សាលាអន្តរជាតិ ថ្មីមួយទៀត នឹងបើកឱ្យ សិស្សចូលរៀន នៅអំឡុង ខែសីហា ខាងមុខនេះ
ភ្នំពេញៈ ខណៈដែលប្រទេសកម្ពុជា កំពុងពង្រឹង លើការបណ្តុះបណ្តាល ធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍ជាតិ សាលារៀនជាច្រើន ត្រូវបានគេសង្កេតឃើញ បង្កើតជាបន្តបន្ទាប់ នៅទូទាំងប្រទេស ជាពិសេសនៅរាជធានី ភ្នំពេញ ដើម្បីជួយលើកកម្ពស់ វិស័យអប់រំ ។
យ៉ាងណាម៉ិញ នាថ្មីៗនេះ សាលា LEARNING International School ដែលជាសាលាចំណេះទូទៅ ស្តង់ដារអន្តរជាតិមួយ ត្រូវបានបង្កើនឡើង នៅក្បែរស្ថានីយវិទ្យុស្ទឹងមានជ័យ (ច្រកចូលវិមានសុភមង្គល) ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកអភិវឌ្ឍ ធនធានមនុស្សកម្ពុជា ។ សាលាថ្មីនេះ នឹងចាប់ផ្តើម បើកឱ្យសិស្សចូលរៀន ក្នុងឆ្នាំសិក្សាដំបូងរបស់ខ្លួន នៅអំឡុងខែ សីហា- កញ្ញា ឆ្នាំ២០១៣ ខាងមុខនេះហើយ ។
លោក សូរ សុខុម អ្នកគ្រប់គ្រងទូទៅសាលា LEARNING (លើននីង) បានឱ្យដឹងថា LEARNING International School ជាសាលាចំណេះដឹងទូទៅ ស្តង់ដារអាមេរិក ដែលមានបង្រៀនទាំងភាសាខ្មែរ និងភាសាអង់គ្លេស ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដែលមានគ្រូបរទេស ដែលជាជនជាតិស្បែកស។ លោកបានមានប្រសាសន៍ថា “សម្រាប់ភាសាអង់គ្លេស យើងនឹងចូលរៀន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ ហើយ សម្រាប់ចំណេះទូទៅ (ភាសាខ្មែរ) នឹងចូលរៀននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះ” ។
លោកបានបន្ថែមថា សាលាលើននីង នឹងកាន់តែទាក់ទាញ សម្រាប់សិស្សគ្រប់គ្នា ដោយសារតែ សាលា មានកម្មវិធីសិក្សា ស្តង់ដារអាមេរិក ដំបូងគេនៅកម្ពុជា ហើយសញ្ញាបត្រ ទទួលស្គាល់ជាផ្លូវការ ដោយក្រសួងអប់រំ យុវជន និងកីឡា និងជាអន្តរជាតិ ហើយគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សុទ្ធតែមានគរុកោសល្យ និង មានសញ្ញាបត្រជាន់ខ្ពស់ មកពីប្រទេសធំៗ លើពិភពលោក ។ មិនតែប៉ុណ្ណោះ សាលាមានអគារសិក្សា ធំទូលាយ ដែលបំពាក់ដោយ ឧបករណ៍សិក្សាទំនើបៗ កម្រិតស្តង់ដារខ្ពស់ លំដាប់អន្តរជាតិ មុនគេនៅកម្ពុជា ហើយសាលានេះ ក៏ជាគ្រឹះស្ថានសិក្សា ផ្តោតលើការអភិវឌ្ឍន៍សិស្ស តាមរយៈជំរុញ សិស្សឱ្យមានបំនិនជីវិត មានក្តីស្រលាញ់សង្គមជាតិ និងគ្រួសារ មានសមត្ថភាព ដើម្បីក្លាយជា បុត្រល្អ ពលរដ្ឋល្អ សម្រាប់ប្រទេសជាតិ ផងដែរ។
លោក Jhon VonMoats នាយកគ្រប់គ្រង កម្មវិធីសិក្សា នៃសាលាលើននីង បានឱ្យដឹងថា សាលាបាននាំយក នូវមុខវិជ្ជា៤ សំខាន់ៗ ស្របតាមស្តង់ដារ ប្រព័ន្ធសិក្សាអាមេរិក ដើម្បីបណ្តុះបណ្តាល ដល់សិស្សានុសិស្ស កម្ពុជា ក្នុងនោះមាន ភាសាអង់គ្លេស បែបអាមេរិក, វិទ្យាសាស្រ្តបែបអាមេរិក, សិក្សាសង្គម និង គណិតវិទ្យា ហើយសៀវភៅ នៃមុខវិជ្ជា ទាំងនេះ គឺនាំមកផ្ទាល់ពីសហរដ្ឋ អាមេរិកតែម្តង។ លោកថា “សាលាអន្តរជាតិ នៅកម្ពុជាមានច្រើន ប៉ុន្តែភាគច្រើន ពុំទាន់មានស្តង់ដារអន្តរជាតិ ដូចជាឈ្មោះរបស់គេនោះទេ” ។
លោក សូរ សុខុម បានបញ្ជាក់បន្ថែមទៀតថា សិស្សដែលមកចុះឈ្មោះមុន នៅទីនេះ នឹងត្រូវបាន ចូលរៀនបំប៉ន ភាសាអង់គ្លេស ដោយមិនគិតថ្លៃ ដែលជាកម្មវិធីពិសេសមួយដែល សាលាលើននីងផ្តល់ជូន ។ លោកថា៖ “ពេលសិស្ស ទៅសាលា នឹងនឹកឃើញ Learning ហើយអាចពញ្ញាក់ អារម្មណ៍បានថា ទីនេះ ជាកន្លែងរៀន មិនមែនជាកន្លែង ដើរលេងនោះទេ ហើយសិស្ស នឹកឃើញតែ Learning Learning (រៀនៗ) ប៉ុណ្ណោះ” ៕