កម្មករសំណង់ម្នាក់ត្រូវជញ្ជាំងផ្ទះបាក់សង្កត់ចំក្បាលរងរបួសធ្ងន់ធ្ងរបំផុតនៅសង្កាត់បឹងសាឡាង
ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនយ៉ាងបន្ទាន់មកកាន់មន្ទីរពេទ្យព្រះកុសុមៈ ក្នុងខណៈពេលដែលកម្មកររូបនេះត្រូវជញ្ជាំងផ្ទះថ្មបាក់សង្កត់ពីលើចំក្បាលបណ្ដាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរនៅពេលកំពុងបំពេញការងារវាយជញ្ជាំងផ្ទះគេ ហើយត្រូវបានជញ្ជាំងផ្ទះនោះបានបាក់ធ្លាក់មកសង្កត់ចំពីលើក្បាលយ៉ាងពេញទំហឹងនោះ។

ជនរងគ្រោះម្នាក់នេះត្រូវបានគេប្រាប់អោយស្គាល់ឈ្មោះ ឆន ពិសិដ្ឋ ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យរាជធានីភ្នំពេញ ត្រូវបានជញ្ជាំងផ្ទះដែលមានទទឹងប្រវែងប្រមាណកន្លះម៉ែត្រ បណ្តោយប្រវែងជាច្រើនម៉ែត្របានបាក់មកសង្កត់ចំក្បាលបណ្ដាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរនិងមានសង្ឃឹមរស់តិចបំផុត។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងកម្មករផ្សេងទៀតបានបំពេញការងារដោយវាយជញ្ជាំងផ្ទះ២ល្វែងខាងលើអោយចូលគ្នាជាមួយល្វែងវិញ។ ក្នុងខណៈពេលវាយជញ្ជាំងផ្ទះជាប់គ្នាស្ទើរតែរួចរាល់ទៅហើយនោះ ពោលគឺនៅសល់ជញ្ជាំងថ្មនៅជាប់ពិតានប្រវែងប្រមាណកន្លះម៉ែត្រប៉ុណ្ណោះ ជនរងគ្រោះក៏បានឈប់វាយ ហើយបែរមករើសនិងប្រមូលកំទេចថ្មវិញ ចំណែកកម្មករផ្សេងទៀតក៏បានគាស់ពិតានផ្សេងៗទៀតផងដែរ។ នៅក្នុងខណៈពេលកម្មករកំពុងគាស់ពិតាន ហើយជនរងគ្រោះកំពុងតែប្រមូលកំទេចថ្មនោះក៏ស្រាប់តែជញ្ជាំងផ្ទះដែលនៅសល់ជាប់នឹងពិតាននោះបានបាក់ធ្លាក់មកត្រូវក្បាលជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ហើយក៏ត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសុមៈភ្លាមដែរ តែស្ថានភាពជនរងគ្រោះហាក់ដូចជាធ្ងន់ធ្ងរនិងមានសង្ឃឹមក្នុងការសង្គ្រោះជីវិតតិចបំផុត៕
ប្រភព : កម្ពុជាថ្មី