Samsung អាចនឹងចេញ Note 3 ពីរម៉ូដែលគឺប្រើអេក្រង់ AMOLED និងអក្រង់ LCD
ប្រិយមិត្តប្រាកដជាទន្ទឹងរង់ចាំមើលថាតើពេលណាទៅទើបក្រុមហ៊ុន Samsung ប្រកាសចេញជាផ្លូវការនូវទូរស័ព្ទទំនើប Galaxy Note 3 ព្រោះថាពាក្យចចាមអារ៉ាមនិងការចេញនូវរូបភាពទូរស័ព្ទមួយនេះចេះតែចេញជាបន្តបន្ទាប់ ។ កាលពីចុងសប្ដាហ៍មុននេះមានលេចចេញនូវរូបភាពដែលបង្ហាញពីផ្នែកខ្លះនៃទូរស័ព្ទទំនើប Galaxy Note 3 ដោយឡែកសម្រាប់ពេលនេះប្រភពចចាមអារ៉ាមពីកូរ៉េមកថាក្រុមហ៊ុន Samsung នឹងបញ្ចេញនូវទូរស័ព្ទ Galaxy Note 3 ចំនួនពីរម៉ូដែលផ្សេងគ្នាគឺ មួយបំពាក់ដោយបច្ចេកវិទ្យាអេក្រង់ AMOLED និងមួយម៉ូដែលទៀតបំពាក់ដោយបច្ចេកវិទ្យាអេក្រង់ LCD ។
មូលហេតុដែលធ្វើឲ្យ Samsung ធ្វើដូចនេះគឺដោយសារតែការផ្គត់ផ្គង់អេក្រង់ AMOLED មានចំនួនមួយកំណត់ ដូច្នេះក្រុមហ៊ុនត្រូវការប្រើអេក្រង់ LCD ជំនួសវិញ ។ មូលហេតុមួយទៀតនោះប្រហែលជាមកពីអេក្រង់ AMOLED មានតម្លៃថ្លៃ ម្យ៉ាងវិញទៀ់តបច្ចុប្បន្ននេះ Galaxy S4 ដែលបំពាក់ដោយ Full HD AMOLED កំពុងតែទទួលបានការពេញនិយមច្រើនពីសំណាក់អតិថិជន ដូច្នេះ Galaxy S4 គឺជាអាទិភាពទីមួយក្នុងការបំពាក់អេក្រង់ AMOLED នៅខណៈដែលការផលិតអេក្រង់នេះកំពុងតែមានបរិមាណកំណត់ផងនោះ ។ មូលហេតុចម្បងមួយទៀតនោះគឺ Samsung Electronics អាចលក់ទូរស័ព្ទទំនើប ទូរទស្សន៍ទំនើប និង កុំព្យូទ័របន្ទះស្ដើងបានលឿន ដូច្នេះ Samsung Display មិនអាចផលិតអេក្រង់ឲ្យទាន់តម្រូវការនោះទេ ។
សូមបញ្ជាក់ថាព័ត៌មានដែលថាក្រុមហ៊ុន Samsung អាចនឹងចេញ Galaxy Note 3 ចំនួនពីរម៉ូដែលដោយបំពាក់នូវបច្ចេកវិទ្យាផ្សេងគ្នានេះគឹទទួលបានពីប្រភពចចាមអារ៉ាមប៉ុណ្ណោះ ចំពោះព័ត៌មានពិតថាតើក្រុមហ៊ុននឹងធ្វើដូច្នេះឬយ៉ាងណានោះក្រុមហ៊ុនមិនទាន់បានចេញមុខបំភ្លឺនៅឡើយទេ ។ មកទល់ពេលនេះរូបភាពពេញលេញរបស់ទូរស័ព្ទនេះក៏គ្មានប្រភពណាអាចបង្ហាញនៅឡើយដែរ ដោយគ្រាន់តែមានការលេចចេញនូវផ្នែកខ្លះនិងមើលទៅមិនដឹងថាជារូបពិតឬអត់ផងទេ ។ សម្រាប់ព័ត៌មានបន្ថែមសូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ៕
ខាងក្រោមនេះជារូបភាពគំរូ Galaxy Note 3
រូបភាពដែលបានលេចនិងអះអាងថាជា Galaxy Note 3 (Note 3 Vs Note 2)
តើប្រិយមិត្តយល់ដូចម្ដេចដែរបើ Galaxy Note 3 ត្រូវបានបំពាក់ដោយអេក្រង់ LCD ? សូមបញ្ចេញមតិក្នុងប្រអប់ខាងក្រោម៖