ម៉ោង១២អធ្រាត្រ នៅសង្កាត់លេខ១ (ភាគទី៧)
ភាគទី៧
ភីណាឆ្លើយតបយ៉ាងរហ័ស ហាក់ដូចជាខ្លាចថាពួកគេមិនជឿសម្ដីខ្លួន៖
-ទេ! ខ្មោច មានខ្មោចមែន នៅខាងលើ នៅខាងលើណា៎មីង!
អ្នកបម្រើចំណាស់ទាំងបីងើបមុខសម្លឹងខាងលើព្រមៗគ្នា ប៉ុន្តែទឹកមុខរបស់ពួកគេមិនដូចជាជឿតាមសម្ដីនាងក្រមុំទាល់តែសោះ ដឹងថាសម្ដីខ្លួនមិនបានធ្វើឲ្យពួកគេជឿជាក់នៅឡើយ ភីណាពោលបន្ថែមភ្លាម៖
-យ៉ាងម៉េច? អត់អ្នកណាជឿខ្ញុំទេ?
ភីណាងាករកអ្នកបម្រើដែលជិតស្និទ្ធជាងគេ នាងបន្លឺតបទៅកាន់គាត់៖
-នៅខាងលើ វារត់ចេញពីបន្ទប់ហើយ ហើយខ្ញុំបានឃើញស្រមោល ស្រមោលឡើងទៅខាងលើទៀតផង!
អ្នកបម្រើចំណាស់បង្ហាញក្ដីងឿងឆ្ងល់លើផ្ទៃមុខលើសដើម គ្មានសញ្ញាណាបញ្ជាក់ថាគាត់មានក្ដីភិតភ័យបន្តិចណាសោះ គាត់តបមួយៗ៖
-តោះ! មីងជូនឡើង អត់មានខ្មោចពីណាមកទេ!
ភីណានៅរុញរានៅឡើយ នាងពោលតបទៅកាន់គាត់៖
-ខ្ញុំឃើញមែនមីង! ខ្ញុំឃើញមែន! ជឿខ្ញុំទៅផ្ទះនេះមិនស្រួលទេ!
អ្នកអួនងក់ក្បាលផ្ងក់ៗ គាត់ដឹងថានាងក្រមុំកំពុងត្រូវក្ដីភ័យរន្ធត់សង្កត់ចិត្តមិនទាន់បានស្រាយរួចនៅឡើយ អញ្ចឹងហើយទើបគាត់ប្រឹងពោលលួងលោម៖
-អត់ទេ នាងតូចច្រឡំក៏មិនដឹង ទុកមីងជូនឡើងទៅមើលចុះ! តោះ មីងជូនឡើង។
ភីណានៅរារែក មិនទាន់ឈានជើងមួយជំហានណានៅឡើយ អ្នកសូហ្វ័រឡានលូកមាត់ពោលដោយឈានតម្រង់មកជណ្ដើរ៖
-អត់មានទេនាងតូច! យើងនាំគ្នាឡើងទៅមើលទៅ បើនាងតូចបានឮសំឡេងជើងមែន ក្រែងមានមនុស្សលួចចូលផ្ទះ!
មីងម៉ាប់ឮដូច្នេះក៏ដូចជានឹកបារម្ភដែរ គាត់ពោលបន្ទរបន្ថែម៖
-ត្រូវហើយ យើងឆាប់ឡើងទៅមើលភ្លាម មានចោរក៏មិនដឹង!
អ្នកបម្រើទាំងបីស្ទុះស្ទាឡើងជណ្ដើរតម្រង់ទៅជាន់ខាងលើ នាងក្រមុំភីណា ងើបមុខសម្លឹងដំណើរពួកគាត់ នាងឈានជើងឡើងតាមក្រោយយឺតៗ ដោយក្ដីភិតភ័យមិនទាន់រលាយបាត់ពីទ្រូងនៅឡើយ។
អ្នកបម្រើទាំងបីដើរនាំមុខដោយប្រយ័ត្នប្រយែង ឡើងមកដល់ជាន់ទីមួយរួចបង្អូសឡើងទៅរានហាលខាងលើទៀត ប៉ុន្តែភីណាទទួលអារម្មណ៍ថាចម្លែកណាស់ បរិយាកាសលើកនេះបែរជាស្ថិតក្នុងសភាពស្ងៀមស្ងាត់ធម្មតា កុំថាឡើយខ្មោច សូម្បីតែកូនកណ្ដុរមួយក៏មិនមានប្រទះផង!
