តុលាការកោះហៅលោក កឹម សុខា ថ្ងៃឃោសនាដំបូង
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក កឹម សុខា ឲ្យចូលបំភ្លឺករណីចោទប្រកាន់ពីបទបរិហាកេរ្តិ៍ ក្រោមបណ្តឹងរបស់ប្រធានសមាគមជនរងគ្រោះនៃរបបខ្មែរក្រហមលោក ជុំ ម៉ី នៅថ្ងៃទី២៧ ខែមិថុនា ដែលជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតអ្នកតំណាងរាស្ត្រ។
មេធាវីរបស់ លោក ជុំ ម៉ី លោក គួយ ធុនណា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានី លោក មាស ច័ន្ទពិសិដ្ឋ បានកោះហៅប្រធានស្តីពីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចូលបំភ្លឺតុលាការនៅថ្ងៃទី២៧ មិថុនា បន្ទាប់ពីកូនក្តីលោកគឺលោក ជុំ ម៉ី ជាដើមបណ្តឹងនៃករណីបទបរិហារកេរ្តិ៍នេះត្រូវតុលាការកោះហៅចូលបំភ្លឺលើបណ្តឹងនោះនៅថ្ងៃនេះហើយក្នុងនាមជាមេធាវី លោកក៏នឹងអមលោក ជុំ ម៉ី នៅតុលាការដែរ។
គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ខ្លួនបានឃើញដីកាកោះមួយកាលពីថ្ងៃសៅរ៍ប៉ុន្តែ មិនទទួលយកទេ ដោយសារលោក កឹម សុខា ពុំមានវត្តមាននៅក្នុងប្រទេសហើយបានចាត់ទុកបណ្តឹងនេះថា ជាករណីមិនចាប់អារម្មណ៍សម្រាប់គណបក្សហើយថា លោក កឹម សុខា ដែលស្ថិតនៅប្រទេសអូស្រ្តាលី ឬតំណាងរបស់គណបក្សសង្គ្រោះជាតិនឹងមិនចូលទៅតុលាការតាមការកោះហៅនោះទេ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានថ្លែងថា៖ «នេះជាបញ្ហាតូចតាចមិនសំខាន់។ យើងមិនចាប់អារម្មណ៍បញ្ហានេះទេ។ បញ្ហាជាតិ គឺសំខាន់ជាង។ យើងគិតដល់ការជួយដោះស្រាយបញ្ហារបស់ប្រជាជន»។ លោកថ្លែងថា លោក កឹម សុខា បានបដិសេធរួចហើយចំពោះការចោទប្រកាន់នេះ។
លោក កឹម សុខា មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ប៉ុន្តែបានប្រាប់អ្នកកាសែតកាលពីសប្តាហ៍មុនថា លោកមិនចាប់អារម្មណ៍នឹងករណីនេះទេហើយក៏គ្មានមេធាវីដើម្បីការពារនៅតុលាការនៅឡើយ។
តាមលោក គួយ ធុនណាបើលោក កឹម សុខា បដិសេធមិនចូលតុលាការតាមនីតិវិធីនឹងបង្ខំគាត់ឲ្យចូលតុលាការបាន។
លោកបន្តថា៖ «ចូលឬមិនចូលគឺជាសិទ្ធិរបស់គាត់ប៉ុន្តែតុលាការនឹងអនុវត្តច្បាប់។ តាមខ្ញុំយល់បើតុលាការចេញដីកាកោះទី១ រួចបន្ទាប់មកដីកាទី២ បើគាត់នៅតែមិនចូល។ តុលាការនឹងចេញដីកានាំខ្លួនគាត់បាន»។
ទោះយ៉ាងណាលោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់កម្ពុជាថ្លែងថា លោក កឹម សុខា អាចសុំតុលាការពន្យារសវនាការរហូតដល់ក្រោយការបោះឆ្នោតបើគាត់សន្យាថានឹងចូលទៅបំភ្លឺតុលាការ។ លោកបន្តថា៖ «ជាគោលការណ៍ចុងចោទគួរបង្ហាញខ្លួន ប៉ុន្តែជាក់ស្តែងគាត់មិនទាន់អាចចូលបានពីព្រោះជាអ្នកនយោបាយហើយយុទ្ធនាការឃោសនាបោះឆ្នោតចាប់ផ្តើមនៅថ្ងៃនោះដែលវាគួរណាស់តែតុលាការយល់អំពីបញ្ហានេះ»។
ព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការតាមដានការបោះឆ្នោត ហៅ ខុមហ្វ្រែលបានថ្លែងថា បទបរិហារកេរ្តិ៍រវាងលោក ជុំ ម៉ី និងលោក កឹម សុខា គឺជាហេតុផលនយោបាយ ហើយគួរតែត្រូវស៊ើបអង្កេតបន្ទាប់ពីការបោះឆ្នោតពីព្រោះវាមិនមែនជាករណីព្រហ្មទណ្ឌ។
លោកបន្ថែមថា បើករណីនេះត្រូវអនុញ្ញាតឲ្យដំណើរការទៅតាមការគ្រោងទុកវានឹងប៉ះពាល់ដល់ដំណើរការយុទ្ធនាការបោះឆ្នោតរបស់លោក កឹម សុខា។
លោក បញ្ញា បន្តថា៖ «វាប៉ះពាល់ដល់បរិយាកាសនិងរំខានដល់ការបោះឆ្នោត។ ករណីនេះគួរយកទៅពិភាក្សាគ្នា។ ករណីនេះមិនគួរយកទៅតុលាការទេ»។
អ្នកវិភាគនយោបាយលោក កែម ឡី ថ្លែងថា បើទោះជាករណីនេះមិនគួរយកទៅដល់តុលាការលោក កឹម សុខា អាចប្រើប្រាស់ឱកាសនោះដើម្បីទទួលបានផលចំណេញនយោបាយ។
លោកបន្ថែមថា៖ «គាត់ត្រូវតែទៅពីព្រោះថា បើគាត់ចង់ផ្តោតលើការបោះឆ្នោតនេះជាផ្នែកមួយនៃយុទ្ធនាការឃោសានាបោះឆ្នោត។ គាត់អាចប្រើតាកទិកនេះបង្ហាញប្រជាជនថា«ខ្ញុំមិនខុស ខ្ញុំត្រឹមត្រូវ» ហើយប្រព័ន្ធផ្សព្វផ្សាយនានានឹងទៅទីនោះ»។
លោកថ្លែងថា៖ «បើខ្ញុំជាអ្នកនយោបាយ ខ្ញុំសុខចិត្តទៅពន្ធនាគារវាអាចជួយដល់យុទ្ធនាការនយោបាយប្រសិនបើ សម រង្ស៊ី ឬ កឹម សុខា ទៅតុលាការហើយត្រូវបញ្ជូនទៅពន្ធនាគារវាគ្មានបញ្ហាអ្វីទេ ពីព្រោះគណបក្សនឹងទទួលប្រជាប្រិយ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃអះអាងកាលពីម្សិលមិញថា អាជ្ញាធរត្រូវបញ្ជាឲ្យពង្រឹង កិច្ចការពារសុន្តិសុខសាធារណៈក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនិងត្រូវរាយការណ៍គ្រប់ឧប្បត្តិហេតុទៅក្រសួង។ តែលោកបដិសេធមិនអត្ថាធិប្បាយអំពីដីការបស់តុលាការដែលកោះហៅ លោក កឹម សុខា នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតនោះទេ៕ PS
