Apple ស្នើរសុំ សិទ្ធិផ្លាកសញ្ញា “iWatch” នៅប្រទេសជប៉ុន
យោងតាមរបាយការណ៍របស់ Bloomberg បានអោយដឹងថា ក្រុមហ៊ុន Apple បានស្នើរសុំ សិទ្ធិផ្លាកសញ្ញា “iWatch” នៅប្រទេសជប៉ុន ដែលបញ្ជាក់ថា ការលេចលឺកន្លងមក ទាក់ទងនឹងនាឡិកាឆ្លាតវ៉ៃ iWatch គឺជារឿងពិតប្រាកដ។
ប្រភពបានបន្តទៀតថា ការស្នើរសុំ បានកើតឡើងតាំងពី ថ្ងៃទី 3 ខែមិថុនា មកម្ល៉េះ ហើយទើបតែលេចធ្លាយព័ត៌មានកាលពីអាទិត្យមុន។ ការស្នើរសុំសិទ្ធផ្លាកសញ្ញា គឺជាការងារមួយដែលក្រុមហ៊ុនធំៗធ្វើឡើង ដើម្បីការពារផលិតផលរបស់ខ្លួនពីការលួចចម្លង និងយកឈ្មោះ ទៅប្រើផ្តេសផ្តាស់។
បើទោះជា Apple មិនទាន់បានប្រកាសជាផ្លូវការនូវផលិតផល “iWatch” តែបើតាមរបាយការណ៍កន្លងមក បានអះអាងថា ក្រុមហ៊ុន Apple បានបង្កើតក្រុមការងារដែលមានបុគ្គលិកជាង 100នាក់ ធ្វើការក្នុងគំរោង “iWatch” នេះ ហើយនេះនឹងក្លាយជាផលិតផលមួយដ៏ធំ បន្ទាប់ពី iPad និង iPhone ដែលគេជឿថា អាចស្តារឡើងវិញនូវតំលៃភាគហ៊ុនរបស់ Apple៕