នាងក្រមុំរអ៊ូដោយមិនសប្បាយចិត្ត៖
-ឃើញឡើងត្រង់នេះច្បាស់ណាស់ ម៉េចក៏ឥឡូវមិនឃើញអញ្ចឹង?
អ្នកបម្រើទាំងបីរូប សុទ្ធតែបានគិតសង្ស័យរៀងៗខ្លួនក្នុងចិត្តជាស្រេចរួចទៅហើយថានាងក្រមុំកាលពីត្រឡប់មកផ្ទះវិញកាលណា ហាក់ដូចជានាងត្រូវគ្រោះថ្នាក់ធ្វើឲ្យស្មារតីមិននឹងនយ៉ាងម៉េចទេ យប់នេះទៀត ក៏នៅសុខៗស្រែកឆោឡោភ្ញាក់គេឯង ប៉ុន្តែទោះបីជាក្នុងចិត្តម្នាក់ៗគិតយ៉ាងនេះក្ដី ក៏មានអ្នកណានិយាយថាម៉េចដែរ មានតែពោលប្រាប់ថា៖
-អត់មានអីទេនាងតូច! យប់ណាស់ហើយចូលសម្រាកទៅ!
ពួកអ្នកបម្រើនាំគ្នាចុះទៅក្រោមអស់ ភីណាដើរត្រឡប់សំដៅមកកាន់បន្ទប់វិញដោយមិនអស់ចិត្ត នាងជឿថាខ្លួនមិនព្រិលភ្នែក ហើយក៏មិនរវើរវាយដែរ ខ្លួនបានឮសម្រិបជើង បានប្រទះស្រមោលម្យ៉ាងពិតណាស់។
-ចុះម៉េចក៏ពេលនេះ?
ស្រស់ស្រីដើរចូលបន្ទប់រុញទ្វារបិទទាំងមួហ្មង ទើបនឹងបែរខ្លួនមករកគ្រែក៏ស្រាប់តែភ្ញាក់ស្ទើរលោះព្រលឹង ត្បិតអីនៅក្នុងបន្ទប់នេះក្រៅពីនាងនៅមានវត្តមានមនុស្សប្លែកមុខពីរនាក់ទៀត កំពុងឈរបើកភ្នែកគ្រលួងកណ្ដាលបន្ទប់សម្លឹងមកនាងដែរ។
ភីណាស្ទើរមិនជឿភ្នែកខ្លួនឯង តរុណីសម្លឹងទៅមនុស្សមិនស្គាល់ពីរនាក់នោះ ក្នុងចំណោមនោះមានម្នាក់ជាស្រីវ័យក្មេងផង ឯម្នាក់ទៀតជាក្មេងប្រុសជំទង់ ពួកគេប្រកបដោយសម្លៀកបំពាក់រឹបខ្លួន។ ម្នាក់នៅលើដៃមានទាំងកាន់ម៉ាស៊ីនថត ម្នាក់ទៀតកាន់Tablet ។
ភីណាភ្លាត់មាត់ស្រែកសួរភ្លាម៖
-អ្នក….អ្នកទាំងពីរ…ជាអ្នកណា? ពួកឯងនាំគ្នាចូលមកទីនេះម៉េចបាន? ចោរ?…. ចោរមែនទេ!
ស្រីជំទង់លាន់ម៉ាត់តបវិញភ្លាមដោយទឹកមុខស្លូតបូត និងខ្លាចចិត្ត៖
-មិនមែនទេ! ពួកខ្ញុំមិនមែនចោរទេ កុំស្រែកអី!
ស្រីរូបនោះពោលបណ្ដើរ ដើរចូលមកក្បែរភីណាបណ្ដើរ ធ្វើឲ្យនាងក្រមុំម្ចាស់បន្ទប់ថយក្រោយគ្រាកៗប៉ះនឹងទ្វារបន្ទប់ នាងពោលដោយមិនទាន់យល់៖
-មិនមែនចោរអ្ហេស៎!? បើមិនមែនលួចចូលមកផ្ទះគេទាំងយប់អធ្រាត្រយ៉ាងនេះធ្វើអី?
