នាយ ក្រូច​ចាប់​អាជីព​ពិធីករ​មួយ​ទៀត

6/25/2013 0 Comments A+ a-


ទន្ទឹម​នឹង​អាជីព​ជា​​តារា​កំប្លែង និង​តារា​ភាពយន្ត​​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​​ថ្មីៗ​​នេះ​ នាយ ក្រូច ទើប​តែ​​ចាប់​អាជីព​ថ្មី​មួយ​ទៀត​គឺ​​ពិធីករ​​នៅ​ស្ថានីយ​ទូរទស្សន៍​ CTN។
កម្មវិធី​ពីរ​នៅ​ស្ថានីយ​ទូរទស្សន៍​​ CTN ដែល​នាយ​ ក្រូច ទើប​តែ​ចូល​ទៅ​កាន់​ជា​ពិធីករ​​​​​ កាល​ពី​ពេល​ថ្មីៗ ​គឺ​កម្មវិធី “កូន​ភ្លោះ​ខុស​សញ្ជាតិ” និង​កម្មវិធី” សុខគា លក្ខិណា ប៊ីអាយជី ក្រូច អ៊ីត” ដែល​​កម្មវិធី​នេះ​ ទើប​បន្ថែម​លោក និង​ប្អូន​ស្រី​ចូល​ធ្វើ។ ការ​ក្លាយ​ជា​ពិធីករ​បាន​​​ធ្វើ​ឱ្យ​លោក​រំភើប ហើយ​​សប្បាយ​ចិត្ត​ចំពោះ​តំណែង​​មួយ​​នេះ។
តារា​កំប្លែង​រូប​នេះ​បាន​ប្រាប់​ Sabay ថា ​លោក​ទើប​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​អ្នក​គ្រប់គ្រង​​កម្មវិធី​ដើម្បី​ធ្វើ​ជា​ពិធីករ​នៅ​ក្នុង​​កម្មវិធី​ទាំង​ពីរ​របស់​ស្ថានីយ​​ទូរទស្សន៍​ខាង​លើ។ ​
លោក​បាន​បញ្ជាក់​ថា៖ “ទោះ​ជា​មិន​ធ្លាប់​ធ្វើ​ជា​ពិធីករ​ពី​មុន​ក្ដី ប៉ុន្តែ​ខ្ញុំ​នឹង​បញ្ចេញ​សមត្ថភាព​ទាំង​អស់​ដែល​ខ្ញុំ​មាន​ដើម្បី​ធ្វើ​ឱ្យ​កម្មវិធី​ទាំង​ពីរ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​​មហាជន​គ្រប់​ស្រទាប់​វណ្ណៈ។
តារា​កំប្លែង​សម្ដែង​ជា​តួ​នាយ​កម្ម​ក្នុង​រឿង “ខ្លាច​អី? សើច​តើ!”  ដែល​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ នៅ​តាម​រោង​កុន​នានា​នៅ​ភ្នំពេញ​មិន​បាន​ព្រួយ​បារម្ភ ឬ​ភ័យ​ខ្លាច​អ្វី​ទេ​​បើ​ទោះ​ជា​មិន​ដែល​ធ្វើ​ជា​ពិធីករ​ពី​មុន​មក​ក៏​ដោយ។ លោក​មាន​តែ​សប្បាយ​ចិត្ត​ដោយ​ថ្នាក់​លើ​ផ្ដល់​ការងារ​ឱ្យ​ជា​មួយ​ប្អូន​ស្រី។
ប្រការ​ធ្វើ​ឱ្យ​តារា​កំប្លែង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​រូប​នេះ​មិន​ព្រួយ​បារម្ភ​ដោយសារ​តែ​កម្មវិធី​របស់​លោក​កាន់​ គឺ​ជា​កម្មវិធី​ថត​ទុក ហើយ​ពិធីករ ​ពិធី​ការិនី​នៅ​ក្នុង​កម្មវិធី​ទៀត​សោត​សុទ្ធតែ​មាន​សមត្ថភាព​អាច​ធ្វើ​ឱ្យ​ទស្សនិកជន​ទប់​សំណើច​មិន​បាន។
នាយ ក្រូច​ បាន​បន្ថែម​ទៀត​ថា ​លោក​ទើប​តែ​ចូល​កាន់​កម្មវិធី​ទាំង​ពីរ​របស់​ CTN បាន​មួយ​​ខែ​កន្លង​មក​ហើយ។ លោក​ថា​ កម្មវិធី​របស់​លោក​ចាក់​ផ្សាយ​រៀងរាល់​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​នេះ។
​​​នាយ​​ ក្រូច ត្រៀម​នឹង​ធ្វើ​តួឯក​​​ក្នុង​រឿង “ខ្លាច​អី? សើច​តើ! វគ្គ​ពីរ” ដែល​ចាងហ្វាង​ផលិតកម្ម​ RGB លោក ម៉ៅ រតនា បញ្ជាក់​ថា ​ត្រៀម​ថត​នៅ​ក្នុង​ខែ កញ្ញា ឆ្នាំ​២០១៣​ខាង​មុខ។
តារា​កំប្លែង​នាយ ក្រូច ​កើត​នៅ​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ ឆ្នាំ​១៩៧៩ ក្នុង​ខេត្ត​កំពង់​ស្ពឺ។ តារា​រូប​នេះ​មាន​​ប្អូន​ស្រី​ម្នាក់​ក៏​ជា​តារា​កំប្លែង​ល្បី​ឈ្មោះ​ផង​ដែរ ​នោះ​គឺ​នាង​ “អ៊ីត” ជា​តារា​កំប្លែង​រួម​ក្រុម​នាយ ពែកមី ដូច​គ្នា៕


ប្រភព : ​សប្បាយ