លេចចេញគំរូរបស់ Samsung Galaxy Note 3
កាលពីម្សិលមិញនេះមានរបាយការណ៍មួយបាននិយាយថា ក្រុមហ៊ុនផលិតទូរស័ព្ទ Samsung បានចាប់ផ្ដើមធ្វើការសាកល្បងទៅលើទូរស័ព្ទ Galaxy Note 3 រួចរាល់ហើយ ។ យ៉ាងណាមិញ បើយោងតាមសំដីរបស់គណៈគ្រប់គ្រងការនាំចេញទូរស័ព្ទ Samsung លោក J.K Shin ក៏ធ្លាប់បាននិយាយរួចទៅហើយថា ទូរស័ព្ទ Galaxy Note 3 នឹងត្រូវប្រកាសចេញនៅឯពិព័រណ៍ពាណិជ្ជកម្មគ្រឿងអេឡិចត្រូនិកអន្តរជាតិ IFA 2013 នៅក្នុងទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់ ក្នុងខែកញ្ញា ។
អស់រយៈពេលជាច្រើនខែ មកដល់ពេលនេះអ្វីដែលជាលក្ខណសម្បត្តិពិតប្រាកដរបស់ទូរស័ព្ទ Galaxy Note 3 មានត្រឹមតែ តួផលិតចេញពីប្លាស្ទិក និងបំពាក់ដោយអេក្រង់ 5.9-inch OLED display (មិនអាចបត់បែនបាន) ប៉ុណ្ណោះ ។ ដោយឡែកកាលពីប៉ុន្មានថ្ងៃមុន គេហទំព័ររបស់កូរ៉េ មួយឈ្មោះ ET News បានចេញផ្សាយព័ត៌មានថា ទូរស័ព្ទទំនើប Galaxy Note 3 នឹងត្រូវក្រុមហ៊ុន Samsung បំពាក់ដោយកាមេរ៉ាទំហំ 13MP ដូចជា Galaxy S 4 ដែរ ប៉ុន្តែមានបន្ថែមនូវបច្ចេកវិទ្យាកាមេរ៉ា OIS និង Optical zoom ដែលធ្វើឲ្យកាមេរ៉ារបស់ Galaxy Note 3 កាន់តែមានភាពច្បាស់ជាងកាមេរ៉ាដែលមាននៅលើ Galaxy S4 បច្ចុប្បន្ន ។ ប៉ុន្តែដោយមានបញ្ហាមួយចំនួនទៅនឹងភាពស្ដើងរបស់ឧបករណ៍ដូច្នេះគំនិតបន្ថែមបច្ចេកវិទ្យា Optical zoom អាចនឹងត្រូវបោះបង់នៅពេលក្រោយកវិញ ។
យ៉ាងណាមិញថ្មីៗនេះប្រភពព័ត៌មាន Sambile និង TechTastic ទើបតែបានធ្វើការបញ្ចេញនូវគំរូទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានប្រភពទាំងពីរអះអាងថា ជាគំរូរបស់ Galaxy Note 3 ។ យោងទៅតាមរូបភាពដែលផ្ដល់ដោយប្រភពទាំងពីរ គេជឿជាក់ថា គំរូទូរស័ព្ទនោះនឹងមិនមែនជាការបន្លំដោយប្រើទូរស័ព្ទ Galaxy Mega 6.3 នោះទេ ព្រោះមានលក្ខណៈជាច្រើនដែលមើលទៅខុសពី Galaxy Mega 6.3 ។
សូមបញ្ជាក់ថា ក្រៅពីលក្ខណសម្បត្តិជាក់លាក់ តួផលិតចេញពីប្លាស្ទិក និងបំពាក់ដោយអេក្រង់ 5.9-inch OLED display គេរំពឹងថា Galaxy Note 3 នឹងត្រូវបំពាក់បន្ថែមដោយ កាមេរ៉ា 13MP មានបញ្ចូលបច្ចេកវិទ្យាកាមេរ៉ា OIS អេក្រង់មានកម្រិតភាពច្បាស់ Full HD, CPU octa-core Exynos 5 ឬ a quad-core Qualcomm Snapdragon 800 ដែលមានទំហំ 2.3GHz ៕

