ក្រសួងការ បរទេស​កម្ពុជា​ ទាត់​​ចោល​​សេចក្តី ថ្លែង​ការ​ណ៍​​ សហ​ភាព​​អឺរ៉ុប​ ស្តីពី​ការ​បោះ​ឆ្នោត​

6/28/2013 0 Comments A+ a-

រូបតំណាង
​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា បាន​ច្រាល​ចោល​សេចក្តីថ្លែងការណ៍​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​​កម្ពុជា ដែល​អំពាវនាវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​​ការ​បោះ​ឆ្នោត​​(​គ​.​ជ​.​ប​) រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ប្រកបដោយ​តម្លាភាព សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​។​
​ប្រតិកម្ម​របស់​ក្រសួងការបរទេស​កម្ពុ​ជា ធ្វើ​ទ្បើង​មួយថ្ងៃ បន្ទាប់​ពី​ការិយាល័យ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ចេញ​ផ្សាយ​​សេច​ក្តី​ថ្លែង​ការណ៍​​របស់​​ខ្លួន​ ដោយ​​លើក​ឡើង​​ថា​ ការ​បោះ​ឆ្នោត​​ដោយ​តម្លា​ភាព​ និង​ការជឿ​ទុកចិត្ត​បាន គឺជា​មូលដ្ឋាន​សំខាន់ ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ធានា​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា នៅពេល​អនាគត​។ សហភាព​អឺរ៉ុប ក៏បាន​លើកឡើង​ពី​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​សមធម៌ និង​ទប់ស្កាត់​រាល់​ការប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមិថុនា ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៣​។​
​ក្នុង​កំណត់​ទូ​តរបស់​ក្រសួងការបរទេស​កម្ពុ​ជា ផ្ញើ​ទៅកាន់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក្រសួង ថ្លែងថា ក្នុងនាម​ជា​រដ្ឋ​មាន​អធិបតេយ្យ និង​ឯករាជ្យ រដ្ឋាភិបាល​កម្ពុជា មិន​អាច​ទទួលយក​សេចក្តីថ្លែងការណ៍​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​បាន​ទ្បើយ​។ ក្រ​សូង​ការបរទេស​កម្ពុជា សុំ​ឲ្យ​ប្រតិភូ​សហភាព​អ៊ឺរ៉ុប គោរព​ឲ្យបាន​ពេញ​លេញ​នូវ​មាត្រា​៤១ នៃ​អនុសញ្ញា​ទីក្រុង​វី​យែន ស្តី​ពី​ទំនាក់ទំនង​ការទូត ដែល​ចែង​ថា រដ្ឋ​ជា​ភាគី​មាន​កាតព្វកិច្ច​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ទ្បើយ​​។​​
​កំណត់ត្រា បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ប្តេជ្ញា​ជា​ស្រេច​ហើយ ឲ្យមាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ មាន​តម្លាភាព និង​ប្រជាធិបតេយ្យ ដូចដែល​បាន​អនុវត្ត​កន្លង​មក​។​
​គូរ​រំលឹក​ថា សហភាព​អឺរ៉ុប បាន​ប្រកាសថា ​ខ្លួន​នឹង​មិន​បញ្ជូន​អ្នកសង្កេតការណ៍ មក​ឃ្លាំមើល​ដំណើរ​ការបោះឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ខាង​មុខ​ទេ​៕ by VOD