ស្រីស្អាតស្រវឹងស្រាបើករថយន្តឡិចស៊ីសGX470ក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តប្រមូលសំរាមពេញទំហឹង រួចទុករថយន្តគេចខ្លួនបាត់

ភ្នំពេញ ៖ ស្ត្រីម្នាក់ស្រវឹងស្រាជោក បានបើករថយន្តឡិចស៊ីសGX470របស់ខ្លួនក្នុងល្បឿនលឿនរួចក៏ជ្រុលទៅបុកចំក្បាលរថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រីកាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣នៅតាមបណ្តោយផ្លូវសុធារស ជិតវត្តស្វាយពពែក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបណ្តាលឲ្យរថយន្តឡិចស៊ីសរួញផ្នែកខាងមុខ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់វ័យជាង៣០ឆ្នាំស្ថិតក្នុងស្ថានភាពស្រវឹងស្រាបានបើកបររថយន្តមួយគ្រឿងម៉ាកឡិចស៊ីសGX470ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2I-8855របស់នាង ធ្វើដំណើរតាមបណ្តោយផ្លូវសុធារសក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន លុះដល់ចំណុចកើតហេតុមិនដឹងថានាងងោក ឬយ៉ាងណានោះទេបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកគ្នាជាមួយរថយន្តក្រុមហ៊ុនស៊ិនទ្រី ដែលធ្វើចរាចរបញ្ច្រាសទិសគ្នាបើកតិចៗតាមដងផ្លូវដើរប្រមូលសំរាម ពេញទំហឹងបណ្ដាលឲ្យក្បាលរថយន្តឡិចស៊ីសកំពិតនិងរងការខូចខាតផ្នែកខាងមុខទាំងស្រុង។ ចំណែករថយន្តស៊ិនទ្រីក៏ត្រូវខូចខាតផ្នែកខាងមុខផងដែរ ប៉ុន្តែមានសភាពតិចជាងឡិចស៊ីស។
សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរនេះមិនបណ្តាលឲ្យម្ចាស់រថយន្តឡិចស៊ីសរងរបួសនោះទេដោយបានផ្ទុះពោងការពារសុវត្ថិភាព ហើយក៏មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះដែរ។ សាក្សីឲ្យដឹងថា ក្រោយកើតហេតុគេបានសង្កេតឃើញស្ត្រីជាម្ចាស់រថយន្តបើកទ្វារចុះពីលើរថយន្តដើរទ្រេតចុះទ្រេតឡើងទន់ខ្លួនដោយស្ថានក្នុងសភាពស្រវឹងជោក ក្រោយមកត្រូវបានមិត្តភ័ក្ដិយករថយន្តមួយគ្រឿងផ្សេងទៀតមកទទួលយកបាត់ទៅ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
រថយន្តទាំងពីរគ្រឿងត្រូវនគរបាលមូលដ្ឋានសហការជាមួយនឹងនគរបាលជំនាញចុះមកវាស់វែងអូសយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
Resource by : kpt-news.com
Resource by : kpt-news.com