ស្រីក្មេងរូបនោះមិនទាន់បានតបវិញយ៉ាងណានៅឡើយ តែក្មេងប្រុសជំទង់ដែលកំពុងកាន់ម៉ាស៊ីនថតឈរពីក្រោយខ្នងនោះពោលតបមកកាន់ភីណាយ៉ាងរហ័ស៖
-ពួកខ្ញុំមកថតខ្មោច!
ការពិតទៅវត្តមានរបស់គេទាំងពីរបានធ្វើឲ្យភីណាភ្ញាក់ផ្អើលក៏ពិតមែន ប៉ុន្តែនាងក៏មានអារម្មណ៍ពីរនាក់នោះមិនសមទំនងថាចោរសោះដែរ លុះមកឮក្មេងប្រុសជំទង់នោះឆ្លើយតបយ៉ាងនោះទៀត នាងទៅជាហួសចិត្ត នាងពោលសួរវិញភ្លាម៖
-មកថតខ្មោច? និយាយច្រឡំ ឬមួយក៏ខួរក្បាលមានបញ្ហា? អ្នកណាប្រាប់ថាផ្ទះនេះតាំងរូបខ្មោចឲ្យចូលមកថត?
ក្មេងប្រុសនោះហៀបនឹងឆ្លើយតបទៅហើយ ក៏ស្រាប់តែគូកនរបស់គេឆ្លើយកាត់មុន៖
-ពួកខ្ញុំបានជួបខ្មោចរួចហើយ…!មែនណា៎!
ភីណាសម្លឹងមុខគេទាំងពីរនាក់ គេទាំងពោលដោយមួហ្មង៖
-អ្ហូ! ខ្ញុំយល់ហើយ សម្រិបជើងរត់ចុះឡើងនៅខាងក្រៅអម្បាញ់មិញ គឺពីរនាក់ឯងមែនទេ? ចាំមើលចុះ ខ្ញុំប្ដឹងគេថាអ្នកទាំងពីរចូលមករំខានផ្ទះខ្ញុំ ប្រុងខ្លួនដេកប៉ុស្តិ៍ប៉ូលិសទាំងពីរនាក់ទៅ!
ពោលចប់នាងងាកបម្រុងបើកទ្វារចេញពីបន្ទប់ ប៉ុន្តែស្រីក្មេងម្នាក់នោះបែរជារត់មករាំងពីមុខទ្វារជាប់ ណាមួយមានទាំងពោលអង្វរផង៖
-កុំធ្វើអញ្ចឹង! កុំធ្វើអញ្ចឹងអីណា៎!
ភីណាសម្លឹងស្រីក្មេងរូបនេះដោយពិនិត្យពិច័យ នាងពោលសួរដោយហួសចិត្ត៖
-អីគេ? ឯងជាស្រីទេ! មកស្លៀកពាក់ដូចប្រុសទៅកើត? ហើយមកលបចូលផ្ទះគេឯងទាំងយប់អធ្រាត្រ? តែរឿងបែបនេះក៏ហ៊ានធ្វើដែរ? បើគេចាប់ទៅប៉ុស្តិ៍ប៉ូលិសឯងគិតធ្វើម៉េច?
ស្រីរូបនោះហាក់ដូចជាមានបំណងយ៉ាងទទូចចង់ឲ្យគេជឿខ្លួន នាងពោលតបមកកាន់ក្រមុំម្ចាស់បន្ទប់៖
-ជឿខ្ញុំទៅ ខ្ញុំគ្មានបំណងអាក្រក់ទេ! មែនណា៎!
ភីណាសើចខឹកក្នុងបំពង់ក នាងពោលដោយហួសចិត្ត៖
-អត់បំណងអាក្រក់!? មានអ្នកមានបំណងល្អណាមួយដែលចូលផ្ទះអ្នកផងមិនឲ្យម្ចាស់គេដឹងនោះ! ហើយយកកាមេរ៉ាកុំព្យូទ័រមកពេញដៃទៀត រំលោភភាពឯកជនគេច្បាស់ណាស់? អញ្ចឹងចាំខ្ញុំលួចចូលរុករើផ្ទះឯងម្ដងលោមើល!
