កុំព្យូទ័របន្ទះស្ដើងមានអេក្រង់ទំហំ 7-inch តម្លៃ $99 នឹងមកដល់ក្នុងត្រីមាសទី៣
របាយការណ៍មួយដែលគេទើបតែទទួលបានក្នុងពេលថ្មីៗនេះបាននិយាយថា កុំព្យូទ័របន្ទះស្ដើង Android មានអេក្រង់ 7-inch ជាមួយនឹងតម្លៃត្រឹមតែ $99 នឹងត្រូវមានវត្តមាននៅលើទីផ្សារនាត្រីមាសទី៣ ខាងមុខឆាប់ៗ ។ បច្ចុប្បន្នកុំព្យូទ័របន្ទះស្ដើងដែលមានអេក្រង់ទំហំ 7-inch និង មានតម្លៃទាបយ៉ាងហោចណាស់ក៏មានតម្លៃប្រហែល $129 ទៅ $199 ដែរ ។
ក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលធ្វើការផលិតទៅលើកុំព្យូទ័របន្ទះស្ដើង Asus គឺជាក្រុមហ៊ុនមួយដែលត្រូវបានគេចាប់អារម្មណ៍ជាងគេទៅលើកុំព្យូទ័របន្ទះស្ដើងថ្មីរបស់ក្រុមហ៊ុនគឺ MeMo Pad HD 7 ដែលមានអេក្រង់ 7-inch និងមានតម្លៃត្រឹមតែ $129 ហើយកុំព្យូទ័របន្ទះស្ដើងនេះទើបតែត្រូវបានប្រកាសចេញនៅ Computex កាលពីពីរបីសប្ដាហ៍មុននេះទេ ។ គួររំលឹកផងដែរថា កុំព្យូទ័របន្ទះស្ដើង MeMo Pad HD 7 ត្រូវបានបំពាក់ដោយអេក្រង់ 7-inch ដែលមានកម្រិតភាពច្បាស់ 1280 x 800 pixels, CPU quad-core Cortex A7 processor, ថតផ្ទុកឯកសារ 8/16GB, កាមេរ៉ាក្រោយ 5-megapixel និង 1.2-megapixel ដំណើរការដោយ Android 4.2 Jelly Bean ។
ដោយឡែកបើយោងទៅតាមប្រភព DigiTimes បានឲ្យដឹងថា កុំព្យូទ័របន្ទះស្ដើងអេក្រង់ទំហំ 7-icnh មានតម្លៃត្រឹមតែ $99 នឹងត្រូវបង្ហាញខ្លួននៅលើទីផ្សារកុំព្យូទ័របន្ទះស្ដើងនាត្រីមាសទី៣ ខាងមុខឆាប់ៗហើយ ។ ប៉ុន្តែចំពោះក្រុមហ៊ុនណាដែលជាអ្នកផលិតនូវកុំព្យូទ័របន្ទះស្ដើងនេះគេនៅមិនទាន់បានដឹងនៅឡើយទេ ហើយចំពោះឈ្មោះរបស់ផលិតនេះក៏មិនមានប្រភពណាមួយបានដឹងនៅឡើយដែរ ។
MemoPad HD 7:

សូមបញ្ជាក់ថា ដោយហេតុថា កុំព្យូទ័របន្ទះស្ដើង MeMo Pad HD 7 របស់ក្រុមហ៊ុន Asus ត្រូវបានប្រកាសចេញជាមួយនឹងតម្លៃត្រឹមតែ $129 ដូច្នេះគេរំពឹងថា កុំព្យូទ័របន្ទះស្ដើងអេក្រង់ 7-inch ដែលមានតម្លៃត្រឹមតែ $99 នឹងអាចជាការផលិតរបស់ក្រុមហ៊ុន Asus ដែរ ។ ដោយឡែកបើយើងរំលឹកទៅអតីតកាល កាលពីចុងឆ្នាំ ២០១២ មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា ក្រុមហ៊ុន Google គ្រោងនឹងប្រកាសចេញនូវកុំព្យូទ័របន្ទះស្ដើងស្រឡាយ Nexus ថ្មីដែលមានតម្លៃត្រឹមតែ $99 តែយូរៗទៅព័ត៌មាននេះក៏បានប្រែក្លាយថា កុំព្យូទ័របន្ទះស្ដើងស្រឡាយ Nexus ដែលមានតម្លៃទាបរបស់ក្រុមហ៊ុន Google អាចនឹងមានតម្លៃចាប់ពី $129 ទៅ $199 គឺប្រហាក់ប្រហែលគ្នាទៅនឹងតម្លៃរបស់ MeMo Pad HD 7 ដែលជាផលិតផលរបស់ក្រុមហ៊ុន Asus ដែលជាដៃគូរបស់ក្រុមហ៊ុន Google ក្នុងការផលិត Nexus 7 ៕

