប​តាម​ដំណើរ​រឿង៖
-ដូច​ខ្ញុំ​ប្រាប់​ឯង​តាំង​ពី​ដំបូង​អញ្ចឹង គឺ​ខ្ញុំ​បាន​ជជីក​សួរ​រឿង​នេះ​ពី​មីង​សាន គាត់​ក៏​បាន​និយាយ​អស់​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​យប់​នោះ!
-គាត់​ថា​ម៉េច​ខ្លះ? ពី​ដំបូង​មក​គឺ​យ៉ាង​ម៉េច​ខ្លះ? (​ភីណា​បើក​ភ្នែក​មូលក្លុំ ពោល​សួរ​មក​កាន់​ក្រមុំ​និស្សិត​ដោយ​ចិត្ត​អន្ទះសា​)
-គាត់​ថា​ គឺ​គាត់​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​រឿង​ដែល​នាង​កែវ​ត្រូវ​គេ​វាយ​សម្លាប់​ក្នុង​បន្ទប់​បាយ​របស់​ឯង!
ភីណា​ធ្លាក់​ថ្លើម​ក្ដុក​ “វាយ​សម្លាប់”? ពាក្យ​នេះ​ជា​សម្ដី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ ដែល​ខ្លួន​ទើប​តែ​បាន​ឮ​នឹង​ត្រចៀក​ជា​លើក​ដំបូង​បង្អស់ នាង​មិន​ទាន់​បាន​ពោល​សួរ​គូ​សន្ទនា​តាម​សន្ទុះ​ចិត្ត​ដែល​ងឿង​ឆ្ងល់​ផង ភ្លាម​នោះ​នាង​ឮ​នារី​និស្សិត​ពោល​បន្ថែម​ទៅ​ហើយ៖
-មីង​សាន​រៀបរាប់​ប្រាប់​ខ្ញុំ​ច្បាស់លាស់​ណាស់​ថា យប់​នោះ​ក៏​ដូច​រាល់​យប់​ដែរ គាត់​ឧស្សាហ៍​ឡើង​មក​ទី​នេះ​អើត​សម្លឹង​នាង​កែវ ជួន​កាល​ស្ដាប់​ពាក្យ​សោយសោក​អាណិត​ខ្លួន​របស់​នាង​កែវ​ដែល​ជា​នារី​កំព្រា​នោះ​ទៀត​ផង ប៉ុន្តែ​នៅ​យប់​ដែល​មាន​កើត​រឿង​ហេតុ​នោះ គាត់​មិន​ទាន់​បាន​និយាយ​ទៅ​រក​នាង​កែវ​មួយ​ម៉ាត់​ណា​នៅ​ឡើយ​ត្បិត​អី​កាល​ណោះ ពេល​គាត់​បើក​បង្អួច​ទៅ​គឺ​ឃើញ​នាង​កែវ​កំពុង​រៀបចំ​លាង​ចាន​កែវ គាត់​គិត​ថា​ចាំ​ដល់​នាង​រៀបចំ​រួច​ ទើប​និយាយ​សាសង​ជា​មួយ​នាង​គ្រាន់​ឲ្យ​នាង​បាន​ធូរ​ចិត្ត​ពី​ការ​លំបាក​ខ្លះ ប៉ុន្តែ​ភ្លាម​នោះ​ក៏​ស្រាប់​តែ​មាន​រឿងរ៉ាវ​កើត​ឡើង​រហូត​ដល់​គាត់​ស្មាន​មិន​ដល់​ ត្បិត​អី​គាត់​ឃើញ​សេដ្ឋី​ម្ចាស់​ផ្ទះ​ដើរ​លបៗ​ចូល​មក​ក្នុង​បន្ទប់​បាយ​រួច​ចាប់​ឱប​នាង​កែវ​ពី​ក្រោយ​ដោយ​អាកប្បកិរិយា​ថោកទាប​គួរ​ឲ្យ​ស្អប់​ខ្ពើម​ជា​ទី​បំផុត មីង​សាន​រំលឹក​ថា​កាល​ណោះ​គាត់​ឃើញ​នាង​កែវ​កំពុង​រើ​បម្រះ​ក្រោម​ក្រញាំ​ស្រេក​ឃ្លាន​របស់​សេដ្ឋី គាត់​កើត​ក្ដី​ស្លន់ស្លោ​ណាស់​ដោយ​មិន​ដឹង​ថា​គួរ​តែ​ជួយ​នារី​កម្សត់​នោះ​ដោយ​របៀប​ណា​ឡើយ ប៉ុន្តែ​ភ្លាម​នោះ​ក៏​ស្រាប់​តែ​លេច​រូប​ប្រពន្ធ​សេដ្ឋី​ចូល​មក​ដល់ មីង​សាន​គាត់​នឹក​អរ​ដោយ​គិត​ថា​ច្បាស់​ជា​នាង​កែវ​លើក​នេះ​បាន​រួច​ខ្លួន​ទៅ​ហើយ ប៉ុន្តែ​មិន​ស្មាន​ដល់​ថា​លទ្ធផល​ប្រែ​ជា​ផ្ទុយ​ស្រលះ​ទៅ​វិញ​ទេ។
ភីណា​បើក​ភ្នែក​មូលក្លុំ​សម្លឹង​ទៅ​កាន់​នារី​និស្សិត​ដោយ​ជក់​ចិត្ត​នឹង​ពាក្យ​សម្ដី​ដែល​គេ​កំពុង​រៀបរាប់​ប្រាប់​ខ្លួន ភ្លាម​នោះ​ដែរ​នាង​ក្រមុំ​​ម្ចាស់​ផ្ទះ​ពោល​បន្ត៖
-ប្រពន្ធ​សេដ្ឋី​នោះ​មិន​ត្រឹម​តែ​មិន​បន្ទោស​ប្ដី​ដែល​ប្រព្រឹត្ត​អំពើ​លាមក​ទៅ​លើ​អ្នក​ជ្រក​កោន​ជា​មួយ​ទេ គឺ​ថែម​ទាំង​ទម្លាក់​កំហុស​ទាំង​ស្រុង​មក​លើ​នាង​អ្នក​បម្រើ ដោយ​ទាញ​បោច​សក់​វាយ​តប់​នាង​យ៉ាង​ដំណំ​ ណា​មួយ​មាន​ទាំង​ជេរ​ប្រមាថ​ថា​នាង​ព្យាយាម​លួច​លាក់​សហាយ​ស្មន់​ដណ្ដើម​ប្ដី​គាត់​ទៀង​ផង។
ភីណា​ស្ដាប់​បណ្ដើរ ​នាង​រអ៊ូ​ដោយ​មិន​ដឹង​ខ្លួន​បណ្ដើរ៖
- ស្ត្រី​នោះ​យ៉ាប់​មែន​ហើយ! កំណាច​ណាស់!