ស្ទើរតែភីណានិយាយមិនទាន់ចប់ផង ស្រីក្មេងរូបនោះងក់ក្បាលបន្លឺតបញាប់ស្មេរ៖
-បាន! បាន! យប់ស្អែក ឯងទៅផ្ទះខ្ញុំចុះ! ចាំខ្ញុំនិយាយរឿងហេតុនោះប្រាប់អូខេ?!
ភីណាកាន់ងឿងឆ្ងល់ នាងតបវិញទាំងមិនយល់អ្វីសោះ៖
-រឿង? រឿងអី? ហេតុអ្វី? ផ្ទះឯងនៅឯណា?
ស្រីក្មេងរូបនោះតបមកវិញដោយបើកភ្នែកមូលក្លុំ៖
-ផ្ទះខ្ញុំនៅជាប់ផ្ទះឯងខាងស្ដាំដៃនេះទេ! ឯងអត់ដឹងមែនអ្ហេស៎!?
ភីណាកាន់តែងឿងឆ្ងល់៖
-ម៉េចខ្ញុំមិនដែលឃើញឯង? ចង់មកបោកប្រាស់ខ្ញុំផង?
ក្មេងប្រុសជំទង់ដើរចូលមកជិត ពោលពន្យល់ប្រាប់ភីណា៖
-បងស្រីខ្ញុំទើបនឹងមកពីបរទេសទេ! គាត់ចេញទៅរៀនតាំងពីបងស្រីមិនទាន់រើមកនៅទីនេះម្ល៉េះ!
ភីណាសម្លឹងក្មេងប្រុសរួចរេភ្នែកសម្លឹងមកនារីដែលកំពុងឈរកក្បែរខ្លួន នាងក្រពាត់ដៃពោលសួរដោយហួសចិត្ត៖
-និស្សិតបរទេសផង? អញ្ចឹងទេតើ! បានជាមកដល់ភ្លាមក៏ហ៊ានឆ្លងចូលមករុករើផ្ទះខ្ញុំ នេះក៏ប្រហែលមកពីឯងទៅរៀនស្រុកគេយូរពេក ច្បាប់ទម្លាប់ស្រុកខ្លួនយ៉ាងណាក៏ភ្លេចអស់ដែរ!
ក្មេងប្រុសជំទង់ដូចជាមិនព្រមឲ្យភីណាបន្ទោសបងស្រីខ្លួនសោះ គេពោលតបវិញភ្លាម៖
-គាត់ឆ្លងមកមើលខ្មោចទេ! ពួកយើងគ្មានចិត្តថាមករំខានផ្ទះបងទេ យើងចង់ឃើញខ្មោចចង់ថតខ្មោច រួចហើយនឹងត្រឡប់ទៅវិញភ្លាម!
ភីណានៅស្ងៀមដៀងភ្នែកសម្លឹងមើលទៅបងប្អូនគេទាំងពីរ ឬមួយថានោះគឺជាការពិតដែលកប់ក្នុងអាថ៌កំបាំង?
នាងពោលសួរទៅកាន់ពួកគេ៖
-ឥឡូវនេះជួបខ្មោចហើយនៅ? បើឲ្យខ្ញុំនិយាយវិញ គឺបងប្អូនពីរនាក់ឯងនេះហើយជាខ្មោច យប់អធ្រាត្រហ៊ានផ្លោះរបងឆ្លងមកផ្ទះខ្ញុំ ឯងចង់ធ្វើឲ្យខ្ញុំលោះព្រលឹងមែនទេ!
ស្រីក្មេងរូបនោះលូកដៃមកចាប់កដៃភីណាដោយអាការស្និទ្ធស្នាលប្រៀបបីដូចជាមិត្តភ័ក្ដិជិតស្និទ្ធតាំងតែពីពេលមុនមកអញ្ចឹង នាងពោលខ្សឹបៗប្រាប់ក្រមុំម្ចាស់បន្ទប់៖
-នែ៎មិនដឹងមែន ឬក៏ធ្វើពុតទេ? នៅជុំវិញទីនេះអ្នកណាក៏ឮនិយាយពីរឿងផ្ទះនេះដែរ!
