CEO HTC ប្រកាសដណ្ដើមចំណែកទីផ្សារឱ្យបាន ១៥%ឆ្នាំនេះ
HTC ក្រោយមានព័ត៌មានថា នាយកប្រតិបត្តិលោក Peter Chou មិនលាឈប់ឡើយ បើកាលណា HTC One មិនទាន់ទទួលបានជោគជ័យខ្លាំងនោះ ឥឡូវនេះលោកក៏បានប្ដេជ្ញាបន្ថែមទៀតថា នឹងធ្វើឱ្យក្រុមហ៊ុនមានកំណើនទីផ្សារ Smartphone ដល់ ១៥% នៅឆ្នាំ ២០១៣នេះ។
Peter Chou ជឿជាក់ថា ក្រុមហ៊ុននឹងអាចស្រូបទាញចំណែកទីផ្សារ Smartphone កើនឡើង ១ជា៣ នៅពេលដ៏ខ្លីខាងមុខ។ នាយក Chou បានគូសបញ្ជាក់បន្ថែមទៀតថា ម្ចាស់ភាគហ៊ុន ថ្មីៗនេះមានជំនួបប្រជុំមួយ ហើយនាឱកាសនោះបានលើកឡើងថា ក្រុមហ៊ុនអាចរក្សាចំណែកទីផ្សារចំនួន ៤% ដែលមានកាលពីឆ្នាំ ២០១២កន្លងទៅឱ្យបានល្អ និងបន្តពង្រីកដោយចេញផលិតផលតម្លៃមធ្យមជាចក្ខុវិស័យឈានឆ្ពោះទៅក្ដាប់ចំណែកទីផ្សារ១០% ទៅ ១៥% ឱ្យទាល់តែបាន។
សម្អាងបន្ថែមទៅលើគម្រោងរបស់ខ្លួន Peter Chou ថានឹងកាត់បន្ថយខ្ទង់ចំណាយដែលមិនចាំបាច់ តាមដែលអាចធ្វើបាន ដើម្បីយកទៅចំណាយលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍក្រុមហ៊ុនឱ្យពិភពលោកទទួលស្គាល់ និងមានទំនុកចិត្តមកលើ HTC។ បើទោះបីពេលនេះ Chou កាត់បន្ថយចំណាយជាង ៥០% ក៏ពិតមែន តែនាយករូបនេះគ្មានគម្រោងស្វែងរកការងារខាងក្រៅនោះទេ ហើយនៅតែជឿជាក់លើសមត្ថភាពខ្លួនឯងថា អាចដឹកនាំក្រុមហ៊ុនឱ្យល្អបំផុតដដែល។
បច្ចុប្បន្ន ចំណែកទីផ្សារ HTC បានធ្លាក់ចុះចាប់ពីត្រីមាសទី១ ឆ្នាំ២០១១ ដែលមាន ៩,៣% មកសល់ត្រឹម ២,៥% នៅត្រីមាសទី១ ឆ្នាំ២០១៣។ ចំណែកហ៊ុនរបស់ HTC វិញក៏មានការធ្លាក់ចុះប្រមាណ ៩៨% ក្នុងមួយឆ្នាំៗដែរ៕

