Apple ឈ្នះដាច់ Samsung នៅតៃវ៉ាន់
តួលេខនៃការលក់ Tablet នៅក្នុងតៃវ៉ាន់ នឹងកើនឡើងដល់ ១.៦លានគ្រឿងនៅក្នុងឆ្នាំ ២០១៣ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មានឧស្សាហកម្មតៃវ៉ាន់ DigiTimes ចុះផ្សាយ។ ប្រភពខាងលើបានបញ្ជាក់ថា តួលេខនៃការនាំចេញ Tablet នឹងកើនឡើង ១.៦លានគ្រឿង ដែលកាលពីឆ្នាំ ២០១២ មានត្រឹមតែ ១.១លានគ្រឿង ធៀបទៅគឺកើនឡើង ៥០ភាគរយ។
បណ្ដាក្រុមហ៊ុនចែកចាយបន្ត និងអ្នកលក់រាយ បាននិយាយថា នៅក្នុងឆ្នាំ ២០១៣ នេះ ទីផ្សារ Tablet នៅក្នុងតៃវ៉ាន់ហាក់ដូចជា ស្ទុះឡើងគួរឲ្យកត់សម្គាល់ ដែលនៅក្នុងនោះ Tsann Kuen បាននិយាយថា នៅក្នុងឆមាសទី១នេះ ខ្លួនលក់ Tablet បានចំនួន ១២០.០០០គ្រឿង បើធៀបទៅនឹងឆ្នាំ ២០១២ កើនឡើង ២៦០ភាគរយ។
Tsann Kuen បានបញ្ជាក់ថា ក្នុងចំណោម Tablet ដែលបានលក់ មាន iPad ប្រហែលជា ៥០-៦០ភាគរយ ចំណែក Samsung tablet មានត្រឹមតែ ២០ភាគរយប៉ុណ្ណោះ ក្រៅពីនេះ ជារបស់ក្រុមហ៊ុន Asus និង Acer។
ក្រុមអ្នកវិភាគបាននិយាយថា Android Tablet នឹងកើនឡើងលើស iPad វិញ ព្រោះថា នៅពេលនេះ ក្រុមហ៊ុនដែលមាន Android tablet បានចាប់ផ្ដើមធ្វើការ promotion ទៅលើ ផលិតផលរបស់ខ្លួន ដូច្នេះ អតិថិជនអាចនឹង មានការចាប់អារម្មណ៍ច្រើន៕