ក្រុមហ៊ុន ZTE នឹង​បញ្ចេញ​ទូរស័ព្ទ Grand S Flex និង Blade G នៅ​ចុង​ឆ្នាំនេះ

6/02/2013 0 Comments A+ a-

ក្រុមហ៊ុន​ ZTE បាន​ប្រកាស​ចេញទូរស័ព្ទទំនើប​ Grand S តាំង​ពី​ខែមករា​ ឆ្នាំ២០១៣ នេះ​មក​ម្ល៉េះ ហើយ​នៅ​ពេល​នោះ​​​ ZTE Grand S គឺ​ជា​ទូរស័ព្ទទំនើប​ដែល​ស្ដើង​ជាង​គេ​គឺ​មាន​កម្រាស់​ត្រឹម​តែ ៦,៩ មម នេះ​បើ​យោង​តាម​ប្រភព​ពី unviredview.com ។ បើ​​ផ្អែក​លើ​​ថាមពល​ថ្ម​ទំហំ 1,780mAh ដែល​មាន​សម្រាប់​​ ZTE Grand S នោះ​គឺ​មិន​សាកសម​នឹង​​ទូរស័ព្ទទំនើប​ដែល​​​បំពាក់​ដោយ CPU Quad-core និង អេក្រង់​ Full HD នោះ​ទេ មាន​ន័យ​ថា​ក្រុមហ៊ុន​គួរតែ​ផលិត​ទូរស័ព្ទទំនើប​ដែលមានថាមពល​ថ្ម​ធំ​ជាង​នេះ ។
ដើម្បី​កែតម្រូវ​នូវ​កំហុង​ឆ្គង​ដែល​បាន​ពោល​ខាងលើ​នោះ​ ពេល​នេះក្រុមហ៊ុន​ ZTE កំពុង​តែ​ត្រៀម​នឹង​បញ្ចេញ​ ZTE Grand S ជំនាន់​ថ្មី​​គឺ ZTE Grand S Flex ដែល​មាន​សមត្ថភាព​ផ្ទុក​ថាមពល​ថ្ម​រហូត​ដល់ 2,300mAh ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ​មាន​កម្រាស់​ក្រាស់​ជាង​ ZTE Grand S ។ ប្រភព​ពី​គេហទំព័រ Frandroid បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ ZTE នឹង​​ចាប់​ផ្ដើម​បញ្ចេញ​ ZTE Grand S Flex ទៅ​លើ​ទីផ្សារ​ប្រទេស​បារាំង​នៅ​ក្នុង​ខែកញ្ញា ឆ្នាំ២០១៣ ។ បើ​ពិនិត្យ​លើ​រូបភាព​​របស់​ Grand S Flex ដែល​បង្ហាញ​ខាង​ក្រោម​​​​ អាច​បង្ហាញ​បាន​ថា​ទូរស័ព្ទទំនើប​នេះ​មាន​រូបរាង​មិន​ខុស​ពី​រៀម​ច្បង​របស់​ខ្លួន​នោះ​ទេ ។
ទូរស័ព្ទទំនើប​មួយ​ម៉ូដែល​ទៀត​របស់​ ZTE ដែល​​ Frandroid បាន​លើក​ឡើង​នោះ​គឺ ZTE Blade G ដែល​មាន​លក្ខណសម្បត្តិ​បច្ចេកទេស​មួយ​ចំនួន​ដូច​ជា៖ អេក្រង់​ទំហំ 4.5-inch កម្រិត​ភាព​ច្បាស់ 854 x 480 pixels, CPU Dual-core 1.2GHz (Qualcomm), RAM 512 MB និង​ ថាមពល​ថ្ម 2,000mAh ។ ​​ប្រភព​ដដែល​ខាង​លើ​បាន​បញ្ជាក់​ផង​ដែរ​ថា​ទូរស័ព្ទទំនើប ZTE Grand x2 ដែល​ក្រុមហ៊ុន​​បាន​ប្រកាស​ចេញ​កាល​ពី​ដើម​ខែឧសភា នឹង​ត្រូវ​បញ្ចេញ​ទៅ​លើ​ទីផ្សារ​ប្រទេស​បារាំង​នៅ​បំណាច់​ខែកញ្ញា ប៉ុន្តែ​ចំពោះ​តម្លៃ​របស់​ទូរស័ព្ទទំនើប​ទាំង​បី​គ្មាន​ប្រភព​ណា​មួយ​អាច​បញ្ជាក់នៅ​ឡើយ​ទេ ៕