តាម​​រក​​ប្តី ឃើញ​​ឱប​​ ស្រី​​ខារ៉ា​​អូខេ​​ ឆេះ​​ដុំ​​100​អង្សារ

7/05/2013 0 Comments A+ a-


រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ត្រូវមន្ត្រី នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ប្រទះឃើញ អង្គុយឱបសសរយំស្រណោះខ្លួន និងបង្កឱ្យមានការភ្ញាក់ផ្អើលឈរ មើលត្រៀបត្រា កាលពីវេលាម៉ោង១០យប់ថ្ងៃទី៣ កក្កដា នៅតាមផ្លូវលេខ១៩២ កែងផ្លូវលេខ២៥៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ មុនដំបូងគេគិតស្មានថានាងត្រូវបានទទួល រងគ្រោះពីជនណាម្នាក់ធ្វើបាប ប៉ុន្តែបន្ទាប់ពីប៉ូលិសនាំ ទៅសាកសួរទើបដឹងថា នាងធ្លាក់ពីលើម៉ូតូ រលាកជើងនឹងបំពង់ស៊ីមំាំុង នៅពេលដែលប្តីឌុបទៅផ្ទះ បន្ទាប់ពីមានទំនាស់គ្នារឿងប្តី ទៅច្រៀងខារ៉ាអូខេឱបស្រីហើយនាងតាមទាន់ ។
ស្ត្រីវ័យក្មេងរូបនេះ ឈ្មោះធារី អាយុ២៥ឆ្នាំ មានលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ តាមមន្ត្រីនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ខណ្ឌទួលគោកឱ្យដឹងថា មុនដំបូងគេឃើញស្ត្រីវ័យក្មេងរូបនេះ អង្គុយស្រែកយំខ្លាំងៗនៅតាមដងផ្លូវ ។ នៅពេលនោះកម្លាំងនគរបាលល្បាតប្រទះឃើញ ក៏បានតាមសួរនាំដោយស្មានថានាងត្រូវគេធ្វើបាប ។ នៅពេលសួរនាំដំបូងអស់ រយៈពេលប្រមាណ១៥នាទី នាងពុំនិយាយស្តីតបឡើយ និងរិតតែស្រែកយំខ្លាំងៗធ្វើឱ្យអ្នកជិតខាង ឃើញក៏នាំគ្នាចោមរោមមើល និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។
លុះក្រោយមកពេលដែលអ្នកកាសែតទៅថត នាងក៏បានស្ទុះមកចាប់កអាវ និងនិយាយប្រាប់ពីមូលហេតុ ហើយក៏ត្រូវនគរបាលនាំទៅ សាកសួរនៅទីស្នាក់ការប៉ុស្តិ៍តែម្តង កុំឱ្យគេចោមរោមមើលពេក នាំខ្មាសគេកាន់តែខ្លាំង ។ ស្ត្រីរូបនេះបាននិយាយថា មូលហេតុដែលនាងអង្គុយយំដោយសារ តែនាងរលាកបំពង់ស៊ីមាំុងជើង ព្រោះធ្លាក់ពីលើម៉ូតូ ហើយប្តីក៏ជិះទៅបាត់អត់រវល់ចាំឌុបទេ ។ ប្តីរបស់នាងឈ្មោះណាង បានរស់នៅជាមួយគ្នាមានកូនចំនួន៣នាក់ ។ នាងនិយាយរៀបរាប់ទៀតថា នៅវេលាម៉ោង៤រសៀលថ្ងៃទី៣ កក្កដា ពេលដែលនាងចេញពីធ្វើការមកដល់ផ្ទះ ស្រាប់តែបាត់ប្តីហើយពុំឃើញ ទៅយកកូនពីសាលារៀនទេ ។
នៅពេលទូរស័ព្ទចូលទៅ ឮសូរតែភ្លេងនិយាយស្តាប់គ្នាមិន បានក៏គិតថាប្តីចូលខារ៉ាអូខេហើយ ។ ស្ត្រីឈ្មោះធារីបានឱ្យដឹងទៀតថា បន្ទាប់ពីបាត់ប្តី នាងបានជិះម៉ូតូឌុបតាមរកនៅ តាមហាងខារ៉ាអូខេនានា ហើយបានឃើញម៉ូតូប្តីចតទុកនៅមុខហាង ខារ៉ាអូខេមួយកន្លែងដែលមានទីតាំងតាមផ្លូវលេខ១១២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។ នាងរៀបរាប់បន្តថា ដោយសារម៉ួម៉ៅខ្លាំងផង ពេលចូលទៅរកនោះក៏ឃើញលោក ប្តីកំពុងឱបស្រីខារ៉ាអូខេនៅនឹងភ្នែកក៏មានទំនាស់គ្នា ឡើង ហើយនាងបានវាយ ទៅលើស្រីខារ៉ាអូខេនេះផងដែរ ។ ឃើញប្រពន្ធតាមទាន់និងឆេះដុំ ឡើងដល់១០០អង្សាបែបនេះ លោកប្តីក៏នាំប្រពន្ធចេញ មកក្រៅដើម្បីទៅផ្ទះវិញ ។
ស្ត្រីរូបនោះបានរៀបរាប់ទាំងទឹកភ្នែកថា នៅពេលធ្វើដំណើរតាមផ្លូវទៅផ្ទះនាងបាន រលាកបំពង់ស៊ីមាំុងម៉ូតូនិងធ្លាក់ពីលើម៉ូតូ ហើយប្តីមិនព្រមឈប់ទេ បានជិះចោលទៅបាត់ទើបនាងអង្គុយយំ ព្រោះតែការឈឺចាប់ ។ បន្ទាប់ពីធ្វើការសាកសួរហើយប៉ូលិសក៏បានទាក់ទង ទៅបងប្រុសរបស់នាងឱ្យមកនាំទៅផ្ទះវិញ និងមិនដឹងថានៅពេលទៅដល់ផ្ទះ តើភ្នំភ្លើងនោះនឹងរលត់ដោយបែបណានោះទេ ៕
ប្រភព កោះសន្តិភាព