រូបថតមួយ សន្លឹករំលឹក ប្រវត្តិព្រាបសុវត្ថិ
ថ្មីៗនេះលោកព្រាប សុវត្ថិ បានបញ្ចេញរូបភាពរបស់លោកកាលពីនៅវ័យក្មេង ដែលហាក់ដូចជាលោកកំពុងរំលឹកឡើងវិញនូវអនុស្សាវរីយ៍កាលពីនៅក្មេង ឬស្របពេលដែលលោកកំពុងហក់ចូលសិល្បៈដំបូង។
គេហទំព័រ Sabay បានព្យាយាមទាក់ទងលោកព្រាប សុវត្ថិ ដើម្បីសុំសម្ភាសន៍ពីអារម្មណ៍របស់លោកក៏ដូចជាបញ្ជាក់ថា តើរូបនេះលោកនៅមានអាយុប៉ុន្មាន ឬថតក្នុងឆ្នាំណា? ប៉ុន្តែមិនអាចទាក់ទងបានទេ នៅថ្ងៃនេះ។
ទោះបីជាយ៉ាងណាក៏ដោយ រូបភាពដែលលោកបានបង្ហោះនៅ Account Facebook របស់លោកនេះ គេអាចប៉ាន់ស្មានបានថា អាចមានវ័យប្រហែលជិត ២០ឆ្នាំហើយ ខណៈលោកផ្ដើមច្រៀងដំបូងនៅវ័យប្រហែល១៦ឆ្នាំ ក្នុងអំឡុងឆ្នាំ១៩៩១។
កាលពីអាយុ៧ឆ្នាំ លោកព្រាប សុវត្ថិ ដែលមានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល បានវេចបង្វេចមកក្រុងភ្នំពេញកាលពីឆ្នាំ១៩៨២។ រហូតមកដល់ឆ្នាំ១៩៩១ លោកព្រាប សុវត្ថិ បានច្រៀងលើកដំបូង ជាមួយអ្នកនាងទូច ស៊ុននិច នៅបទចម្រៀងមួយបទមានចំណងជើងថា “អូនមិនមែនស៊ិចស៊ី”។
ឆ្នាំ១៩៩៧ លោកព្រាប សុវត្ថិ បានចូលច្រៀងនៅក្រុមហ៊ុនរស្មីហង្សមាស ដោយបទចម្រៀង”ខ្សែជីវិត និង បទហែកបេះដូង” បានធ្វើឲ្យមហាជនគាំទ្រលោកយ៉ាងសម្បើម។ បន្ទាប់មកលោកព្រាប សុវត្ថិ បានល្បីខ្ទរខ្ទារពេញផ្ទៃប្រទេស រហូតមកទល់នឹងពេលសព្វថ្ងៃ ដែលត្រូវបានមហាជនបានចាត់ទុកលោកព្រាបសុវត្ថិគឺជាកំពូលតារាចម្រៀងសម័យប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្ដែង កាលពីឆ្នាំ២០១២ លោកព្រាបសុវត្ថិ បានទទួលពានរង្វាន់កំពូលតារាចម្រៀងនៅកម្មវិធីអាណាចក្រតារា។
លោកព្រាប សុវត្ថិ បានកើតនៅក្នុងឆ្នាំ ដែលរបបមួយដួលរលំ ជំនួសមកវិញនៅរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេនិយមហៅថា របបអាវខ្មៅ ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ និយាយរួមលោកព្រាប សុវត្ថិ បានហែលឆ្លងនៅរបបដ៏ខ្មៅងងឹត ថ្វីបើលោកនៅមិនទាន់ដឹងក្ដីក៏ដោយ។
ឋិតនៅក្នុងជីវិតជោគជ័យលើវិថីសិល្បៈ លោកព្រាប សុវត្ថិ បានបញ្ចប់ការសិក្សាថ្នាក់បាក់ឌុបនៅឆ្នាំ១៩៩១ និងបន្ដបញ្ចប់មហាវិទ្យាល័យសេដ្ឋកិច្ច និងច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
តារាចម្រៀង និងជាអ្នកសម្ដែងភាពយន្ត មកពីផលិតកម្មរស្មីហង្សមាសរូបនេះ តែងតែប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ដើម្បីឲ្យជីវិតជោគជ័យ គឺត្រូវតែមានការតស៊ូ ព្យាយាម អត់ធ្មត់ និងអត្តចរិតថ្លៃថ្នូរ នៅក្នុងការរស់នៅ៕