ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៥​នាក់​របួស​ធ្ងន់​ស្រាល​

6/25/2013 0 Comments A+ a-

កំពង់ឆ្នាំង ​៖​ មនុស្ស​ប្រុស​ស្រី​៥​នាក់​បាន​រង​របួស​ធ្ងន់ ​និង​ស្រាល​ នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ពេញទំហឹង​​កាល​ពី​វេលា​ម៉ោង​៣និង៣០​នាទី​ល្ងាច​ថ្ងៃទី​២៤ ​ខែ​មិថុនា ​ឆ្នាំ​២០១៣ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ​មុខ​ធនាគារ​អេស៊ីលីដា​ក្នុងភូមិ​ត្រពាំង​បី ​សង្កាត់​ផ្សារឆ្នាំង ​ក្រុង​កំពង់ឆ្នាំង។
សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បាន​អោយ​ដឹង​ថា ​ក្នុង​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម​អត់​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ សន តក់​ អាយុ​២០​ឆ្នាំ ​ភេទ​ប្រុស ឌុប​ឈ្មោះ រឿន ប៉ូ លីន អាយុ​១៩​ឆ្នាំ​ពីក្រោយ។ ពួកគេ​រស់នៅ​ភូមិ​ធម្មយុត្តិ​ សង្កាត់​ប្អេរ ក្រុង​កំពង់ឆ្នាំង​ បាន​បើកបរ​ពី​កើតមក​លិច​បត់​មក​ត្បូង​មុខ​ធនាគារ​អេស៊ីលីដា។ ពេល​នោះ​មាន​ឌុប​ម៉ូតូ​ឌ្រីម​ សេ​១២៥​ ស៊េរី​០៥ ​ពណ៌​ខ្មៅ​អត់​ស្លាក​លេខ​ឌុប​នារី​២​នាក់​មកពី​រោងចក្រ​អ៊ឹម​វ៉េ​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង​បើកបរ​ដោយ​ឈ្មោះ ពៅ អាយុ​២៧​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដោយ​បើក​យ៉ាង​លឿន​មកដល់​ចំណុច​កើតហេតុ​រវល់​ងាក​ក្រោយ​ក៏បាន​បុក​ម៉ូតូ​សង់​កូរ៉េ​ចំ​ពីមុខ​ពេញទំហឹង​តែម្តង បណ្តាល​អោយ​មនុស្ស​ប្រុស​ស្រី​៤​នាក់​រង​របួស​ស្រាល ចំណែក​អ្នក​បើក​ម៉ូតូ​ឌ្រីម​០៥ សន្លប់​ឈឹង​រង​របួស​ធ្ងន់។
ក្រោយ​ពេល​កើតហេតុ ​ អ្នក​រង​របួស​ធ្ងន់​ត្រូវ​បាន​គេ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​បញ្ជូន​យក ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​ចំណែក​ម៉ូតូ​ទាំង​២​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​ ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ​តាមផ្លូវ​ច្បាប់។
ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ត្រូវ​បាន​មហាជន ចោមរោម​មើល​នៅ​កន្លែង​កើតហេតុ​និយាយ​ថា មកពី​អ្នកបើកបរ​ម៉ូតូឌុប​០៥ ស្រវឹង​រវល់​ងាក​ក្រោយ​មើល​ស្រី​ស្នេហ៍​ទើប​បង្ក​អោយ​មាន​គ្រោះថ្នាក់​ ព្រោះថា​ពេល​ពួកគាត់​ជួយ​លើក​គេ​ដាក់​លើ​រ៉ឺម៉ក​ម៉ូតូ ដឹក​យក​ទៅ​មន្ទីរពេទ្យ​គេ​បាន​ធុំក្លិន​ស្រា​ហួង​ចេញពី​អ្នក​របួសធ្ងន់​រូប​នោះ៕
ប្រភព : កម្ពុជាថ្មី