ភីណាក្រឡាប់ភ្នែករិះគិត នាងយល់ថាដូចជាមានអារម្មណ៍ជឿសម្ដីពួកគេវិញបន្តិចម្តងៗ ប៉ុន្តែនាងនៅធ្វើជាមិនទាន់យល់ដោយបន្លឺសួរវិញ៖
-និយាយពីផ្ទះខ្ញុំ ផ្ទះខ្ញុំមានរឿងអ្វីឲ្យពួកគេនិយាយ? ខ្ញុំទើបនឹងរើមកនៅទេមិនដែលមានរឿងជាមួយអ្នកណាសោះ…ហេតុអ្វីក៏….
និស្សិតស្រីរូបនោះបើកភ្នែកធំៗ និយាយកាត់សម្ដីក្រមុំម្ចាស់បន្ទប់៖
-ផ្ទះឯងមានខ្មោចណា៎! រឿងនេះគេនាំគ្នានិយាយតាំងពីឯងមិនទាន់រើមកនៅម្ល៉េះ!
ភីណាផ្ទុះក្ដីសង្ស័យជាស្រេចទៅហើយ ប៉ុន្តែនាងនៅធ្វើជាពោលតបធ្វើហី៖
-មែនអី? ចុះម៉េចក៏ខ្ញុំនៅទីនេះ មិនដែលជួបខ្មោច?
ក្មេងប្រុសជំទង់ដែលឈរឆ្ងាយពីនាងទាំងពីរនោះលូកមាត់តបវិញភ្លាមដែរ៖
-បងគង់តែជួបទេ! ផ្ទះបងមានខ្មោចមែន ខ្ញុំនិងបងនេត្របានឃើញអម្បាញ់មិញ ខ្ញុំមានទាំងបានលួចថតបានរូបខ្មោចផង!
ភីណាផ្លាស់ទឹកមុខ នាងដៀងភ្នែកសញ្ជឹងគិត ភ្លាមនោះនិស្សិតស្រីដែលកំពុងចាប់ដៃនាងនៅឡើយ លាន់មាត់ពោលភ្លាមដែរ៖
-មែនណា៎! វាចេញពីបន្ទប់ខាងឆ្វេងនោះហើយ ហើយចូលទៅបន្ទប់ចុងនោះ!
ភីណាសម្លឹងមុខក្មេងស្រីម្ចាស់សម្ដី ហាក់ដូចជាចង់មើលឲ្យធ្លុះថាតើនាងនិយាយពិតឬបោកប្រាស់ ទោះក្នុងចិត្តកំពុងកើតសង្ស័យថាពិតច្រើនជាងកុហកក៏ដោយ។ លូកដៃមួលសោទ្វារបន្ទប់ អូសដៃភីណាឲ្យអើតសម្លឹងទៅក្រៅ នាងលូកដៃចង្អុលប្រាប់ដោយពោលញាប់ស្មេរ៖
-ខ្ញុំ និងប្អូនខ្ញុំឃើញមែន! វាចេញពីបន្ទប់ខាងឆ្វេងនោះ រួចហើយចូលទៅបន្ទប់ចុងនោះ ប៉ុន្តែវាអត់មានដើរទេ គឺបណ្ដែតខ្លួនណា៎!
ភីណាសម្លឹងទៅតាមបន្ទប់ខាងឆ្វេងតាមដែលនិស្សិតស្រីនោះចង្អុលប្រាប់ ទីនោះគឺជាបន្ទប់វត្ថុបុរាណដែលខ្លួននៅចាំថាកាលពីពេលយប់ដែលមានភ្លៀងធ្លាក់នោះ ខ្លួន និងបងថ្លៃស្រីបានឡើងមកកាន់ទីនោះ ហើយបានទាំងប្រទះឃើញបុរសមុខចម្លែកពីរនាក់គួរឲ្យខ្លាចទៀតផង រីឯបន្ទប់ខាងចុងដែលនិស្សិតស្រីចង្អុលថាស្រមោលខ្មោចបណ្ដែតខ្លួនចូលទៅកាន់ទីនោះ ការពិតគឺជាបន្ទប់របស់បងប្រុសនាងដែលនាងដឹងថាពេលនេះគឺបងថ្លៃរបស់ខ្លួនកំពុងសម្រាកនៅក្នុងនោះនៅឡើយ។
នាងងាកទៅសួរនិស្សិតស្រីក្បែរខ្លួន ដោយខ្វល់ខ្វាយ៖
-ឯងឃើញមែន ឬក៏និយាយលេងទេ? នោះជាបន្ទប់របស់បងប្រុសខ្ញុំទេតើ! ខ្មោចឯណាទៅចូលក្នុងនោះ?
