ប្ដឹងទារ២លានដុល្លារដោយសារលួចយករូបថតក្នុង Facebook
និស្សិតស្រីម្នាក់មកពីសាកលវិទ្យាល័យGeorgia សហរដ្ឋអាមេរិកបានដាក់ពាក្យបណ្ដឹងទាមទារសំណងជាទឹកប្រាក់២លានដុល្លារពីសាលាឯកជនFayette មួយកន្លែង បន្ទាប់ពីនាងចោទថា សាលាខាងលើនេះបានយករូបថតរបស់នាងទៅធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាមួយ។
យោងតាមព័ត៌មានចេញផ្សាយដោយទូរទស្សន៍WSBTV របស់អាមេរិកបានឲ្យដឹងថា Chelsea Chaney ដែលជាជនរងគ្រោះ បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង ដើម្បីទាមទារទឹកប្រាក់ដ៏ច្រើននេះ បន្ទាប់ពីនាងបានដឹងថាមានលោកសាស្ត្រាចារ្យម្នាក់នៃសាលាមួយនេះ យករូបដែលនាងបានPost នៅក្នុងFacebook មកធ្វើបទបង្ហាញក្រោមប្រធានបទ”ការប្រុងប្រយ័ត្នលើការប្រើប្រាស់បណ្តាញព័ត៌មានសង្គម”។
បើយោងតាមសម្ដីផ្ទាល់របស់Chelsea ជាជនរងគ្រោះ បានឲ្យដឹងថា នាងមានការខ្មាសអៀនយ៉ាងខ្លាំងនៅពេលដែលរូបរបស់នាងត្រូវបានគេយកទៅធ្វើបទបង្ហាញជាសាធារណៈ ដោយមិនមានការសុំអនុញ្ញាតជាមុនពីរួបនាង។ អ្វីដែលធ្វើឲ្យនាងមានការអាម៉ាស់បំផុតនោះគឺថា ភាសាដែលប្រើប្រាស់លើរូបថតរបស់នាងមានលក្ខណៈពណ៌នាក្នុងន័យបន្ទោសបង្អាប់ដើម្បីបង្ហាញទស្សនិកជនបានយល់ពីផលប៉ះពាល់នៃការប្រើប្រាស់បណ្ដាញព័ត៌មានសង្គម ទាំងខ្លួននាងមិនដឹងអ្វីទាល់តែសោះ។
មេធាវីការពារក្តីរបស់នាងក៏បានគូសបញ្ជាក់បន្ថែមផងដែរថា វាជារឿងខុសច្បាប់ទាំងស្រុង ដែលបុគ្គលណាម្នាក់លួចយករូបថតរបស់អ្នកដទៃដោយពុំមានការអនុញ្ញាតជាមុន ហើយវាគឺជារឿងខុសសីលធម៌ផងដែរនៅក្នុងករណីខាងលើនេះ៕