អាមេរិកព្រួយ បារម្ភនឹងឃ្លាំងមីស៊ីល ដ៏សម្បូបែប បំផុតរបស់ចិន
តាមរបាយការណ៍ចារកម្មរបស់អាមេរិកបានប្រកាសឱ្យដឹងថា ចិនកំពុងតែបង្កើនឃ្លាំងមីស៊ីលរបស់ខ្លួន ក្នុងនោះ មានប្រព័ន្ធកាំជ្រួចមីស៊ីល ទុកសម្រាប់ប្រើប្រាស់ពេលមានការប៉ះទង្គិចកើតឡើងដោយវិវាទអធិបតេយ្យភាព។
តាមរបាយការណ៍របស់ចារកម្មអាមេរិកបាន ប្រកាសនាពេលកន្លងមកថា កម្លាំងទាហានចិនមានកម្មវិធីកាំជ្រួចមីស៊ីលសកម្ម និងសម្បូរបែបបំផុតនៅលើពិភពលោក ដោយមានមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ បាញ់ចូលដល់ទឹកដីអាមេរិកកាន់តែច្រើនឡើង។ របាយការណ៍បានបង្ហាញឱ្យឃើញថា ចិនកំពុងតែបង្កើតកាំជ្រួចមីស៊ីល និងសាកល្បងនូវប្រភេទមីស៊ីលថ្មី និងអភិវឌ្ឍន៍មីស៊ីលចាស់ៗដែលហួសសម័យ។
ចិនបានបង្កើតកងពលកាំជ្រួចមីស៊ីលវាយលុក និងកងពលកាំជ្រួចមីស៊ីលការពារវាយស្ទាក់ទៀតផង។ តាមរបាយ ការណ៍ បច្ចុប្បន្នចិនមានក្បាលគ្រាប់បរមាណូបំពាក់លើកាំជ្រួចមីស៊ីលបាញ់ដល់អាមេរិកកើនឡើងដល់១០០គ្រាប់។ ចិនកំពុងតែជំរុញកម្មវិធីរបស់ខ្លួន តាមគម្រោងភាវូបនីយកម្មយោធា និងបង្កើនមូលនិធិសម្រាប់ការពារជាតិឡើងទ្វេដង។
ប្រទេសជិត ខាង ដែលមានវិវាទជាមួយចិន ដូចជាជប៉ុន និងហ្វីលីពីន បានបង្ហាញការព្រួយបារម្ភ ក្រោយពេលរដ្ឋាភិបាលចិនកាន់តែពង្រីកអំណាចខ្លាំងឡើង នៅក្នុងតំបន់ ក្នុងពេលដែលអាមេរិក បង្វែគោលដៅឆ្ពោះមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមរបាយការណ៍របស់មន្ទីរប៉ង់តាហ្គោនរបស់អាមេរិកបានឱ្យដឹងថា ប្រភេទសព្វាវុធរបស់ចិនបានផលិតឡើង ដើម្បីរារាំងកម្លាំងយោធារបស់សត្រូវ និងសម្រាប់ធ្វើសង្គ្រាមជាមួយប្រទេសជិតខាង។
ចិនកំពុងតែមានវិវាទអធិបតេយ្យ ភាពជាមួយប្រទេសជាច្រើនក្នុងតំបន់។ ជប៉ុនបានប្រកាសថា ចិនកំពុងតែព្យាយាមផ្លាស់ប្ដូរទម្រង់នៅក្នុងតំបន់ ដោយអំពើហិង្សា។ អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានតបតជប៉ុនវិញថា ជប៉ុនកំពុងតែគំរាមកំហែងដោយយក ឈ្មោះប្រទេសចិនមកប្រើប្រាស់ និងបង្កឱ្យមានភាពតានតឹងនៅក្នុងតំបន់ទាំងមូល៕

