ទូរស័ព្ទទំនើប HTC One Nexus ‘Google Edition’ ត្រូវបានប្រកាសចេញជាមួយតម្លៃត្រឹមតែ $600
ថ្មីៗនេះក្រុមហ៊ុន Google ទើបតែបានធ្វើការប្រកាសចេញនូវទូរស័ព្ទទំនើប Samsung Galaxy S4 Nexus ‘Google Edition’ ។ ដោយឡែកមិនទាន់បានប៉ុន្មានថ្ងៃផងពេលនេះ Google ក៏បានប្រកាសចេញបន្ថែមនូវទូរស័ព្ទ HTC One Nexus ថ្មី ដែលដំណើរការដោយ ‘Google Edition’ មានលក្ខណៈនៃកម្មវិធីដូចជាស្រឡាយទូរស័ព្ទ Nexus របស់ក្រុមហ៊ុនអញ្ចឹងដែរ ។
ទូរស័ព្ទ HTC One ដែលត្រូវបានក្រុមហ៊ុន Google យកមកបញ្ចូលជាប្រព័ន្ធដំណើរការ ‘Google Edition’ គឺមានអង្គផ្ទុកទិន្នន័យទំហំ 32GB និងគ្មានទំហំបន្ថែមពី microSD card នោះឡើយ ហើយទូរស័ព្ទនេះនឹងដំណើរការដោយ Android 4.2.2 Jelly Bean ពេលប្រកាសចេញលក់នៅលើ Play Store របស់ Google នាថ្ងៃទី ២៦ ខែមិថុនា ក្នុងតម្លៃត្រឹមតែ $600 ប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ជាមួយនឹងការផ្ដល់ជូនបទពិសោធន៍ក្នុងការប្រើទូរស័ព្ទ HTC One ជាទូរស័ព្ទ Nexus បើយោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងថា HTC One Nexus ត្រូវបានក្រុមហ៊ុន HTC គ្រោងនឹងផលិតចេញក្នុងចំនួនត្រឹមតែ 50,000 គ្រឿងប៉ុណ្ណោះ ហើយសម្រាប់ចំនួនមានកំណត់នេះទូរស័ព្ទ HTC One Nexus ក៏ប្រហែលជាមានលក់តែនៅលើទីផ្សារសហរដ្ឋអាមេរិក និងនៅលើ Play Store របស់ក្រុមហ៊ុន Google ផងដែរ ៕

