មាន​សេចក្ដីរាយការណ៍​ថា៖ LG កំពុង​តែ​ត្រៀម​នឹង​ចេញ Nexus 5 និង Google TV ជំនាន់ថ្មី

5/03/2013 0 Comments A+ a-

កាល​ពី​ដើម​ខែមីនា​ឆ្នាំ​នេះមាន​ប្រភព​ចចាមអារ៉ាម​មួយ​បាន​បង្ហាញ​ពី​ លក្ខណសម្បត្តិ​បច្ចេកទេស​និង​រូបរាង​របស់​ទូរស័ព្ទទំនើប LG Nexus 5 ដែល​ត្រូវ​បាន​កើតឡើង​ក្រោម​កិច្ច​សហការ​គ្នា​រវាង​ក្រុមហ៊ុន Google នឹង​ ក្រុមហ៊ុន LG ។
សម្រាប់​ពេល​នេះ​មាន​សេចក្ដី​រាយការណ៍​ថ្មី​មួយ​ថា​ ក្រុមហ៊ុន Google បន្តសហការ​នឹង​ក្រុមហ៊ុន​ LG ដើម្បី​ផលិត ផលិតផល​មួយ​ចំនួន​ទៀត​ ដែល​រួម​មាន​ទូរស័ព្ទទំនើប និង ទូរទស្សន៍​ OLED TV ។ បើ​យោង​តាម​ប្រភព​ពីគេហទំព័រ​ The Korea Times បាន​ឲ្យ​ដឹង​ថា​ថ្មីៗ​នេះ​នាយកប្រតិបត្តិ​របស់ក្រុមហ៊ុន Google លោក Larry Page បាន​ជួប​ប្រជុំ​ជាមួយ​នាយកប្រតិបត្តិ​របស់​ក្រុមហ៊ុន LG លោក Koo Bon-joon នៅ​អំឡុង​ពេល​ដែល​លោក Larry Page ធ្វើ​ទស្សនៈកិច្ច​ទៅ​កាន់​កូរ៉េ​ខាងត្បូង ។ ប្រភព​ដដែល​បាន​បន្ត​ថា​ នាយកប្រតិបត្តិ​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​អស់រយៈ​ពេល​ប្រហែល​ជាង​មួយ​ ម៉ោង​ដើម្បី​ស្វែង​រក​នូវ​មធ្យោបាយ​ធ្វើ​ឲ្យ​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​ ក្រុមហ៊ុន​ទាំង​ពីរ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរថែម​ទៀត​ ។ នៅ​ពេល​នេះ​ក្រុមហ៊ុន​ LG កំពុង​តែ​ធ្វើ​ការ​លើ​គម្រោង​ផលិត​ទូរស័ព្ទទំនើប Nexus ជំនាន់ទី២ ឬ​អាច​ជា (Nexus 5) និង ទូរទស្សន៍​ LG-Google OLED TV ។
សូម​រំលឹក​ផង​ដែរថា​ Google និង​ LG ពិត​ជា​ទទួល​បាន​ជោគជ័យ​ខ្លាំង​ណាស់​តាម​រយៈ​ការ​រួម​គ្នា​ផលិត​ ទូរស័ព្ទទំនើប Nexus 4 ហើយ​បើ​យោង​តាម​ប្រភព​ចចាមអារ៉ាម​ដែល​ធ្លាប់​ចេញ​នា​ពេល​កន្លង​មក​នោះ​បាន​ ឲ្យ​ដឹង​ថា​ Nexus 5 មាន​លក្ខណសម្បត្តិ​បច្ចេកទេស​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 5.2-inch
  • បច្ចេកវិទ្យា​អេក្រង់ OLED
  • កម្រិត​ភាព​ច្បាស់ 1920 x 1080 pixels
  • CPU Qualcomm Snapdragon 2.3GHz
  • RAM 3 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន 16 GB/32 GB និង 64 GB
  • កាមេរ៉ា​មុខ​ទំហំ 2.1 MP (អាច​ថត​វីឌីអូ​ក្នុង​កម្រិត 1080p) និង​​កាមេរ៉ា​ក្រោយ​ទំហំ 16 MP (អាច​ថត​វីឌីអូ​ក្នុង​កម្រិត 4K, ថត​វីឌីអូ​ប្រភេទ​ Real Time HDR និង HDR)
  • ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android
  • ថាមពល​ថ្ម 3,300mAh
ផ្អែក​លើ​លក្ខណសម្បត្តិ​បច្ចេកទេស​​​ខាង​លើ​ គេ​អាច​សន្និដ្ឋាន​បាន​ថា​ទូរស័ព្ទទំនើប​មួយ​នេះ​ពិត​ជា​គួរ​ឲ្យ​ចាប់​ អារម្មណ៍ ហើយ​បើ​តាម​ប្រភព​​ដដែល​បាន​ឲ្យ​ដឹង​​ថា​ LG Nexus 5 អាច​នឹង​ត្រូវ​ប្រកាស​ចេញ​ក្នុង​ខែតុលា ឆ្នាំ២០១៣ ។ សូម​ប្រិយមិត្ត​រង់ចាំ​តាម​ដាន​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ទូរស័ព្ទទំនើប​មួយ​ នេះ​ជា​មួយ​ក្រុមហ៊ុន​ការងារ​របស់​ពពក ៕