នេត្រ​ពេប​មាត់​គ្រវី​ក្បាល​យឺតៗ​ដោយ​ពោល​បន្ត​ពី​សម្ដី​ភីណា៖
-មិន​ត្រឹម​យ៉ាប់​ទេ គឺ​សាហាវ​យង់ឃ្នង​ទៀង​ផង កាល​ណោះ​គាត់​វាយ​ដំ​នាង​កែវ​ជា​អ្នក​បម្រើ​យ៉ាង​ដំណំ​ប៉ុណ្ណឹង​ហើយ​ក៏​នៅ​មិន​ទាន់​អស់​ចិត្ត​ទៀត​ លុះ​ប្ដី​គាត់​ពោល​ឃាត់ គាត់​រឹត​តែ​ផ្ទុះ​កំហឹង​ខ្លាំង​ជាង​មុន​ ដោយ​ស្រវា​ទាញ​កូន​កាំបិត​ចិត​ផ្លែ​ឈើ​មក​ចាក់​នាង​កែវ​សម្លាប់​តែ​ម្ដង មីង​សាន​រៀបរាប់​ដោយ​តក់​ស្លុត​ថា​យប់​នោះ​គាត់​បាន​ឃើញ​យ៉ាង​ច្បាស់​ផ្ទាល់​នឹង​ភ្នែក​ថា​នាង​អ្នក​បម្រើ​កម្សត់​នោះ​ត្រូវ​ចៅហ្វាយ​ស្រី​វាយ​ផង​ ចាក់​នឹង​កាំបិត​ផង រហូត​ទាល់តែ​ស្លាប់​ស្ដូក​ស្ដឹង​លើ​កម្រាល​ឥដ្ឋ លុះ​ឃើញ​ថា​ខ្លួន​បាន​សម្លាប់​គេ​ឲ្យ​ស្លាប់​ហើយ ប្ដី​ប្រពន្ធ​នេះ​ក៏​មាន​អាការ​តក់​ស្លុត​ណាស់​ដែរ ប៉ុន្តែ​ក្រោយ​មក​គាត់​ទាំង​ពីរ​ធ្វើ​យ៉ាង​ម៉េច​ចំពោះ​សាកសព​នាង​កែវ​ក៏​គ្មាន​អ្នក​ណា​ដឹង​ដែរ ត្បិត​អី​កាល​ណោះ​ពេល​មីង​សាន​ចេញ​ទៅ​ហៅ​ខ្ញុំ លុះ​ដល់​មក​វិញ​បង្អួច​បន្ទប់​បាយ​ត្រូវ​បាន​បិទ​យ៉ាង​ជិត​ទៅ​ហើយ ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ​យក​សព​នាង​កែវ​ទៅ​កប់​ឬ​ក៏​បោះ​ចោល​នៅ​ទី​ណា​ក៏​យើង​មិន​ដឹង​ដែរ ប៉ុន្តែ​ក្រោយ​ពី​យប់​កើត​ហេតុ​នោះ​បាន​បួន​ប្រាំ​ថ្ងៃ​មក ក៏​ស្រាប់​តែ​សេដ្ឋី​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ​រៀបចំ​ចាក​ចេញ​ពី​ផ្ទះ ដោយ​ប្រគល់​ផ្ទះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ទិញ​លក់​បាត់​ស្រមោល​គាត់​ទាំង​ពីរ​នាក់​តាំង​ពី​ពេល​នោះ​រហូត​មក មិន​ដឹង​ជា​នៅ​ក្នុង​ស្រុក​នៅ​ឡើយ ​ឬ​ក៏​នៅ​បរទេស​ទៅ​ហើយ​ទេ!
ភីណា​ពោល​សួរ​វិញ​ដោយ​អាការ​ងឿង​ឆ្ងល់​ពេញ​ប្រៀប​លើ​ផ្ទៃ​មុខ​នៅ​ឡើយ៖
-ចុះ​កាល​ណោះ មីង​សាន​របស់​ឯង​បាន​ឃើញ​រឿង​នោះ​ផ្ទាល់​ភ្នែក ម៉េច​ក៏​រឿង​ធំ​យ៉ាង​នេះ​ហើយ បែរ​ជា​មិន​ព្រម​ទៅ​ប្ដឹង​ប៉ូលិស?
