ឈាង វុន បញ្ចេញ​«មហិទ្ទិរិទ្ធិ»​បណ្តេញ សុន ឆៃ ចេញ​ពី​រដ្ឋសភា

6/10/2013 0 Comments A+ a-

ភ្នំពេញ៖ ក្រោមហេតុផលថា តំណាងរាស្ត្រមកពីគណបក្សសម រង្សី លោក សុន ឆៃ ត្រូវបានរដ្ឋសភាលប់សុពលភាព​ជា​តំណាងរាស្ត្រ កាលពីពេលថ្មីៗមកនោះ លោកឈាង វុន នៅព្រឹកថ្ងៃទី១០ខែមិថុនានេះ បានចេញមកដេញលោក សុន ឆៃ ឲ្យចេញពីបរិវេណរដ្ឋសភា  ខណៈពេលអ្នកតំណាងរាស្ត្ររូបនេះ កំពុងត្រូវអ្នកកាសែតតាមសុំប្រតិកម្មឆ្លើយតប ទាក់ទង​នឹងសន្និសិតសារព័ត៌មានមួយមុននេះ របស់លោក ឈាង វុន។

លោក សុន ឆៃ នៅក្រៅអាគាររដ្ឋសភា ព្រឹកថ្ងៃទី១០ខែមិថុនា។ (រូបថត MONOROOM.info/ O.Vary)
ព្រឹកថ្ងៃទី១០ ខែឧសភានេះ នៅវិមានរដ្ឋសភាជាតិ ប្រធាន គណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​នៃរដ្ឋសភាកម្ពុជា លោកឈាង វុន បាននរៀបចំសន្និសិទកាសែត ស្តីពីការបង្កកប្រាក់បៀវត្ស ការបាត់បង់ជាសមាជិកភាព​សភាតំណាងរាស្រ្ត។
ក្រៅពីអ្នកកាសែត និងអ្នកទូរទស្សន៍ជាតិ ជាច្រើនដែលបានទៅយកព័ត៌មាន នៅក្នុងសន្និសិទ្ធិកាសែតនោះ ក៏មានវត្តមាន លោក ឆុន ឆ័យ អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ មកពីគណបក្ស សម រង្សី ចូលរួមស្តាប់ផងដែរ។
អ្វីដែលប្លែក និងគួរឲ្យចាប់អារម្មណ៍នោះ បន្ទាប់ពីចប់សន្និសិទ្ធិកាសែតនេះ លោក សុន ឆ័យ បានចាកចេញពីបន្ទប់​សន្និសិទនោះ មិនបានជួបសម្ភាសជាមួយអ្នកការសែតទេ ដោយយល់ថាជាបន្ទប់ផ្តាប់មុខរបស់លោកឈាង វុន។
លោកបានចាកចេញមកជួបជាមួយអ្នកការសែត នៅក្រៅបន្ទប់តាមការប្រមាញ់របស់អ្នកកាសែត ដែលចង់បាន​នូវ​ប្រតិកម្ម​តបចំពោះករណីបង្កកប្រាក់ខែ និងការបាត់បង់សមាជិកភាពសភា។
មិនទាន់បានឆ្លើយចប់មួយសំនួរផង លោក សុន ឆ័យ ត្រូវបានលោក ឈាង វុន ចេញពីបន្ទប់មកដេញ រួមទាំងអ្នកកាសែត​ផង ឲ្យចាកចេញពីបរិវេណរដ្ឋសភា ទើបមានសិទ្ធិជួបជាមួយអ្នកការសែត។ លោកឈាង វុនបានលើកឡើងថា «លោក (សុន ឆ័យ) អស់សិទ្ធិជាសមាជិសភាទៀតហើយ ដូច្នេះលោកពុំមានសិទ្ធិ ជួបអ្នកកាសែតក្នុងសភាទៀតទេ។ (...) លោក​មានសិទ្ធិតែមួយមុខគត់ គឺ ”មកប្រមូលសម្ភារៈចេញពីសភា” តែប៉ុណ្ណោះ។»
ចំពោះការបណ្តេញចេញនេះ លោកសុន ឆ័យ បានឆ្លើយតបទៅវិញថា «លោកនៅមានឋានៈជាតំណាងរាស្រ្តនៅឡើយទេ លោកអាចជួបជាមួយអ្នកការសែតបន្ទាន់បាន»។
