តើ​គួរ​ចាប់​ផ្តើម​សន្ទនា ជា​មួយ​ប្រធាន​បទ​ល្អ ដោយ​របៀប​ណា?

6/11/2013 0 Comments A+ a-

ការចង់រាប់អាន និងចង់ស្គាល់អ្នកដទៃ ជាសកម្មភាពដ៏សំខាន់មួយ ក្នុងការរស់នៅរបស់យើង។ ប៉ុន្តែនៅពេលដែលអ្នក បានជួបមនុស្សដែលអ្នកពេញចិត្ត តើអ្នកធ្លាប់គិតទេថា អ្នកគួរជ្រើសរើសយកប្រធានបទអ្វី ដើម្បីឲ្យការសន្ទនារបស់​អ្នក​បានល្អ និងកុំឲ្យដៃគូរបស់អ្នកមានការធុញទ្រាន់។

ខាងក្រោមនេះ ជាវិធីសាស្រ្តមួយចំនួន ដែលអាចជួយលោកអ្នកបាន៖
១. ចាប់ផ្តើមជជែកពីអ្នកដទៃ៖
អ្នកអាចចាប់ផ្តើមនិយាយពីមនុស្សណាម្នាក់សិន ដូចជាមានហេតុការណ៏អ្វីប្លែកកើតឡើងនៅពេលនោះ ហើយពួកគេធ្វើអ្វី ដូច្នេះវាការសន្ទនាមួយដ៏សាមញ្ញ តែអាចមានអារម្មណ៏ល្អ។
២. ការចាប់ផ្តើមប្រធានបទមានពីរប្រភេទ៖
• មនុស្សដែលអ្នកធ្លាប់ស្គាល់៖ សួរគេពីការសុខទុក្ខ មានអ្វីខុសប្លែកទេថ្មីៗនេះ ការងារ ការសិក្សា កម្មវិធីទូរទស្សន៏ល្អៗ ឬ​ក៏​ខ្សែភាពយន្តណាដែលចាប់អារម្មណ៏។ល។
• មនុស្សអ្នកធ្លាប់ស្គាល់ ប៉ុន្តែខានជួបគ្នាយូរ៖ អ្នកអាចសួរ មានអ្វីកើតឡើង ចាប់ពីខ្ញុំបានឃើញអ្នកលើកចុងក្រោយ។ នៅ​ធ្វើការកន្លែងដដែល ឬសិក្សានៅសាលាដដែលទេ។
៣. ត្រូវដឹងពីអ្វីដែលមិនគួរនិយាយ៖
ច្បាប់ចាស់តែនៅតែមានប្រយោជន៏ដដែល អ្វីដែលអ្នកមិនគួរជជែកមានដូចជាៈ សាសនា នយោបាយ លុយកាក់ បញ្ហា​ស្នេហា បញ្ហាគ្រួសារ ឬបញ្ហាផ្លូវភេទ ជាមួយនឹងមនុស្សដែលអ្នកមិនទាន់ស្គាល់ស្និទស្នាល។
៤. ស្វែងយល់អ្វី ដែលគេចាប់អារម្មណ៏៖
អ្នកអាចសួរនូវសំនួរមួយចំនួន ដើម្បីដឹងពីចំណង់ចំនូលចិត្តរបស់គេ។ ឧទាហរណ៏ដូចជាៈ តើអ្នកចូលចិត្តលេងកីឡាទេ? តើអ្នកចូលចិត្តតន្ត្រីបែបណា? តើអ្នកចូលចិត្តហ្គេមប្រភេទណា? ឬសំនួរផ្សេងៗទៀត។
៥. អាចសួរនាំពីគ្រួសារគេបន្តិចបន្តួច៖
អ្នកអាចសួរពីស្ថានភាពគ្រួសាររបស់គេ ជាទូទៅបាន និងជាអ្វីដែលយើងគួរដឹង។ ឧទាហណ៏ៈ តើអ្នកមានបងប្អូនទេ? មាន​ប៉ុន្មាននាក់? ពួកគេមានឈ្មោះអ្វីខ្លះ? តើកាលពីតូចអ្នកនៅឯណា?
