សុខ ស្រីម៉ុច ផ្តាច់ ចំណងស្នេហ៍ ជាមួយបុរស ឯនាយសមុទ្រ
ភ្នំពេញ៖ ចំណងស្នេហ៍ឆ្លងទ្វីប រវាងតារាសម្តែង ស្រស់សោភា មានមន្តស្នេហ៍ កញ្ញា សុខ ស្រីម៉ុច ជាមួយនឹងបុរសជនជាតិអាមេរិកកាំង វ័យ៥០ឆ្នាំ ពេលនេះគឺឈានដល់ ដំណាក់កាល នៃការបែកបាក់គ្នាទៅវិញយ៉ាងឆាប់រហ័យ ក្រោយពីគូស្នេហ៍ទាំងពីរនេះ ធ្លាប់ស្កាត់ណាត់ មកជូបគ្នា នៅស្រុកខ្មែរ កាលពីកន្លងមកនោះ។
ក្នុងជំនួបសម្ភាសន៍ ឆ្លើយឆ្លង ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣នេះ តារាសម្តែង សាច់ខ្ចី កញ្ញា សុខ ស្រីម៉ុច បាននិយាយប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះអាជីពសិល្បៈ របស់នាងគឺរវល់ច្រើនគួរសម។ ចំណែកឯរឿងជីវិត ស្នេហ៍ផ្ទាល់ខ្លួន ខាងក្រៅ គឺបានជូបភាពប្រេះឆា បែកបាក់គ្នាវិញហើយ។
តារាសម្តែងសម្បូរ វោហាកញ្ញា សុខ ស្រីម៉ុច បាននិយាយបន្តថា "ខ្ញុំ និងគាត់(បុរសនៅអាមេរិក) ពេលនេះបានបែកគ្នា ហើយ... ទើបតែបែកគ្នាថ្មីៗនេះទេ គឺបន្ទាប់ពី គាត់មកជូបខ្ញុំ នៅខ្មែររយៈពេលកន្លះខែ និងវិលត្រឡប់ ទៅអាមេរិកវិញនោះ"។
ស្រីម៉ុច បានបញ្ជាក់ថា "ការបែកគ្នានេះ ដោយសារតែខ្ញុំ គ្មាននិស្ស័យជាមួយគាត់ (បុរសនាយសមុទ្រ) ម្នាក់នេះ។ ម្យ៉ាងទៀត នៅពេល ដែលបានជូប និង ឃើញមុខគ្នាហើយនោះ ខ្ញុំគ្មានចាប់អារម្មណ៍ ស្រឡាញ់ចំពោះគាត់បន្តិចសោះឡើយ.... (សើច) ..មិនស្រឡាញ់ សោះឡើយ ព្រោះអីគាត់អាយុ ច្រើនហើយ នៅតែធ្វើឫកពារ ក្រអឺតក្រទម អាងខ្លួនមានលុយច្រើន ។ ដូច្នេះខ្ញុំសម្រេចចិត្តថា មិន ស្រឡាញ់តែម្តង..!"។
កញ្ញា ស្រីម៉ុច បានបន្តថា ដំបូងឡើយគាត់ថា មកស្រុកខ្មែរនេះ ដើម្បីរៀបចំពិធីភ្ជាប់ជាមួយនាង តែនៅពេលមកដល់បែរជា ម្តង និយាយអញ្ចេះ ម្តងនិយាយថាអញ្ចុះ.. ហើយគិតពីអ្វីផ្សេងៗ ដែលមិនល្អហេតុនេះ ទើបនាងមិនចូលចិត្តហើយក៏សម្រេចចិត្តមិនភ្ជាប់ពាក្យ និងសុំបែក គ្នាពេលនេះតែម្តង។ បើនិយាយឲ្យចំទៅ បុរសម្នាក់នេះមានចរិកលក្ខណៈ ជាជនជាតិគេតែម្តង។
តារាសម្តែងទទួល បានការគាំទ្រ និងកំពុងតែមានកេរ្តិ៍ឈ្មោះ លេចធ្លោក្នុងសិល្បៈ កញ្ញា សុខ ស្រីម៉ុច បានឲ្យដឹងទៀតថា បើទោះបីជា ពេលនេះនាង បានផ្តាច់ចំណងស្នេហ៍ ដែលបានសាងឡើង អស់រយៈពេលជាង៥ខែ ជាមួយបុរសជនជាតិអាមេរិក វ័យ៥០ឆ្នាំម្នាក់នេះ ក៏ពិតមែន ប៉ុន្តែនាង មិនបានពិបាកចិត្ត ឬមួយក៏ឈឺចាប់គ្រាំគ្រាបេះដូង នោះឡើយ។ ផ្ទុយទៅវិញ គឺធ្វើឲ្យនាងសប្បាយចិត្ត ក្រោយពី បានផ្តាច់ស្នេហ៍ ជាមួយបុរសម្នាក់នេះ៕