ស្ត្រីម្នាក់ដាក់ ពាក្យបណ្តឹងចោទ ប្រកាន់ប្តី វាយធ្វើបាប រហូតរលូត កូន៤ខែ ក្នុងផ្ទៃ
ក្រុងប៉ោយប៉ែត ៖ ស្ត្រីម្នាក់ដែលគេស្គាល់ថា ជាអតីតតារាចម្រៀងនៅ កាស៊ីណូផ្កាយប្រាំ ហៅកាត់ថា (Star Vegas) ស្ថិតក្នុងក្រុងប៉ោយប៉ែតនា វេលាម៉ោង៩ព្រឹក ថ្ងៃទី៥ កក្កដា ២០១៣ នេះបានមកកាន់ការិយាល័យ បណ្តាញផ្សព្វផ្សាយព័ត៌មាន អាស៊ានហៅកាត់ថា UMA ដែលមានស្នាក់ការនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ទាំងអាការស្លេកស្លាំង ព្រមទាំងព្យួរសេរ៉ូមផង និងភ្ជាប់មកជាមួយនូវរូបថតប្តី លិខិតពិនិត្យផ្ទៃពោះ និងថ្នាំពេទ្យមួយចំនួន ដើម្បីស្នើសុំឱ្យសារព័ត៌មាន ទូរទស្សន៍ និងវិទ្យុជួយផ្សព្វផ្សាយពីទុក្ខលំបាករបស់ នាងដែលត្រូវប្តីជាជនជាតិថៃ និងបក្សពួក៣ទៅ៤នាក់ទៀតវាយ ធ្វើបាបរហូតរលូតកូនក្នុងផ្ទៃដែលមានអាយុទើបតែ៤ខែ។
ស្ត្រីរូបនោះឈ្មោះកែវ ពិសី អាយុ២៧ឆ្នាំ ជាអតីតតារាចម្រៀងក្នុងកាស៊ីណូ ផ្កាយប្រាំក្រុងប៉ោយប៉ែត បច្ចុប្បន្នរស់នៅផ្ទះជួលភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំណែកប្តីឈ្មោះផៃ រ៉ូតសែងសង្វា អាយុ៦១ឆ្នាំ ជាជនជាតិថៃ មុខរបរជាមេការដ៏ធំមួយ នៅកាស៊ីណូផ្កាយប្រាំហៅកាត់ថា (Star Vegas) ក្រុងប៉ោយប៉ែត រីឯបក្សពួក៣-៤នាក់ ទៀតមិនត្រូវបានស្គាល់ឈ្មោះទេ។ ស្ត្រីរងគ្រោះបានរៀបរាប់ថា នាងបានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ ប៉ោយប៉ែតតាំងពីថ្ងៃទី២ កក្កដា បន្ទាប់ពីត្រូវប្តីវាយធ្វើបាបតាំងពី វេលាម៉ោង៩យប់ ថ្ងៃទី១ កក្កដា ២០១៣ ប៉ុន្តែហាក់ដូចជាគ្មានដំណោះស្រាយសោះ ទើបនាងសម្រេចចិត្តមកទីនេះដើម្បី ស្នើសុំឱ្យសារព័ត៌មានជួយផ្សព្វផ្សាយ រកយុត្តិធម៌ឱ្យនាងផង។
មូលហេតុដែលបណ្តាលឱ្យប្តីវាយធ្វើបាបនោះ អាចបណ្តាលមកពីភ្លើងប្រចណ្ឌ ព្រោះនៅថ្ងៃកើតហេតុនាងបានចូល ទៅក្នុងបន្ទប់ប្រទះឃើញ ស៊ីឌីវីដេអូអាសអាភាស និងអាវមនុស្សស្រីក៏ប្រមូលដុតចោល លុះពេលប្តីត្រឡប់មកផ្ទះវិញឃើញដូចនោះមាន ការខឹងសម្បាក៏កើតការវាយតប់គ្នា ហើយចាកចេញទៅបាត់។ លុះមួយសន្ទុះក្រោយមកក៏ឃើញជនជាតិថៃ៣ ទៅ៤នាក់ផ្សេងទៀតចូលមកក្នុងផ្ទះរបស់នាង ហើយធ្វើសកម្មភាពវាយទាត់ ធាក់រហូតរលូតកូនតែម្តង។
ប្រភព កោះសន្តិភាព