និស្សិតស្រីរូបនោះតបវិញដោយក្ដីជឿជាក់៖
-មិនមែនភ្នែកខ្ញុំម្នាក់ឯងទេ! ប្អូនខ្ញុំទៀត វាក៏បានឃើញដែរ ឯងសួរវាចុះ?
ភីណាស្ទុះចូលមកក្នុងបន្ទប់វិញ ដោយរុញទ្វារបិទយ៉ាងប្រញាប់! ទ្រូងលោតញាប់រន្ថើនលើសមុនទៅទៀត កាលបើនាងពិចារណាចូលដល់រឿងបងថ្លៃស្រីរបស់ខ្លួន នាងដៀងភ្នែកសម្លឹងទៅបងប្អូនគេទាំងពីរដែលកំពុងស្ថិតនៅក្នុងបន្ទប់ជាមួយខ្លួនដែរ នាងឃើញគេទាំងពីរកំពុងបើកភ្នែកមូលក្រឡង់សម្លឹងផ្ដោតមកខ្លួនដែរ សភាពតានតឹងដែលគប់ក្នុងចិត្តយ៉ាងលំបាកលំបិននោះ បានចាក់អង្រួនចិត្តភីណាឲ្យលាន់មាត់ទៅកាន់ពួកគេទាំងមិនដឹងខ្លួន៖
-ឯងទាំងពីរដែលឮថាមនុស្សដាច់ខ្យល់ស្លាប់ហើយបែរជារស់ឡើងវិញដែរទេ?
ក្មេងប្រុសជំទង់នៅចំហមាត់បញ្ចេញទឹកមុខភ្ញាក់ផ្អើល ប៉ុន្តែវាបន្លឺតបមកកាន់ភីណា៖
-មនុស្សស្លាប់រស់វិញ កាលនៅអាមេរិកធ្លាប់ឃើញកាសែតចុះផ្សាយដែរ ប៉ុន្តែរស់វិញនោះលែងជាមនុស្សទៀតហើយ គឺខ្មោចឆៅណា៎!
ភីណាបើកភ្នែកធំៗរបៀបតក់ស្លុត នាងពោលសួរដាច់ៗ៖
-ដូច…ដូចក្នុងកុនអញ្ចឹងមែនទេ?
គេទាំងពីរនាក់បងប្អូនមិនបានឆ្លើយតបនឹងនាងក្រមុំទេ គេបែរជាបញ្ចេញទឹកមុខស្លន់ស្លោ ពោលជាមួយគ្នាដោយកាយវិការឆ្លេឆ្លា៖
-ស្លាប់ហើយ! ម៉ោងប៉ុន្មានហើយហ្ន៎? ប៉ាបិទទ្វារហើយឬនៅ យើងធ្វើម៉េចបានចូលផ្ទះទៅ?
ភីណាសម្លឹងទៅបងប្អូនគេទាំងពីរដែលកំពុងអូសដៃគ្នាប្រញាប់ប្រញាល់ចាកចេញពីបន្ទប់…. នាងឮនារីជាបងនោះពោលមកកាន់ខ្លួន៖
-លាសិនហើយ ! យប់ហើយពួកខ្ញុំត្រូវត្រឡប់ទៅវិញទើបបាន ខ្ញុំទៅសិនហើយណ៎ា? ថ្ងៃក្រោយជួបគ្នា!
ពួកគេសសៀរខ្លួនចាកចេញទៅ ភីណានៅឈរទ្រឹងមាត់ទ្វារបន្ទប់ សំណួរមួយលេចធ្លោក្នុងចិត្តនាង៖
-ពួកឯងទៅបាត់ហើយ ចុះខ្ញុំគិតយ៉ាងម៉េច?
សូមរង់ចាំតាមដានភាគបន្តនៅថ្ងៃពុធស្អែកនេះ...
ប្រភព : សប្បាយ