កោរ​សក់​សុំ​ទោស​ ប្រពន្ធ ដើម្បី​រួម​រស់​ សាង​សុភមង្គល​ថ្មី មិន​សម្រេច ផឹក​ថ្នាំអ​ង់ឌ្រីន

7/15/2013 0 Comments A+ a-

ខេត្តកំពង់ចាម ៖ បុរសម្នាក់ឈ្មោះសុក រ៉ា អាយុ៣១ឆ្នាំ បានកោរសក់សុំជានាជាមួយ នឹងប្រពន្ធរបស់ខ្លួនវិញ តែដោយមិនបានសម្រេច ក៏ប៉ងប្រល័យសង្ខារខ្លួនឯង ដោយផឹកថ្នាំអង់ឌ្រីនអស់ប្រហែលកន្លះលីត្រប ណ្តាលឱ្យក្អួតចង្អោររហូត ដល់សន្លប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីព្រឹកថ្ងៃទី១៣ កក្កដា នៅក្នុងភូមិទួលកំពតទី៣ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកតាមម៉ូតូ យកទៅមន្ទីរពេទ្យបង្អែកខេត្តទាន់ពេល និងរួចផុតពីសេចក្តីស្លាប់ ។
លោកស៊ុន សុធា នាយរងប៉ុស្តិ៍រដ្ឋបាលឃុំបឹងព្រួល ឱ្យដឹងថា បុរសរូបនេះមានស្រុកកំណើតនៅភូមិពោធិ៍ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរៀបការទៅតាមប្រពៃណីជាមួយនឹង ស្ត្រីម្នាក់ឈ្មោះឃិន អែម អាយុ២៥ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ បាន២ឆ្នាំមកហើយ ព្រមទាំងបានកូនស្រីម្នាក់ អាយុជាង១ខួប។
លោកនាយរងប៉ុស្តិ៍រដ្ឋបាលឃុំបឹងព្រួល បានឱ្យដឹងទៀតថា ដោយសារតែជីវភាពក្នុងគ្រួសារមាន ការខ្វះខាតនោះ ពីរនាក់ប្តីប្រពន្ធនេះបានទៅធ្វើការជាកម្មករ-កម្មការីនីកាត់ដេរសម្លៀកបំពាក់នៅរាជធានីភ្នំពេញ ។ ក្នុងពេលកន្លងទៅថ្មីៗនេះ បែរជាអំពើហិង្សាក្នុងគ្រួសារបាន កើតឡើងដោយបុរសជាប្តីបានទះកំផ្លៀង ប្រពន្ធមួយដៃជាហេតុបណ្តាល ឱ្យប្រពន្ធខឹង ក៏បានទូរស័ព្ទមកប្តឹងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំបឹងព្រួលថា នាងសុំលែងប្តីហើយមិនអាច យកគ្នាជាប្តីប្រពន្ធបន្តទៅទៀតបានទេ ។ រហូតមកដល់មុនកើតហេតុចំនួន២ថ្ងៃ ស្ត្រីជាប្រពន្ធឈ្មោះឃិន អែម បានធ្វើដំណើរពីភ្នំពេញមកផ្ទះវិញ នៅក្នុងភូមិទួលកំពតទី៣ ឃុំបឹងព្រួល ប៉ុន្ដែទើបមកបាន១ថ្ងៃ ប្តីក៏មកតាម និងបានប្រាប់ទៅលោកមេភូមិ និងលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំបឹងព្រួលនៅថ្ងៃទី១២ កក្កដាថា សុំយកប្រពន្ធវិញ ។ ថែមទាំងបានកោរសក់ក្បាល រួចទៅលន់តួនៅមុខឪពុកម្តាយក្មេក និងប្រពន្ធថា ចាប់ពីពេលនេះទៅ គេលែងបង្កហិង្សាលើប្រពន្ធទៀតហើយ។
នៅល្ងាចថ្ងៃដដែលនោះ (១២ កក្កដា) ទោះបីជាលោកនាយប៉ុស្តិ៍រដ្ឋបាលបឹងព្រួល ទៅសម្រុះសម្រួលយ៉ាងណាក្តី ក៏ប្រពន្ធមិនយល់ព្រមដែរ ។ លោកនាយប៉ុស្តិ៍បានបញ្ជាក់បន្ថែមថា រឿងរ៉ាវនេះរូបលោកនឹកស្មានមិន ដល់ដែលនៅព្រឹកថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៣ ស្រាប់តែបុរសឈ្មោះ សុក រ៉ា បានផឹកថ្នាំអង់ឌ្រីនប៉ុនប៉ងធ្វើអត្តឃាត នៅក្រោមផ្ទះម្តាយក្មេក ។ ក្នុងពេលនោះក៏ដឹងដល់សមត្ថកិច្ច ហើយលោកវរសេនីយ៍ត្រី សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំ បានចាត់ឱ្យរូបលោក (ស៊ុន សុធា) យកអ្នករងគ្រោះទៅសង្គ្រោះជា បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកប្រពន្ធវិញមិនបានរវល់មកមើលប្តីទេ នាំឱ្យបន្ទុកនេះធ្លាក់មកលើសមត្ថកិច្ចទៅវិញ ៕
 ផ្តល់សិទ្ធដោយ កោះសន្តិភាព