ស្រវឹង​ស្រា​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុក​ម៉ូតូ​ស្រវឹង​ដូចគ្នា​រង​របួស​ធ្ងន់​ទាំង​សង​ខាង​

6/24/2013 0 Comments A+ a-


ភ្នំពេញ ​៖​ បុរស​ម្នាក់​បាន​បើក​ម៉ូតូ​មួយ​គ្រឿង​ក្នុង​ស្ថានភាព​ស្រវឹង​ជោក ​​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​កំពុង​ធ្វើដំណើរ​ច្រាស​ទិស​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​រង​របួស​ធ្ងន់​ទាំងសងខាង​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅកាន់​មន្ទីរ​ព្រះកុសុមៈ​​ដើម្បី​ជួយសង្គ្រោះ​ផង​ដែរ។
ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ល្ងាច ថ្ងៃទី​២៣ ខែមិថុនា ​ឆ្នាំ ២០១៣​ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងភូមិ​សាមគ្គី សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍សែន​ជ័យ​រាជធានី​ភ្នំពេញ។
ជនរងគ្រោះ​ទាំងពីរ​នាក់​នោះ​ទី​១. ​ឈ្មោះ​វុ​ធ​ចាន់ណា​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ បាន​រង​របួស​ផុង​លលាដ៍ក្បាល ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ័នដែឡាវ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1AW-1962។ ទី​២. ​ឈ្មោះ ​ចេ​ សុធី​ អាយុ​៣១​ឆ្នាំ​មុខរបរ​រត់​ម៉ូតូ​ឌុប​រស់​នៅ​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​សំរោង​អណ្តែត​ ខណ្ឌ​​សែន​សុខ​ រង​របួស​បាក់​ឆ្អឹងថ្គាម​ទាំងសងខាង ​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វីវ៉ា​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AJ-2124
សាក្សី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​​យុវជន​ម្នាក់​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ័នដឺឡាវ ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោក ​លុះដល់​ចំណុច​កើតហេតុ​ ក៏បាន​បុក​ជាមួយ​ម៉ូតូ​វីវ៉ា​ពេញទំ​ហឹង​បណ្តាល​រង​របួស​ធ្ងន់​ទាំងពីរ​នាក់​តែម្តង។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ រួច​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ជនរងគ្រោះ​ទៅ​កាន់​មន្ទីរ​ព្រះកុសុមៈ​ហៅ​មន្ទីរពេទ្យ​លោកសង្ឃ​ដើម្បី​ជួយសង្គ្រោះ។
ចំណែក​ម៉ូតូ​ទាំងពីរ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ដើម្បី​រង់ចាំ​ភាគី​ទាំង​សងខាង​ចូលខ្លួន​​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕
Resource by : kpt-news.com.kh