ស្វែងយល់ពី វិធីធ្វើឱ្យអារម្មណ៍ ជ្រះថ្លា
ការគិតរបស់មនុស្សម្នាក់ៗ មានលក្ខណៈខុសៗពីគ្នា។ លោកអ្នកខ្លះគិតផ្ដោត ទៅលើអ្វីដែលងាយស្រួល និងមានភាពសប្បាយ ហើយលោកអ្នកខ្លះទៀត គិតទៅលើចំណុចណា ដែលមានការពិបាកស្មុគស្មាញ។ ការគិតអំពីការលំបាកស្មុគស្មាញបែបនេះ អាចបណ្ដាលឱ្យអារម្មណ៍សោកសៅ មិនសប្បាយចិត្ដ និងសម្ដែងចេញនូវកង្វល់ ឱ្យអ្នកដទៃបានដឹង។ ការគិតទៅលើរឿងស្មុគស្មាញ ច្រើនពេកមិនត្រឹមតែធ្វើឱ្យ លោកអ្នកតប់ប្រមល់នោះទេ តែវាអាចធ្វើឱ្យលោកអ្នក ឆាប់ចាស់មុនអាយុ ឬក៏អាចបង្កទៅជាជម្ងឺផ្សេងៗ ទៀតផង។ តើមានវិធីអ្វីខ្លះដែលធ្វើឱ្យ អារម្មណ៍ជ្រះថ្លាបាន?
ដើម្បីឱ្យជ្រាបច្បាស់អំពីវិធីធ្វើឱ្យអារម្មណ៍ជ្រះថ្លា គេហទំព័រសុខភាពកម្ពុជា បានជួបសម្ភាសន៍ជាមួយឧកញ៉ាមហា ឧបាសិកា ញ៉ឹកប៊ុនថា ឧត្ដមប្រឹក្សាសម្ដេច មហាព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។
មូលហេតុបង្កឱ្យមានកង្វល់
នរណាក៏អាចមានការ បារម្ភចំពោះខ្លួនឯងដែរ វាជាការធម្មតាសម្រាប់មនុស្ស។ បញ្ហាកង្វល់កើតនៅ លើស្ដ្រីច្រើនជាងបុរស ។ ការមានកង្វល់ចិត្ដកើតឡើង ចំពោះមនុស្សគ្រប់រូប គ្រាន់តែខុសគ្នាបន្ដិចត្រង់ថាអ្នកខ្លះ មានកង្វល់ចំពោះគ្រួសារ កង្វល់ចំពោះខ្លួន ឯងនិងកង្វល់ផ្សេងៗដែលពាក់ព័ន្ធ ទៅនឹងការរស់នៅប្រចាំថ្ងៃជាដើម។
កង្វល់ក្នុងគ្រួសារ ៖ មនុស្សកើតមក មានរូបមានទុក្ខដូចៗគ្នា គ្មានអ្នកណាម្នាក់ចៀសរួចបានឡើយ។ លោកអ្នកជាមាតាបិតាគិត ចំពោះអនាគតកូនថាតើទៅ ថ្ងៃមុខកូនទៅជាយ៉ាងណា។ ទឹកចិត្ដរបស់ឪពុកម្ដាយមាន ទំហំធំបំផុតចំពោះកូន ទើបលោកទាំងពីរខិតខំ ប្រឹងប្រែងរកស៊ីដើម្បីឱ្យកូន បានទទួលទានគ្រប់គ្រាន់ រៀនបានខ្ពង់ខ្ពស់ និងមានការងារធ្វើត្រឹមត្រូវល្អ។ ចំណែកមាតាបិតាខ្លះទៀត ព្យាយាមតាមដានកូនខ្លាចកូនដើរ ទៅរកផ្លូវខុសដោយសេព គប់មិត្ដភក្ដិមិនល្អ ដើរលេងផ្ដេសផ្ដាស មិនឧស្សាហ៍សិក្សា(គេច សាលា)ជាដើម។ មិនតែប៉ុណ្ណោះស្ដ្រីមួយចំនួនបារម្ភពីប្រាក់ចំណូល មិនសូវគ្រប់គ្រាន់សម្រាប់ ផ្គត់ផ្គង់ក្រុមគ្រួសារ ឬបារម្ភពីស្វាមីទៅ មានស្រីខាងក្រៅមិនយកចិត្ដទុក ដាក់លើក្រុមគ្រួសារ។ ជាពិសេសនៅពេលឃើញគ្រួសារអ្នកដទៃ មានសេចក្ដីសុខ ចំណែកគ្រួសារខ្លួន ឯងហេតុអ្វីពិបាកមិនចេះ ចប់មិនចេះហើយ?