នេត្រ​ដក​ដង្ហើម​ធំ​តប​ដោយ​ឈ្ងោក​មុខ៖
-បួន​ឆ្នាំ​មុន​ជា​មួយ​ឥឡូវ​នេះ​គឺ​ផ្សេង​ពី​គ្នា គ្នា​មាន​ការ​យល់​ដឹង​តិច​ជាង​ការ​ភ័យ​ខ្លាច​ឆ្ងាយ​ណាស់ កាល​ណោះ​ក៏​ជិត​ដល់​ពេល​គ្នា​ចេញ​ទៅ​ស្រុក​ក្រៅ​រៀន​ទៀត លុះ​ដល់​ត្រឡប់​មក​វិញ​នេះ​មីង​សាន​គាត់​អនិច្ចកម្ម​បាត់​ទៅ​ហើយ ឯ​រឿង​អាថ៌កំបាំង​របស់​ប្ដី​ប្រពន្ធ​អ្នក​មាន​អមនុស្ស​ធម៌​ពីរ​នាក់​នោះ​ក៏​ត្រូវ​កប់​បាត់​យ៉ាង​ស្ងាត់​ជាង​បួន​ឆ្នាំ​កន្លង​មក​ហើយ​ដែរ ឥឡូវ​នេះ​នឹក​ឡើង​វិញ​គួរ​ឲ្យ​សោកស្ដាយ​ហើយ​បន្ទោស​ខ្លួន​ឯង​ណាស់ មិន​សម​​ណា​បាន​ដឹង​រឿង​ហេតុ​ហើយ​បែរ​ជា​បណ្ដាល​ឲ្យ​ឃាតក​គ្មាន​មនុស្ស​ធម៌​រួច​ខ្លួន​ពី​រង្វង់​ច្បាប់​ដោយ​ងាយ​អញ្ចឹង​ទេ!
ភីណា​ក្រពាត់​ដៃ​ផ្អែក​ខ្នង​នឹង​បង្អែក​សាឡុង តាម​ពិត​គឺ​នាង​កំពុង​រិះ​គិត ម៉េច​ក៏​ផ្ទះ​ខ្លួន​ដែល​នឹក​ថា​ជា​ទី​កន្លែង​ដែល​អាច​អាស្រ័យ​បាន​សុខសាន្ត​ ក៏​បែរ​ជា​កន្លែង​ធ្លាប់​សម្លាប់​មនុស្ស​យ៉ាង​នេះ​វិញ។ នាង​កំពុង​លង់​ទៅ​ក្នុង​ការ​ត្រិះរិះ​ក៏​ពិត​មែន ប៉ុន្តែ​អារម្មណ៍​នៅ​ប្រមូល​ផ្ដុំ​ចាំ​ស្ដាប់​សម្ដី​របស់​នេត្រ​នៅ​ឡើយ ខណៈ​នោះ​ដែរ​នាង​ឮ​នាង​ក្រមុំ​និស្សិត​រូប​​នោះ​ពោល​ឡើង​បន្ត៖
-ខ្ញុំ​ត្រឡប់​មក​វិញ​ភ្លាម ក៏​បាន​ឮ​អ្នក​ជិត​ខាង​ជុំ​វិញ​ទី​នេះ​គេ​រៀបរាប់​ថា”មាន​ខ្មោច” ក្នុង​ផ្ទះ​របស់​ឯង គេ​ថែម​ទាំង​និយាយ​ប្រាប់​មក​ខ្ញុំ​ទៀត​ថា​តាំង​ពី​ពេល​ដែល​សេដ្ឋី​ប្ដី​ប្រពន្ធ​ឈប់​នៅ​ទី​នេះ​ម្ល៉េះ​ ក៏​មាន​មនុស្ស​ទិញ​ផ្ទះ​នេះ​ស្នាក់​នៅ ច្រើន​អ្នក​មក​ហើយ ប៉ុន្តែ​គ្មាន​អ្នក​ណា​អាច​នៅ​យូរ​បាន​ទេ ច្រើន​ណាស់​ម្ភៃ​ថ្ងៃ​ប៉ុណ្ណោះ គេ​នាំ​គ្នា​ប្រគល់​ផ្ទះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទិញ​លក់​វិញ​ភ្លាម លុះ​ដល់​គ្រួសារ​ឯង​រើ​មក​នៅ ស្រាប់​តែ​នៅ​បាន​ជិត​ពីរ​ខែ​មក​នេះ ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់ផ្អើល​ណាស់។ ខ្ញុំ​បាន​ទាំង​ឮ​គេ​នាំ​គ្នា​សន្និដ្ឋាន​ថា ប្រហែល​មក​ពី​ផ្ទះ​នេះ​មាន​ខ្មោច​អញ្ចឹង​ហើយ​ទើប​បាន​ប្ដី​ប្រពន្ធ​សេដ្ឋី​នោះ​រើ​ចេញ ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ​ខ្ញុំ​ជឿ​ថា​ឃាតក​ពីរ​នាក់​នោះ​មក​តែ​ពី​ខ្លួន​បាន​សម្លាប់​មនុស្ស​នៅ​ទីនេះ ដូច្នេះ​ហើយ​មិន​អាច​រស់​នៅ​ដោយ​សុខសាន្ត​បាន​ក៏​រើ​ចេញ​ឲ្យ​ឆ្ងាយ​ទៅ ក្រែង​បាន​ស្ងប់​ចិត្ត​ខ្លះ! រីឯ​រឿង​ដែល​ថា​មាន​ខ្មោច​លង​នោះ ពី​ដំបូង​ខ្ញុំ​ក៏​មិន​ជឿ​ដែរ ប៉ុន្តែ​យប់​មិញ​កាល​ខ្ញុំ​លួច​ចូល​ទៅ​ផ្ទះ​ឯង ខ្ញុំ​ និង​ប្អូន​បាន​ឃើញ​រូប​រាង​មនុស្ស​ស្រី បណ្ដែត​ខ្លួន​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ​មែន កាល​ណោះ​ខ្ញុំ​ភ័យ​ណាស់ អញ្ចឹង​ហើយ​ទើប​នាំ​គ្នា​រត់​ទៅ​ពួន​ក្នុង​បន្ទប់​ឯង អូ៎​នែ៎! បើ​ខ្ញុំ​និយាយ​ទៅ​តើ​ឯង​ជឿ​ទេ? ខ្ញុំ​សង្ស័យ​ថា​ខ្មោច​នោះ​ប្រាកដ​ជា​នាង​កែវ​នោះ​ហើយ!
ភីណា​ឈ្ងោក​មុខ នាង​រអ៊ូ​តិច​ៗ​តប​ទៅ​វិញ៖
-ប៉ុន្តែ​ខ្ញុំ​នៅ​ជា​មួយ​ខែ​មក​ហើយ មិន​ដែល​ឃើញ​អី​ទេ!
នេត្រ​សម្លឹង​មុខ​ភីណា​ដោយ​ក្រសែ​ភ្នែក​ព្រួយ​បារម្ភ នាង​ឧទាន​មក​កាន់​ភីណា៖
-ទោះ​យ៉ាង​ណា​ ខ្ញុំ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ទៅ​ហើយ ឯង​ជឿ​ឬ​មិន​ជឿ ខ្ញុំ​នៅ​តែ​រំលឹក​ឯង​ថា​ផ្ទះ​ឯង​មាន​ខ្មោច​ពិត​មែន។
ភីណា​សម្លឹង​មុខ​នារី​ម្ចាស់​ផ្ទះ​ដោយ​មិន​ចេញ​ស្ដី។ យប់​នោះ​ត្រឡប់​មក​ផ្ទះ​វិញ​នាង​ក្រមុំ​ដេក​សញ្ជឹង​គិត​មិន​ចេះ​អស់​មិន​ចេះ​ហើយ ពី​បញ្ហា​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ជួប​និង​បាន​ឮ តើ​ពិត​ជា​មាន​ខ្មោច​នាង​កែវ​ដូច​ដែល​នេត្រ​និយាយ​ប្រាប់​មែន​អ្ហេស៎?
សូម​រង់ចាំ​តាម​ដាន​អាន​ភាគ​បន្ត​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ
via: sabay