ទោះជាយ៉ាងនេះក្តីលោកឈាង វុន នៅតែបន្តដេញចេញដោយខានតែបាន នៅតែអះអាងថា «លោកអស់សិទ្ធិជា​សមាជិក​សភាហើយ»។ មិនទាន់ទាំងបានឆ្លើយតបទៅវិញផង លោកឈាង វុន បានប្រកាសហៅសន្តិសុខ និងអង្គរក្ស​ឲ្យនាំលោក សុន ឆ័យ និងអ្នកកាសែតចេញពីសភាជាបន្ទាន់។ លោក សុន ឆ័យ ក៏បានបង្ខំចិត្តចាកចេញពីមុខបន្ទប់នោះ ជាមួយអ្នក​កាសែត ចុះក្រោមក្រៅបរិវេណអាគារ។
នៅជាន់ក្រោមនៃចំណតរថយន្ត ចម្ងាយប្រមាណជាងបីរយម៉ែត្រ ពីបន្ទប់សន្និសិទនោះ លោកឆុន ឆ័យ ដើរបណ្តើរ ផ្តល់​បទសម្ភាសឲ្យអ្នកកាសែតបណ្តើរ ដោយមិនឈប់រហូតដល់រថយន្តរបស់លោក។
មុនលោក ឆុន ឆ័យ ឡើងរថយន្ត លោកបានឈប់(បន្តិច) ដើម្បីបញ្ចប់នូវសំនួររបស់អ្នកកាសែត តែក៏ត្រូវបានលោក ឈាង វុន «តាមដេញ​បន្ត» ដោយខ្លួនលោកផ្ទាល់ ជាមួយនឹងសម្ដីថា «លោកមានសិទ្ធិ ជួបជាមួយអ្នកកាសែត នៅក្រៅសភា។ ឯអ្នកកាសែត ដែលខ្ញុំបានអញ្ជើញឲ្យមកចូលរួមទាំងអស់ ខ្ញុំបានបញ្ចប់ នូវភារកិច្ចរបស់ខ្ញុំហើយ បើអស់លោក (អ្នកកាសែត) មានការងារអ្វីត្រូវសម្ភាស ត្រូវទៅសម្ភាសនៅក្រៅសភា»។ លោកសុន ឆ័យ បានឆ្លើយតបវិញថា «រដ្ឋ​សភាជាតិ ជារដ្ឋសភាតំណាងរាស្ត្រ ជាសភារបស់រាស្រ្ត មិនថាក្នុងឋានៈខ្ញុំជាសមាជិករដ្ឋសភាទេ ទោះជាក្នុង​នាម​ជា​ពលរដ្ឋ ក៏អាចមកនិយាយក្នុងសភាបានដែរ»។ លោក ឈាង វុន បានឆ្លើយតបថា «ទោះជាប្រជារាស្រ្តក៏ត្រូវសុំច្បាប់ដែរ» បន្ទាប់មកលោកឈាង វុន ស្រែកខ្លាំងៗទៅរកសន្តិសុខ ឲ្យនាំលោក ឆុន ឆ័យ និងអ្នកការសែតចេញ។
នៅក្រៅរបងសភាម៉ោងជាងដប់មួយថ្ងៃត្រង់ លោក សុន ឆ័យ បានបន្តរផ្តល់បទសម្ភាសជាមួយអ្នកកាសែត។ ទាក់ទង​និងករណីដែលលោក ឈាង វុន បណ្តេញលោកចេញនេះ លោកមិនមានការបកស្រាយអ្វីបន្ថែមនោះទេ តែលោកសួរ​បញ្ជាក់វិញថា នេះឬប្រទេស ប្រជាធិបតេយ្យ ប្រទេសគោរពច្បាប់? លោកបន្តរថា ទុកឲ្យប្រជាពលរដ្ឋគាត់​ជាអ្នកសម្រេច​ទៅចុះ។
ចំពោះការបណ្តេញចេញនេះ មិនថាតែចំពោះលោកសុន ឆ័យ នោះទេ សូម្បីតែអ្នកកាសែតក៏ត្រូវគេបណ្តេញចេញ​ដូច​គ្នា​ដែរ បើនៅយកបទសម្ភាស ពីលោកសុន ឆ័យ។ អ្នកកាសែតដែលមានវត្តមាននៅទីនោះ មានការងឿងឆ្ងល់យ៉ាងខ្លាំង ទៅ​នឹងការបញ្ចេញមហិទ្ធិរិទ្ធិ «មោហៈ» របស់លោក ឈាង វុន នៅក្នុងអត្តចរិកបែបនេះ។ អ្នកកាសែតបានសួរគ្នាថា រដ្ឋសភា​នេះជារបស់លោកឈាង វុន តែម្នាក់ឯងឬយ៉ាងណា? តើគាត់ប្រើសិទ្ធិអំណាច ក្នុងនាមអ្វី? តើអ្វីទៅជាសិទ្ធិអំណាច របស់​អ្នកសារព័ត៌មាន? by monoroom.info