ទទួលបានរូបរាង iPhone 5S កាន់តែច្បាស់ជាងមុន
កាលពីពេលមុនៗ ពពកធ្លាប់ទទួលបាននូវរូបភាពជាច្រើនដែលទាក់ទឹងទៅនឹងទូរស័ព្ទទំនើប iPhone 5S ។ យ៉ាងណាមិញនៅក្នុងខែនេះ យើងសង្កេតឃើញថារូបភាពដែលបង្ហាញពីផ្នែកផ្សេងៗនៃទូរស័ព្ទ iPhone 5S ត្រូវបានលេចចេញជាច្រើននិងជាបន្តបន្ទាប់ ហើយក្នុងរយៈពេលថ្មីៗនេះយើងក៏ទើបតែទទួលបាននូវផ្នែកខាងមុខរបស់ទូរស័ព្ទ iPhone 5S ផងដែរ ។
រូបភាពបន្ទះ board មេ របស់ iPhone 5S (រូបខាងឆ្វេង) និង iPhone 5 (រូបខាងស្ដាំ) :

បន្ទាប់ពីលេចចេញនូវផ្នែកខាងមុខរបស់ទូរស័ព្ទទំនើប iPhone 5S ពេលនេះយើងទើបតែទទួលបាននូវរូបភាពថ្មីផ្សេងៗទៀតដែលជាផ្នែកខាងក្រោយរបស់ទូរស័ព្ទវិញម្ដង ។ កន្លងមកមានប្រិយមិត្តជាច្រើនបានលើកសំនួរថា បើផ្នែកខាងមុខនៃ iPhone 5S មិនមានអ្វីខុសប្លែកគ្នាច្រើនទៅនឹង iPhone 5 ដូចច្នេះតើផ្នែកខាងក្រោយរបស់ទូរស័ព្ទអាចខុសគ្នាឬទេ ? ឥឡូវចម្លើយសម្រាប់សំនួរនេះត្រូវបានបកស្រាយហើយដូច្នេះសូមប្រិយមិត្តតាមដាននូវលក្ខណៈរូបផ្នែកខាងក្រោយរបស់ទូរស័ព្ទ iPhone 5S ទាំងអស់គ្នា តើមានអ្វីដែលដូចគ្នា និងខុសគ្នាទៅនឹង iPhone 5 ខ្លះ ?
iPhone 5S :

បន្ទាប់ពីបានសង្កេតទៅលើរូបរាងផ្នែកខាងក្រោយដែលជាគ្រឿងម៉ាស៊ីន និងរូបរាងខាងខ្នងរបស់ទូរស័ព្ទ iPhone 5S មក ប្រភព MacRumors បានលើកយកនូវអ្វីដែលជាចំណុចសំខាន់ដូចខាងក្រោម៖
- ការពិនិត្យទៅលើបន្ទះ board មេ (logic board) គឺដូចគ្នាទៅនឹងការលេចចេញកាលពីថ្ងៃមុន ភាពខុសគ្នាទាំងស្រុងទៅនឹងបន្ទះ board មេរបស់ iPhone 5 ។
- បន្ទះ chip មិនមានបង្ហាញពី A-series ណាឲ្យច្បាស់នោះទេ ដូចជាការបញ្ជាក់ដោយ A6 នៅក្នុង iPhone 5 ជាដើម ។ ប៉ុន្តែនៅផ្នែកខាងក្រោមមានដាក់លេខកូដ “1243″ ជាសញ្ញាប្រាប់ថា វាជាបន្ទះ chip ដែលបានផលិតក្នុងសប្ដាហ៍ទី៤៣ នៃឆ្នាំ២០១២ គឺកំឡុងចុងខែតុលា ។ តាមរយៈនេះហាក់មានភាពស្រពិចស្រពិលបន្តិចព្រោះថា គេមិនដឹងថាវាគ្រាន់តែជាគំរូទូរស័ព្ទដែលនឹងត្រូវបន្តប្រើបន្ទះ chip A6 ឬក៏ជាបន្ទះ chip ផ្សេងពីនេះ ។
- ចំពោះថ្មទូរស័ព្ទមានបង់លេខ Apple Part Number (APN): 616-0652 បើធៀបទៅនឹងលេខដែលមាននៅលើ iPhone 5 ដូចជា 616-0611 និង 616-0613 គឺមានភាពខុសគ្នា ។ លើសពីនេះថាមពលថ្មហាក់មានបរិមាណច្រើនជាងមុនគឺ 5.92 Whr បើធៀបទៅនឹងបរិមាណ 5.45 Whr ដែលជាថាមពលថ្មរបស់ iPhone 5 ។ ប៉ុន្តែយោងទៅតាមរូបភាពដដែលគំរូថ្មនោះ គឺមិនទាន់ត្រូវបានទទួលការបញ្ជាក់នូវគុណភាពនៅឡើយទេ ។
ផ្នែកខាងខ្នង iPhone 5S :

- ចំពោះរូបរាងខាងខ្នងរបស់ទូរស័ព្ទ iPhone 5S គឺហាក់ដូចជាអ្វីដែលមាននៅក្នុងពាក្យចចាមអារ៉ាម ព្រោះថា មានបំពាក់ដោយ LED flash ចំនួនដល់ទៅពីរ ឬហៅថា ‘Dual LED flash’ ។
រូបផ្នែកខាងមុខ iPhone 5 និង iPhone 5S:
ផ្នែកខាងខ្នងរបស់ iPhone 5:
សូមបញ្ជាក់ថា ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងអាចប្រកាសចេញនូវ iPhone 5S នាចុងឆ្នាំនេះ ជាមួយនឹង iPhone ដែលមានតម្លៃទាប គឺដូចជាមានសំបកផលិតពីប្លាស្ទិក និងអាចមានជម្រើសពណ៌ផ្សេងៗជាច្រើន ។ តាមពាក្យចចាមអារ៉ាមបានប្រាប់ឲ្យដឹងថា Apple ទំនងជាប្រកាសចេញនូវ iPhone ជំនាន់ថ្មីក្នុងចន្លោះខែកញ្ញាខាងមុខ ៕