៦. សួរពីដំណើរកំសាន្តរបស់គេ៖
អ្នកអាចសួរ តើគេធ្លាប់បានទៅទីកន្លែងកម្សាន្តណាខ្លះ ប៉ុន្តែបើគេមិនដែលបានទៅទីកន្លែងណាទេ? អ្នកអាចសួរថា តើទី​កម្សាន្តណាមួយ ដែលអ្នកតែងស្រម៉ៃចង់ទៅ? នៅពេលអ្នកសួរគេពីចំណាប់របស់គេដូចនេះ គេនឹងមានអារម្មណ៏​រីករាយ។
៧. អាចជជែកពីចំណីអាហារ៖
អាហារជាប្រភេទប្រធានបទល្អមួយ ក្នុងការសន្ទនា ព្រោះមនុស្សភាគច្រើនមានរបបអាហារប្លែកៗពីគ្នា និងមាន​ចំណង់​ចំណូលចិត្តខុសគ្នា។ ដូច្នេះអាចសួរដូចជា តើអ្នកចូលចិត្តចំអិនអាហារទេ? តើអាហារអ្វី ដែលអ្នកចូលចិត្ត? តើអ្នកចូល​ចិត្ត​ភេសជ្ជៈអ្វី? នៅពេលអ្នកសួរនូវសំនួរដូចនេះ នោះគេនឹងរីករាយក្នុងការសន្ទនា។
៨. សួរពីបញ្ហាការងារ៖
ចំណុចនេះ គេអាចនឹងមានការធុញទ្រាន់បើអ្នកសួរច្រើន ប៉ុន្តែបើអ្នកសួរនូវសំនួរខ្លីៗ និងមានភាពស្រទន់នោះ វាជារឿង​ដ៏ល្អវិញ។ ឧទាហរណ៏ៈ តើអ្នកធ្វើការអ្វីសព្វថ្ងៃនេះ? កាលពីអ្នកនៅវ័យក្មេង តើអ្នកមានបំណងចង់ធ្វើអ្វីដែរ?
៩. ស្វែងរកប្រធាន ដែលនៅជុំវិញអ្នក និងរូបគាត់ ខណៈពេលនោះ៖
បើអ្នក និងគាត់ឬនាង កំពុងតែស្ថិតក្នុងព្រឹត្តិការណ៏អ្វីមួយ អ្នកគួរតែចាប់ផ្តើមសន្ទនាគ្នា ដោយស្នាមញញឹម និងមានភាព​រីករាយ។ ឧទាហរណ៏ៈ អ្នកនឹងគាត់ឬនាង កំពុងតែមើលការប្រកួតបាល់ទាត់ ដូច្នេះអ្នកគួរតែជជែកពីការប្រកួតនោះ និង​ជួយគាំទ្រក្រុមណាមួយដូចគ្នា ដោយក្តីរីករាយ។
១០. ផ្តល់នូវការសរសើរអ្វីមួយដល់គាត់៖
អ្នកអាចសង្កេតមើលសកម្មភាពរបស់គាត់ ថាតើគាត់មានអ្វីគួរឲ្យស្ងប់ស្ងែងដែរទេ បើមាន អ្នកគួរតែសរសើរគាត់ តែបើ​គ្មានទេ អ្នកអាចសរសើរអ្វីផ្សេងលើរូបរាង្គគាត់។ ឧទាហរណ៏ៈ បើគាត់កំពុងលេងព្យាណូ អ្នកគួរនិយាយថា ខ្ញុំចូលចិត្ត​សម្លេងព្យាណូរបស់អ្នកណាស់ តើអ្នកចេះលេងវា រយះពេលប៉ុន្មានដែរ បានជាលេងបានពិរោះដូចនេះ?