Djokovic និង Williams បន្តឈ្នះដូចគ្នានៅ Wimbledon
ក្រុងឡុងដ៍ៈ កីឡាករវាយកូនបាល់ទោល លំដាប់លេខ ១ពិភពលោក Novak Djokovic បានឡើងទៅជុំទី ៣ជាស្ថាពរ ហើយក្រោយពីបានវាយ ទម្លាក់កីឡាករអាមេរិក Bobby Reynolds នាយប់មិញនេះ ក្នុងវគ្គទី ២នៃព្រឹត្តិការណ៍ Wimbledon ឆ្នាំ២០១៣របស់អង់គ្លេស ។
ប្រភពព័ត៌មានពីគេហទំព័រ BBC បានឱ្យដឹងថា ការប្រកួតដែលបានធ្វើឡើងនៅលើទីលាន Center Court កីឡាករសញ្ជាតិស៊ែប៊ី Djokovic សម្រេចបានជាលទ្ធផល ៣-០ ដាច់ដោយមាន គ្រាប់បាល់ ៧-៦(៧-២) ៦-៣ និង ៦-១ ខណៈដែលមា្ចស់ជើងឯកនាឆ្នាំ ២០១១ មិនអាចតដៃបានសូម្បីតែ ១សិតសោះ ។
ក្រោយពីទទួលបានផ្លែផ្កានេះ Djokovic បានប្រាប់ឱ្យដឹងថា “ក្នុងសិតទី១ ខ្ញុំហាក់បីដូចជា មានភាពតានតឹងបន្តិច មុនពេលដែលសិតទី២ និងទី៣ប្រព្រឹត្តិទៅដោយរលូន ជាមួយនឹង ទម្រង់លេងបានយ៉ាងល្អ ។ ខ្ញុំគិតថា ល្បែងរបស់ខ្ញុំនៅ ទីនេះហើយជាមួយនឹង ការទន្ទឹងរង់ចាំ តែឱកាសមកដល់តែប៉ុណ្ណោះ” ។
តែដោយឡែកសម្រាប់កីឡាករអង់គ្លេស២រូបគឺ Laura Robson និង Andy Murray បានលើកការប្រកួតមកយប់ថ្ងៃ សុក្រ ទី២៨នេះវិញ ដោយសាររាំងស្ទះភ្លៀងខ្លាំងពេក នាយប់មិញនេះ ស្របពេលដែល Robson ត្រូវជួបប្រកួតជាមួយ កីឡាការិនីកូឡុំប៊ី Mariano Duque Marino និង Andy Murray ត្រូវប៉ះជាមួយកីឡាករ Tommy Robredo នៅក្នុងទី លាន Center Court ដូចគ្នានៃជុំទី៣ ។
យ៉ាងណាមិញកីឡាការិនីលំដាប់លេខ ១ ពិភពលោកជនជាតិអាមេរិក Serena Williams ក៏បានឡើងទៅជុំទី៣ដោយ ជោគជ័យផងដែរ បន្ទាប់បានវាយបំបាក់កីឡាការិនីបារាំង Caroline Garcia ដោយលទ្ធផល ៦-៣ និង ៦-២ ក្នុងជុំទី២ យប់មិញដែរនៅលើទីលាន Center Court ខណៈដែលគូប្រជែងជើងខ្លាំង Victoria Azarenka និង Maria Sharapova បានហាលអាវហើយនោះ ៕
by: Lookingtoday