ស្ត្រីមាន សតិមិនគ្រប់ ត្រូវគេរំលោភ មានផ្ទៃពោះ៧ខែ
ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ដោយសារតែមានសតិមិនគ្រប់ ត្រូវបានជនអគតិ មិនស្គាល់អត្តសញ្ញាណ ចាប់រំលោភសេពសន្ថវៈ រហូតដល់ មានផ្ទៃពោះចំនួន ៧ខែមកហើយ មានទីលំនៅភូមិណាំកិន ឃុំមៀន ស្រុកព្រៃឈរ តែនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៩ កក្កដា ២០១៣ នេះ ពេលដើរទៅទិញម្ហូប ក៏បានបែកទឹកភ្លោះឈឺពោះកើតកូនតែឯង មិនបាច់មានឆ្មបមកជួយបង្កើតឡើយ តែជាអកុសល ទារកដែលប្រសូតមកនោះ ក៏លាចាកលោកទៅវិញ ។
បើតាមប្រភពពីអ៊ំស្រីរបស់នារីរងគ្រោះបានឱ្យដឹងថា ក្មួយស្រីរបស់គាត់ត្រូវបានឪពុកម្តាយស្លាប់ចោលជិត២០ឆ្នាំមកហើយ តាំងពីនៅវ័យកុមារមកម្ល៉េះ ហើយសព្វថ្ងៃរស់នៅក្នុងផ្ទះខ្ទមតូចមួយដែលមានជញ្ជាំងធ្លុះធ្លាយ មើលឃើញពីម្ខាងទៅម្ខាង ។ គាត់បន្តទៀតថា ថ្វីដ្បិតតែក្មួយស្រីមានសតិមិនគ្រប់ក្តី តែក៏មិនដែលចេះស្រែកជេរអ្នកភូមិណានោះឡើយ មានតែគេអាណិតអាសូរដោយក្មួយគាត់បានដើរកោសខ្យល់ឱ្យគេតាមផ្ទះ ។ ប៉ុន្តែនៅថ្ងៃមួយមិនដឹងជានរណានោះទេ មកចាប់ក្មួយស្រីគាត់រំលោភរហូតដល់មានផ្ទៃពោះ៧ខែបែបនេះទៅវិញ ៕
ប្រភព កោះសន្តិភាព