តារាៗខ្សឹបខ្សៀវពេលសំឡេងគាំទ្រប្រដេញគ្នា!
តារាៗមានសំឡេងគាំទ្រប្រដំប្រសងគ្នានៅលើទំព័រ anachakdara.com
សិល្បករ សិល្បការិនីនានាកំពុងតែខ្សឹបខ្សៀវពីជយលាភីអាណាចក្រតារា លើកទី២ បន្ទាប់ពីសន្ទុះគាំទ្រនៅលើទំព័រ anachakdara.com មានសំឡេងប្រដំប្រសងគ្នា។
ជាក់ស្ដែងអារម្មណ៍ភ័យអរកំពុងកើតមានក្នុងចំណោមក្រុមសិល្បករ សិល្បការិនី និងទស្សនិកជន ដែលធ្វើការបោះឆ្នោតគាំទ្រចំពោះតារាក្នុងដួងចិត្តរបស់ពួកគេ រវាងពេលជាងមួយខែកន្លងមកនេះ។ តារាជាច្រើនដួងកំពុងតែមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នាទាំងផ្នែកសម្ដែង និងពិធីករ។
លោក អូន ឧស្សាន៍ ជយលាភី អាណាចក្រតារា ឆ្នាំមុនផ្នែកតារាស៊ីវិល័យ មានសំឡេងគាំទ្រផ្កាយប្រាំនៅលើទំព័រ anachakdara.com បាននិយាយថា លោករំភើបជាខ្លាំងឃើញមានការគាំទ្រច្រើនពីទស្សនិកជន។ លោកមានសុទិដ្ឋិនិយមថា នឹងអាចទទួលបានពានរង្វាន់ពីកម្មវិធីអាណាចក្រតារាទៀតនៅឆ្នាំនេះ បើនៅតែទទួលបានការគាំទ្រច្រើនរបៀបនេះបន្តជាប់រដឹកនោះ។
ដោយឡែកតារាសម្ដែងកំពុងទទួលបានការគាំទ្រកញ្ញា មាន សូនីតា បានថ្លែងទាំងអារម្មណ៍ត្រេកអរថា៖ “មិនដឹងជាបានយើង ឬមួយបានគេឡើយ ខ្ញុំភ័យអរផងម៉េចទេនៅពេលចូលទៅមើលម្ដងៗព្រោះអីគេក៏ពេញយើងក៏ពេញ”។ ទោះជាយ៉ាងណាក៏ដោយតារាសម្ដែងស្រស់ស្អាតរូបនេះ មិនបានអាក់អន់ស្រពន់ចិត្តអ្វីទេប្រសិនបើចាញ់ក៏ដោយ។
លោក ប៉ែន ចំរុង តារាកំពុងតែមានប្រជាប្រិយភាពទាំងសម្ដែង និងពិធីករបានព្រលយថា៖ “អារម្មណ៍របស់ខ្ញុំសប្បាយនៅពេលឃើញបងប្អូនគាំទ្រខ្ញុំច្រើនបែបនេះ។ ឈ្នះពាន ឬមិនឈ្នះមិនសំខាន់ទេ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ខ្ញុំគឺការគាំទ្ររបស់ទស្សនិកជនកន្លងមក”។
ពិធីការិនីចំណូលថ្មីរបស់ CTN កញ្ញា គង់ វង្សយ៉ាទី បង្ហាញអារម្មណ៍ថា៖ “ដំបូងខ្ញុំគិតថាមិនបានច្រើនបែបនេះទេព្រោះគិតថាខ្លួនឯងទើបប្រឡូកធ្វើជាពិធីការិនី។ ប៉ុន្តែនៅពេលឃើញការគាំទ្រច្រើនបែបនេះសប្បាយចិត្តមែនទែន”។
មួយទៀតងាកទៅរកពិធីករស្រស់សង្ហាររបស់ទូរទស្សន៍ MYTV តាប៊ុយ និយាយថា៖ “មិនដឹងថាបានយើងឬគេទេឆ្នាំនេះ ខ្ញុំបុកពោះក្ដុកៗតែម្ដងនៅពេលលឺសួរបែបនេះ។ ខ្ញុំគិតថាឆ្នាំនេះជាការប្រកួតមួយដ៏ស្វិតស្វាញរបស់តារានានា ហើយមានតារាយើងជាច្រើនបានខិតខំសម្រិតសម្រាំងសមត្ថភាពរបស់គេរៀងៗខ្លួនដើម្បីដណ្ដើមពាននេះ”។
តារាសម្ដែងដែលគេឱ្យរហ័សនាមថាអ្នកសិល្បៈពូកែអួតរឿងសំលៀកបំពាក់ និងកំពុងមានសំឡេងគាំទ្រផ្កាយប្រាំនៅលើទំព័រ anachakdara.com ដែរកញ្ញា ព្រីម លីហ្សា បានលើកឡើងថា “មិននឹកស្មានថាខ្ញុំមានអ្នកគាំទ្រច្រើនបែបនេះទេពីមុនមក ដល់ឃើញគេបោះឆ្នោតគាំទ្រច្រើនបែបនេះអារម្មណ៍របស់ខ្ញុំរីករាយជាខ្លាំង”។
យ៉ាងណាក៏ដោយតារា Sexy រូបនេះបានស្នើឱ្យទស្សនិកជនគាំទ្រនាងតទៅទៀតរហូតដល់ចប់កម្មវិធីដើម្បីឱ្យនាងក្លាយជាបេក្ខភាពនៃពានរង្វាន់នេះ។
កម្មវិធីអាណាចក្រតារានឹងប្រគល់ពានដល់សិល្បករ សិល្បការិនីនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៣ខាងមុខ។ កម្មវិធីនេះនឹងធ្វើការផ្សាយផ្ទាល់នៅស្ថានីយទូរទស្សន៍ CTN ចាប់ពីម៉ោង៧ល្ងាចតទៅ។
“អាណាចក្រតារា” ឆ្នាំនេះ នាំមកជូនដោយក្រុមហ៊ុនស្រាបៀរ ABC Stout និង ក្រុមហ៊ុន Sabay។ ក្រៅពីនេះនៅមានដៃគូសហការឧបត្ថម្ភមួយចំនួនទៀត ដូចជា ក្រុមហ៊ុន Dell, Shokubutsu, Revlon Cosmetic, Vslim, និង Tous les Jours។ ស្ថានីយទូរទស្សន៍ CTN ជាដៃគូផ្សព្វផ្សាយផ្លូវការ ខណៈកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរផ្សាយរៀងរាល់ថ្ងៃសុក្រ និងទស្សនាវដ្ដីប្រជាប្រិយ ជាដៃគូឧបត្ថម្ភផ្ដាច់មុខសម្រាប់ការផ្សព្វផ្សាយកម្មវិធី៕
ប្រភព: សប្បាយ