-កង្វល់ក្នុងអាជីវកម្ម ឬការងារ ៖ ជាធម្មតាលោកអ្នកទាំងឡាយ ដែលមានរបរអាជីវកម្មតែង មានការព្រួយបារម្ភទាំង ការចំណាយក៏ដូចជាចំណូល។ អ្នកជំនួញភាគច្រើននៅ ពេលមានបញ្ហាអ្វីកើតឡើង មិនចូលចិត្ដប្រាប់ក្រុមគ្រួសារបងប្អូន ញាតិសន្ដានទេតែងតែព្យាយាម រកដំណោះស្រាយដោយខ្លួនឯង។
-កង្វល់ចំពោះខ្លួនឯង ៖ ការគ្រប់គ្រងអារម្មណ៍ជាការពិបាកបំផុត ប្រសិនបើលោកអ្នកមិនមានការបែងចែក ឱ្យបានត្រឹមត្រូវក្នុង ដំណាក់កាលនីមួយៗ។ ការតូចចិត្ដនឹងខ្លួនឯង ចង់មានចង់បាន ដូចជាចង់បានការងារល្អ ឬប្រាក់ខែច្រើន នាំឱ្យមានអារម្មណ៍ កង្វល់។ ម្យ៉ាងទៀតការគិតថា ខ្លួនអន់ជាងអ្នកដទៃខាងចំណេះវិជ្ជា ហេតុដូចម្ដេចបាន ជាគេរៀនពូកែ ការចងចាំល្អ និងអនាគតភ្លឺ ស្វាង។ និយាយពីខាងសម្ផស្សវិញ លោកអ្នកមួយចំនួនកើត មកស្អាតគ្រប់យ៉ាង អ្នកខ្លះមានរូបរាងមិនសមប្រកប ហេតុនេះក៏នាំឱ្យមាន អារម្មណ៍តូចចិត្ដ មានកង្វល់រហូត។
វិធីធ្វើឱ្យអារម្មណ៍ជ្រះថ្លា
វិធីធ្វើឱ្យអារម្មណ៍ជ្រះថ្លាត្រូវ ចំណាយពេលវេលាច្រើនបន្ដិច។ បើលោកអ្នកចង់បានសុខភាពល្អ ភាពស្រស់ស្រាយក្នុងឆាកជី វិតលោកអ្នកត្រូវតែចំណាយ ពេលសម្រាប់ខ្លួនឯង ដើម្បីកាត់បន្ថយភាពតានតឹង នៅក្នុងឆាកជីវិត។ ដូចនេះលោកអ្នកគួរតែអនុវត្ដតាម ប្រការមួយចំនួនដូចខាងក្រោម។
1. ការតាំងសមាធិ ៖ សំដៅលើការផ្ដោតអារម្មណ៍ តែមួយដោយអប់រំខ្លួនឯងឱ្យរីកចម្រើន ត្រូវគិតតែចំណុចណាដែល ប្រសើរសម្រាប់ជីវិត។ ម្យ៉ាងទៀតសូមលោកអ្នក កាត់បន្ថយនូវទុក្ខកង្វល់ ទាំងឡាយដែលបានកើតមានពេលមុន។ សម្រួលអារម្មណ៍ឱ្យស្រួលដោយ គិតថាមនុស្សកើតមកមានជោគវាសនា មិនដូចគ្នាទេ។ ការទុកចិត្ដចំពោះខ្លួនឯង វាប្រសើរជាងទៅពឹងផ្អែក អ្នកផ្សេងហើយត្រូវប្រកាន់ ភ្ជាប់នូវធម៌វៀរចាកអំពើអាក្រក់។
2. ការសេពគប់ ៖ លោកអ្នករស់នៅក្នុងសង្គម ការរាប់អានបងប្អូនញាតិមិត្ដអ្នក ជិតខាងជាការត្រឹមត្រូវ។ ប៉ុន្ដែចំពោះការសេពគប់គួរ ជ្រើសរើសមនុស្សបែបណា ដែលអាចប្រាស្រ័យទាក់ទងគ្នាបាន ឬជាដៃគូពិភាក្សាលើចំណុច ការងារក៏ដូចជាជីវិតរស់នៅ ប្រចាំថ្ងៃ។ បន្ថែមពីលើនេះទៀត ធ្វើយ៉ាងណាត្រូវចេះសម្របខ្លួន សហការរវាងបងប្អូន និងញាតិសន្ដានក្នុងក្រុមគ្រួសារ ទើបការរស់នៅ មានសុភមង្គល។ ការចូលរួមចំណែកក្នុងសង្គម ក៏ជាទឹកចិត្ដជ្រះថ្លាដែរ ដូចជាបរិច្ចាគបច្ច័យជួយ កសាងសង្គមដើម្បីកាត់បន្ថយភាពក្រី ក្រជាដើម។
3. ការដើរទស្សនាចរ(កម្សាន្ដ) ៖ នៅថ្ងៃឈប់សម្រាក លោកអ្នកគួរឆ្លៀត ឱកាសលំហែកាយ ធ្វើដំណើរកម្សាន្ដនៅ ទីកន្លែងជិតឆ្ងាយ។ ការសម្រាកជួយបន្ធូរអារម្មណ៍ និងភាពតានតឹងពីការងារ បានមួយកម្រិតធំ ពេលដើរកម្សាន្ដមិនគួរគិតពីការងារ ឬរឿងច្របូកច្របល់ឡើយ ត្រូវធ្វើចិត្ដសប្បាយ។
ដំបូន្មានអ្នកប្រឹក្សា
ការរម្ងាប់អារម្មណ៍ជួយបំបាត់នូវភាពកង្វល់ និងភាពឆេវឆាវបាន។ ដូចនេះហើយសូមលោកអ្នកព្យាយាមតាំង អារម្មណ៍ខ្លួនឯងឱ្យបានល្អប្រសើរ។ នៅពេលមានបញ្ហាកើត ឡើងក្នុងក្រុមគ្រួសារក្ដី ខាងក្រៅក្ដី សូមលោកអ្នករកដំណោះស្រាយដោយសន្ដិវិធីដើម្បីចៀសវាង ការបង្កឱ្យមានរឿងកាន់តែធំ៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com