មេ​តុង​ទីន​ វេច​លុយ​ជាង​70​ ម៉ឺន​ដុល្លា រ​រត់​បាត់​ សមាជិក​នាំ​ គ្នា​ប្តឹង​ សមត្ថកិច្ច​

7/19/2013 0 Comments A+ a-

ខេត្តកំពង់ចាម ៖ សមាជិកតុងទីនមានប្រុសមានស្រីចំនួន២០នាក់ រស់នៅឃុំផ្អាវ ស្រុកបាធាយ បាននាំគ្នាជិះរថយន្តមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត កាលពីរសៀលថ្ងៃទី១៧ កក្កដា ដើម្បីដាក់ពាក្យបណ្តឹងនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលខេត្តឱ្យជួយអន្តរាគមន៍ តាមចាប់មេតុងទីន ឈ្មោះ ខេង លាងហុីន ភេទស្រី អាយុ៤៧ឆ្នាំ ពីបទឆបោកលុយសរុបជាង ៧០មុឺនដុល្លារអាមេរិក ហើយរត់គេចខ្លួនចេញពីផ្ទះបាត់ មិនដឹងជាទៅទីកន្លែងណា ។
សមាជិកតុងទីនម្នាក់ឈ្មោះ ចាប ចាន់ណា ភេទស្រី អាយុ៥០ឆ្នាំ រស់នៅក្នុងឃុំបាធាយ ស្រុកបាធាយ ប្រាប់ឱ្យដឹងថា គាត់ចាប់ផ្តើមលេងតុងទីនតាំងពីឆ្នាំ២០១០ ដោយនៅថ្ងៃទី១ រៀងរាល់ខែ ក្នុងម្នាក់ៗត្រូវបង់ចំនួន១០០ដុល្លារ នៅថ្ងៃទី៨ បង់១ក្បាលចំនួន២០០ដុល្លារ ថ្ងៃទី១៥ បង់១ក្បាលទៀតចំនួន៥០០ដុល្លារ ក្នុងនោះក្បាល៥០ដុល្លារ លេងក្នុង១ខែដេញពីរដង ចំណែកនៅថ្ងៃទី២០ រាល់ខែបង់ចំនួន១០០ដុល្លារ ថ្ងៃទី២៣ បង់ចំនួន៥០០ដុល្លារ ថ្ងៃទី២៦ បង់ចំនួន៣០០ដុល្លារ ។
សមាជិកតុងទីនរូបនេះរៀបរាប់ទៀតថា គ្រាន់តែលុយគាត់សរុបចំនួនជាង ៦មុឺនដុល្លារ នៅក្នុងដៃមេតុងទីន ។ នៅថ្ងៃទី៧ កក្កដា ស្រាប់តែមេតុងទីនរត់គេចខ្លួនបាត់ពីផ្ទះ លុះពេលទៅសួរនាំប្រាប់ថា យកកូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺ ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី១៣ កក្កដា ជាថ្ងៃដែលត្រូវណាត់ជួបប្រជុំគ្នា រវាងមេតុងទីន និងសមាជិកតុងទីនបែរជាមិនឃើញស្រមោល មេតុងទីនឈ្មោះ ខេង លាងហុីន ទាល់តែសោះ ធ្វើឱ្យសមាជិកតុងទីនអស់ជំនឿគ្រប់ៗគ្នា ទើបនៅរសៀលថ្ងៃទី១៧ កក្កដា នាំគ្នាធ្វើដំណើរមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយ អន្តរាគមន៍តាមចាប់មេតុងទីនរូបនេះ ។
ចំណែកសមាជិកតុងទីនឈ្មោះ តឹក សុខលីម ភេទស្រី អាយុ៣១ឆ្នាំ រស់នៅឃុំផ្អាវ ឃុំបាធាយ ស្រុកបាធាយ ប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៥ មករា ២០១២ គាត់បានលេងជាមួយមេតុងទីនខាងលើច្រើនក្បាល ក្នុងនោះចាប់ពី៣០០ដុល្លារ រហូតដល់៥០០ដុល្លារ តាមក្បាលនីមួយៗ ។ លុយសរុបដែលបានបង់ទៅឱ្យមេតុងទីន មានចំនួន៧៩.៩០៨ដុល្លារ ហើយនៅខែឧសភា ២០១៣ គាត់សុំមេតុងទីនដកលុយវិញ តែមេតុងទីនមិនឱ្យដកទេ ព្រមទាំងបង្គាប់ឱ្យរកលុយចងការគេយក មកបង់បន្ថែមទៀត ។សមាជិកតុងទីនទាំងអស់បានសំណូមពរ ឱ្យមេតុងទីនដែលរត់ទៅបាត់នោះ ត្រឡប់មកផ្ទះវិញ ដើម្បីដោះស្រាយគ្នាតាមនីតិវិធី ៕



 ផ្តល់សិទ្ធដោយ កោះសន្តិភាព