បុរស​ចេះ​ធ្វើ​ម្ហូប​សុទ្ធ​តែ​ខ្ទើយ​ឬ?

6/25/2013 0 Comments A+ a-


ការងារ​ចង្ក្រាន​ជើង​ឆ្នាំង​ ពិសេស​រឿង​ធ្វើ​ម្ហូប​អាហារ ​ត្រូវ​សង្គម​ខ្មែរ​ចាត់​ទុក​ថា​ ជា​ការងារ​​ផ្ដាច់​មុខ​របស់​មនុស្ស​ស្រី។ ឯ​បុរស​គឺ​អង្គុយ​ចាំ​តែ​ទទួល​ទាន​​​ស្រាប់ៗ។  សម័យ​ឥឡូវ​ គេ​​សង្កេត​ឃើញ​មនុស្ស​ប្រុស​ក៏​ចូល​ចង្ក្រាន​ធ្វើ​​ម្ហូប​ ដូច​មនុស្ស​ស្រី​ដែរ តែ​ត្រូវ​​បាន​គេ​ចោទ​ថា​ មនុស្ស​ប្រុស​ទាំង​នោះ​គឺ​ជា​មនុស្ស​ខ្ទើយ​ទៅ​វិញ​?

ខាង​ក្រោម​នេះ​​ជា​យោបល់​របស់​យុវជន​មួយ​ចំនួន​ ដោយ​ខ្លះ​ថា​ មនុស្ស​ប្រុស​ចូល​ចង្ក្រាន​គឺ​ខ្ទើយ​មែន តែ​ខ្លះ​ថា​មិនមែន​ទេ។
កញ្ញា​ ដាលីស ​និស្សិត​ឆ្នាំ​ទី២​ជំនាញ​ធនាគារ​នៃ​សាកល​វិទ្យាល័យ​បៀលប្រាយ​ បាន​ឲ្យ​ដឹង​ថា​  តាម​កញ្ញា​សម្គាល់​ឃើញ​ មនុស្ស​ប្រុស​ចូលចិត្ត​ការងារ​ចង្ក្រាន​បែប​នេះ​នឹង​ក្លាយ​ជា​ខ្ទើយ​ ព្រោះ​កញ្ញា​​មាន​មិត្តភ័ក្ដិ​ច្រើន​បែប​នេះ​ ប៉ុន្តែ​គ្រាន់​តែ​គេ​​លាក់​មុខ​ប៉ុណ្ណោះ។ ដាលីស​ បាន​បន្ថែម​យ៉ាង​នេះ​ថា៖ “ភាគ​ច្រើន​ខ្ទើយ​ហើយ​ មិត្តភ័ក្ដិ​ខ្ញុំ​តែ​ម្ដង​ យូរ​ៗ​ទៅ​ក្លាយ​ជា​ខ្ទើយ​ ទោះ​ជា​មាន​មាឌ​ដាំង​យ៉ាង​ណា​ក៏​ដោយ គ្រាន់​តែ​លាក់​មុខ”។
កញ្ញា​ សាហ្វាលីន ​និស្សិត​ឆ្នាំ​ទី​២​ ជំនាញ​ទីផ្សារ​ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ បាន​ឲ្យ​ដឹង​ផ្ទុយ​ពី​ដាលីស​ថា៖ “មិន​មែន​យ៉ាង​នេះ​ទេ​ ជួន​កាល​គ្រួសារ​របស់​គេ​គ្មាន​កូន​ស្រី​ ដូច្នេះ​គេ​ត្រូវ​តែ​ចេះ​ធ្វើ​ម្ហូប​អាហារ​ហើយ​ ហើយ​ក៏​មិន​ទាស់​ខុស​អី​ដែរ​ តែ​វា​កាន់​តែ​ល្អ​ទៅ​វិញ​ទេ។ បុរស​ដែល​ខ្ញុំ​ស្គាល់​ចេះ​ធ្វើ​ម្ហូប​ ប៉ុន្តែ​មិនមែន​ខ្ទើយ​ទេ”។
កញ្ញា​ ម៉ម ចាន់នី ​និស្សិត​ឆ្នាំ​ទី​១​ ជំនាញ​ថែ​ទាំ​វេជ្ជសាស្ត្រ​ នៅ​សាកល​វិទ្យាល័យ​សុខាភិបាល​ បាន​ឲ្យ​ដឹង​ថា​ វា​លំបាក​រក​ទៅ​វិញ​ទេ​ បុរស​ដែល​ចេះ​ការ​ងារ​ស្រី​បែប​នេះ។ កញ្ញា​ថែម​ទាំង​ចង់​បាន​ស្វាមី​ចេះ​ធ្វើ​ម្ហូប​ទៀត​ផង។ កញ្ញា​បាន​បន្ថែម​ថា៖ “មិនមែន​ខ្ទើយ​ទេ​ តែ​គាត់​ជា​បុរស​ពេញ​លក្ខណៈ​​​ ហើយ​បុរស​បែប​នេះ​​កម្រ​រក​ណាស់​ គឺ​១០០​មាន​១០​​តែ​ប៉ុណ្ណោះ។ គាត់​នឹង​អាច​ជួយ​ទុក​ធុរៈ​ប្រពន្ធ​បាន។ ខ្ញុំ​ចង់​បាន​ស្វាមី​បែប​នេះ”។
យុវជន​ អ៊ុង មាន ​និស្សិត​នៅ​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថា​ មក​រៀន​នៅ​ភ្នំពេញ ​ម្នាក់​ឯង​មិន​មាន​អ្នក​ធ្វើ​បាយ​ឲ្យ​ញ៉ាំ​ជាង​៨​ឆ្នាំ​ហើយ​ ដូច្នេះ​ត្រូវ​តែ​ចេះ​ធ្វើ​ម្ហូប​ ប៉ុន្តែ​យុវជន​រូប​នេះ​មិន​ដែល​គិត​ថា​ខ្លួន​នឹង​ក្លាយ​ជា​ខ្ទើយ​ទេ​ ព្រោះ​ខ្លួន​​​​​ស្រឡាញ់​​តែ​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយ​​គ្នា។  អ៊ុង មាន​ បន្ថែម​ថា៖ “ទោះ​មាន​ប្រពន្ធ​ហើយ​ក៏​ដោយ​ ខ្ញុំ​នៅ​តែ​ចូល​ចង្ក្រាន​ ជួយ​ការងារ​ជា​ច្រើន​ មិន​ខ្វល់​ថា​ គេ​និយាយ​ថា​ខ្ញុំ​ ដណ្ដើម​ការងារ​ស្រី​នោះ​ទេ​ ព្រោះ​មនុស្ស​ស្រី​ក៏​ចេញ​រក​លុយ​ដែរ​សម័យ​បច្ចុប្បន្ន​នេះ”។

Resource by : sabay