ក្រសួង​មហារ​ផ្ទៃ​ចេញ​សេចក្តី​ណែនាំ​៩​ចំណុច ដើម្បី​សម្រួល​ដំណើរ​ការ​បោះឆ្នោត​

6/24/2013 0 Comments A+ a-


លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្តិ​សុខ​​អចិន្ត្រៃយ៍ កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៣ បាន​ចេញ​ណែ​នាំ​​ចំនួន ៩​ចំណុច ដើម្បី​ចាត់វិធានការ​រក្សា​សន្តិសុខ  និង​សណ្តាប់ធ្នាប់​សាធារណៈ​បំរើ​ដល់​ដំណើរការ​បោះឆ្នោត នៅ​ថ្ងៃ​អាទិត្យ​ទី​២៨ ខែកក្កដា ឆ្នាំ​២០​១៣ ឲ្យទទួល​បាន​ជោគជ័យ និង​ប្រព្រឹត្តិ​ទៅ​ដោយរ​លួ​ន​។
នៅ​ក្នុង​សេចក្តីណែនាំ បានបញ្ជាក់​ថា ដោយ​គណៈ​បញ្ជាការ​សន្តិ​សុខ​អចិន្ត្រៃយ៍​យល់ឃើញ ថា នា​ពេល​ថ្មីៗ​នេះ​មាន​ការលេចចេញ​នូវ​បាតុភាព​មួយចំនួន ដែល​ជា​ការ​ធ្វើឲ្យ​ល្អក់កករ​ដល់​បរិយាកាស​បោះឆ្នោត ដូចជា ការ​គំរាម​គំហែង និង​ការបំភិតបំភ័យ​ខាង​នយោបាយ។
ហេតុ​ដូច្នេះ ដើម្បី​ធានា​ឲ្យ​កាន់តែ​ប្រសើរ នូវ​បរិយាកាស​សន្តិសុខ សណ្ដាប់ធា្នប់ របៀបរៀបរយ​ សម្រាប់​ដំណើរការ​បោះឆ្នោត​ទាំងមូល​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង ​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីណែនាំ​ចំនួន​៩​ចំនុច ដល់​អង្គភាព​ក្រោម​ឱវាទ​របស់​ខ្លួន​សម្រាប់​យក​ទៅ​អនុវត្ត​ន៍។
​ក្នុង​សេចក្ដីណែនាំ​នោះ​បាន​បញ្ជា​ឲ្យ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការបញ្ជា​ដឹកនាំ​ចាត់ចែង​កម្លាំង និង​វិធានការ​ផ្សេងៗ ក្នុង​ការបំរើ​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ឲ្យបាន​រលូន និង​ទទួលបាន​ជោគជ័យ​ផងដែរ​។
​គួរ​បញ្ជាក់​ផង​ដែរ​ថា ការចេញ​នូវ​សេចក្ដីណែនាំ​នេះ ត្រូវធ្វើឡើង​ខណៈដែល​យុទ្ធនាការ​ឃោសនា​​បោះឆ្នោត​នឹង​ខិត​ជិត​មក​ដល់​។
ហើយ​ព្រម​ជាមួយគ្នានេះ​ដែរ ដោយសារតែ​មាន​ករណី​មិន​ប្រក្រតី​មួយចំនួន​បាន​កើតឡើង​ជា​បន្តបន្ទាប់ ដូចជា​ករណី ផ្ដួលរំលំ​ផ្លាក ការ​លាប​ពណ៌​ផ្សេងៗ នៅ​លើ​​ស្លាក​គណបក្ស​នានា​ជាដើម។ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៥ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​ខាងមុខ​នេះ៕

Resource by : vayofm.com