AirAsia នឹងបើកជើង ហោះហើរថ្មី សៀមរាប-បាងកក នៅខែតុលា ខាងមុខនេះ
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងបើកឱ្យដំណើរការ នូវជើងហោះហើរ ប្រចាំថ្ងៃថ្មីមួយ ពីខេត្តសៀមរាបប្រទេសកម្ពុជា ទៅកាន់ក្រុងបាងកក ប្រទេសថៃ ចាប់ពីខែតុលា ឆ្នាំ២០១៣ខាងមុខនេះ ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ភ្ញៀវទេសចរនានា។
លោក Tassapon Bijleveld អគ្គនាយកក្រុមហ៊ុន Thai AirAsia បានឲ្យដឹងថា “យើងមានភាពរីករាយ ក្នុងការពង្រីកបណ្តាញ របស់យើង ពីទីក្រុងបាងកក ទៅទីតាំងនានាក្នុងតំបន់ ហើយសម្រាប់ឆ្នាំនេះ យើងផ្តោតលើតំបន់ឥណ្ឌូចិន”។
លោកថា អ្នកដំណើរនៅខេត្តសៀមរាប អាចរីករាយជាមួយ ជើងហោះហើរប្រចាំថ្ងៃ ជាមួយតម្លៃដ៏ទាប ទៅកាន់ទីក្រុងបាងកក ដែលជាទីក្រុងដ៏អស្ចារ្យមួយ។ ក្រៅពីកំពុងក្លាយជា មណ្ឌលដ៏សំខាន់ ដែលផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើរ ទៅកាន់បណ្តាទិសដៅ ដ៏ទាក់ទាញជាច្រើន ក្នុងប្រទេសថៃដូចជា ភូកេត ក្រាក់ប៊ី និង ឈៀងម៉ៃ ក្នុងចំណោមទិសដៅជាច្រើនទៀត បាងកកក៏ជាឋានសួគ៌ ចម្រុះជាតិសាសន៍មួយផងដែរ សម្រាប់អ្នក ដែលចូលចិត្តទិញទំនិញ ដើរកំសាន្តពេលរាត្រី គយគន់ទេសភាព និងចំណីអាហារ ដ៏ឈ្ងុយឆ្ងាញ់។ ទីក្រុងនេះ មានអ្វីគ្រប់យ៉ាងសម្រាប់អ្នកគ្រប់គ្នា និងជាកន្លែងសម្រាប់ការទស្សនា រយៈពេលខ្លី ដែលស័ក្តសមចំពោះពេលវេលា នាចុងសប្តាហ៍។
សៀមរាប គឺជាទិសដៅហោះហើរទី៦ របស់ Thai AirAsia នៅឥណ្ឌូចិន ខណៈដែលជើងហោះហើរ ពីបាងកកទៅកាន់ទីក្រុងផ្សេងទៀត ក្នុងតំបន់នេះរួមមាន យ៉ង់ហ្គូន ម៉ាន់ដាឡៃ ហាណូយ ហូជីមីញ និងភ្នំពេញ។ ដើម្បីទទួលបានតម្លៃពិសេសចាប់ពី ២ដុល្លារ ឡើងទៅ ក្នុងមួយជើងនេះ អ្នកដំណើរត្រូវ ធ្វើការកក់ទុក ជាមុនតាមរយៈគេហទំព័រ www.airasia.com ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ សម្រាប់ការធ្វើដំណើរក្នុងចន្លោះពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤៕
