អ្នក​គាំទ្រ Bayern មួយ​ម៉ឺន​នាក់​ទៅ​មើល Guardiola បង្វឹក​ថ្ងៃ​ដំបូង​

6/27/2013 0 Comments A+ a-



ដោយ​ចង់​មើល​របៀប​ហាត់​របស់​គ្រូ​បង្វឹក​ថ្មី​ អ្នក​គាំទ្រ​ក្លិប​ Bayern Munich ​ប្រហែល​មួយ​ម៉ឺន​នាក់​នាំ​គ្នា​ទៅ​មើល​ការ​បង្វឹក​​​លើក​ដំបូង​របស់​លោក​ Pep Guardiola ​នៅ​ Allianz Arena​ ម្សិលមិញ​។​
គ្រាន់​តែ​អតីត​គ្រូ​បង្វឹក​ក្លិប​ Barcelona ​រូប​នេះ​ដើរ​ចេញ​មក​កាន់​វាល​ស្មៅ​ភ្លាម សំឡេង​ទះ​ដៃ​បាន​លាន់​ឡើង​រំពង​ពេញ​កីឡដ្ឋាន​។


លោក Guardiola (អាវ​ស​មុខ​គេ​ខាង​ឆ្វេង​) ​និង​គ្រូបង្វឹក​​ផ្នែក​ fitness ថ្មី​ Lorenzo Buenaventura

ប៉ុន្តែ​ក្នុង​ការ​ចាប់​ផ្ដើម​ការងារ​ថ្ងៃ​ទី​១​របស់​ខ្លួន​ គ្រូ​បង្វឹក​​សញ្ជាតិ​​អេស្ប៉ាញ​វ័យ​៤២​ឆ្នាំ​មិន​ទាន់​បាន​ជួប​មុខ​កីឡាករ​គ្រប់​គ្នា​នៅ​ឡើយ​ទេ​ ​ព្រោះ​កីឡាករ​ខ្លះ​ជាប់​ភារកិច្ច​នៅ​ក្រុម​ជម្រើស​ជាតិ​ក្នុង​ពាន​រង្វាន់​ FIFA Confederations Cup ​ដូច​ជា​ Dante ​និង​ Luiz Gustavo ​ទៅ​លេង​ឱ្យ​ប្រេស៊ីល​ Javi Martinez ​ទៅ​លេង​ឱ្យ​អេស្ប៉ាញ ​ស្រប​ពេល​ Arjen Robben ​និង​ Croat Mario Mandzukic ​មិន​ទាន់​ត្រលប់​មក​ពី​​លំហែ​កាយ​នៅ​ឡើយ​។ ខ្សែ​បម្រើ​ Bastian Schweinsteiger ​និង​សមាជិក​ថ្មី​ Mario Gotze ​សម្រាក​ព្រោះ​របួស​មិន​ទាន់​ជា​។​


លោក Pep Guardiola ផ្ដល់​ការ​ណែនាំ​ដល់​កីឡាករ




លោក Guardiola កៀក​ស្មា​ខ្សែ​ប្រយុទ្ធ​ Thomas Muller


លោក Guardiola និយាយ​លេង​សើច​ជាមួយ​​ Emre Can


ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​​ អ្នក​គាំទ្រ​ទាំង​នោះ​នាំ​គ្នា​បរិច្ចាគ​ម្នាក់​៥​អឺរ៉ូ​ (៦,៥​ដុល្លារ) ទៀត​ផង​ដើម្បី​​ឧបត្ថម្ភ​ដល់​ជន​រង​គ្រោះ​​ដោយ​ទឹក​ជំនន់​នៅ​អាល្លឺម៉ង់​ថ្មី​ៗ​នេះ​។​
រដូវ​កាល​មុន Bayern Munich ​ក្លាយ​ជា​ក្លិប​របស់​អាល្លឺម៉ង់​ដំបូង​គេ​ឈ្នះ​ពាន​៣​ក្នុង​​រដូវ​កាល​តែ​មួយ គឺ​ជើងឯក​​លីក Bundesliga ​ពាន​រង្វាន់​​​ DFB-Pokal និង UEFA Champions League​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Jupp Heynckes​។​ ពេល​នេះ​អ្នក​គាំទ្រ​រំពឹង​ខ្ពស់​ពី​លោក​ Guardiola ​ដែល​ឈ្នះ​ពាន​ចំនួន​១៤​ក្នុង​រយៈ​ពេល​​ដឹក​នាំ​តែ​៤​រដូវ​កាល​​នៅ​ Barcelona​៕​