វិធី៨យ៉ាងធ្វើឱ្យ អ្នកដទៃជឿជាក់

5/04/2013 0 Comments A+ a-


ដើម្បីសាងភាពជឿជាក់ និងទំនុកចិត្ដ កើតមានឡើងបាន ប្រការដែលសំខាន់ គឺយើងមិនត្រូវ ធ្វើឱ្យអ្នក ដទៃ រងទុក្ខឬក្ដៅ ក្រហាយរហូតដល់ គេអត់ទ្រាំមិនបាននោះទេ ។ 
ព្រោះកាលបើអ្នកដទៃអត់ទ្រាំមិនបាន គេនឹងតបមកយើងវិញមិនខានហើយក៏អាច ក្លាយជាសត្រូវនឹងគ្នា ផងក៏ថាបាន។ លោកអ្នកត្រូវប្រុងប្រយ័ត្នគ្រប់សកម្មភាពទំនាក់ទំនងព្រោះវាអាចធ្វើ ឱ្យលោកអ្នកមិនបាន សម្រេចលទ្ធផលល្អ ប្រសិនបើលោកអ្នកខ្វះទំនុកចិត្ដលើខ្លួនឯង និងលើអ្នកដទៃ។
ប្រការដែលធ្វើឱ្យអ្នកដទៃមានទំនុកចិត្ដលើលោកអ្នក មិនមែនជារឿងលំបាកណាស់ណានោះទេ។ លោកអ្នក អាចធ្វើបាន គ្រប់គ្នា ប្រសិនបើលោកអ្នកចង់ប្រតិបត្ដិ។
សូមលោកអ្នកស្វែងយល់អំពីវិធីសាស្ដ្រមួយចំនួនដែលអាច នាំឱ្យលោកអ្នក ឱ្យឈានទទួលបាន នូវភាព ជឿជាក់ពីអ្នកដទៃ។
ការកសាងភាពជឿជាក់
ការដែលធ្វើខ្លួនឱ្យអ្នកដទៃជឿជាក់ មានទំនុកចិត្ដលើខ្លួនយើងជារឿងសំខាន់ណាស់។ អ្នកដែលត្រូវមេ បញ្ជាការ ឬអ្នកគ្រប់គ្រងការងារខ្វះទំនុកចិត្ដ អ្នកនោះក៏ពិបាកនឹងធ្វើការងារឱ្យបានល្អដែរ។ ភាពជឿជាក់ មានទំនុកចិត្ដអាចនឹងកើតមានឡើងលើអ្នកណា ក៏អាស្រ័យទង្វើ និងគុណសម្បត្ដិដែលលោកអ្នកមាន។ គុណសម្បត្ដិដែលធ្វើឱ្យអ្នកដទៃជឿជាក់មានទំនុកលើយើង មានដូចជាភាពជា អ្នកមានរបៀប ភាពជាអ្នក រិះគិត ភាពជាអ្នកល្អិតល្អន់ការរកហេតុផលឱ្យត្រឹមត្រូវ មានសេចក្ដីវិនិច្ឆ័យដែលត្រឹមត្រូវ មិនអាត្មានិយម ការស្មោះត្រង់ មានសីលធម៌មានទំនាក់ទំនងល្អ រក្សាសច្ចៈភាព មិនលំអៀង រួមសេចក្ដីមកគឺការ ទទួលខុស ត្រូវ របស់មនុស្សម្នាក់ៗ នោះឯង។ អ្នកដែលមានការទទួលខុសត្រូវក្នុងកិច្ចការងារ តួនាទី ឬសង្គមរមែងជាទី ទុកចិត្ដ របស់អ្នកដទៃ។ តែបើលោកអ្នកប្រព្រឹត្ដ ប្រាសចាកការទទួលខុសត្រូវក្នុងតួនាទីការងារ និងទង្វើ របស់ខ្លួនហើយនោះអ្នកផងក៏រមែងគ្មានទំនុកចិត្ដឡើយ។
មានលោកអ្នកមួយចំនួនបានធ្វើការដោយការតាំងចិត្ដល្អ និងការលះបង់ខ្ពស់ជារៀងរហូតមក តែមកដល់ ចន្លោះ ពេលមួយ នោះស្រាប់តែអ្នកផងអស់ជំនឿ ដែលអាចបណ្ដាលមកពីលោកអ្នក នោះធ្វើអ្វីមួយដោយ មិន បានតាំងចិត្ដជាការ វិនិច្ឆ័យមិនត្រឹមត្រូវ ឬអាចខ្វះការការពារខ្លួនឯង។
ការដែលលោកអ្នកអាចនឹងកសាងភាពជឿជាក់
មានទំនុកចិត្ដឱ្យកើតមានឡើងប្រការសំខាន់គឺធ្វើយ៉ាងណាមិនឱ្យអ្នកដទៃ រងទុក្ខឬក្ដៅក្រហាយ និងមិន អាច អត់ធ្មត់បាន ព្រោះការអត់ធ្មត់របស់មនុស្សយើងមានព្រំដែនកំណត់។ ការដែលធ្វើឱ្យគេទ្រាំមិនបាន ច្រើនឡើងប៉ុណ្ណា នោះពិតជាគេតបតនឹងទង្វើរបស់យើងវិញច្រើនប៉ុណ្ណោះដែរហើយគេក៏លែងមាន ជំនឿ និងលែងមានទំនុកចិត្ដលើ លោកអ្នក ជួនកាលក្លាយជាសត្រូវនឹងគ្នាក៏មានដែរ។ បើលោកអ្នក អាចរក្សា សេចក្ដីស្មោះត្រង់និងសុចរិតជាប់ជាប្រចាំបាននោះ លោក អ្នកក្លាយជាមនុស្ស ដែលអ្នកដទៃជឿជាក់ មាន ទំនុកចិត្ដ។ ការប្រព្រឹត្ដខ្លួនជាមនុស្សមានកិត្ដិយស និងរក្សាកិត្ដិនាមជាប់ជាប្រចាំនឹងមិន ធ្វើអំពើដែល អាចឱ្យអ្នកដទៃមើលងាយបាននោះអ្នកដែលសេពគប់ជាមួយរមែង មានភាពជឿជាក់ និងទំនុកចិត្ដ។
វិធីសាស្ដ្រធ្វើឱ្យអ្នកដទៃជឿជាក់
មានវិធីសាស្ដ្រដែលធ្វើឱ្យអ្នកដទៃទុកចិត្ដជឿជាក់ជាច្រើនដែលលោកអ្នកគួរប្រតិបត្ដិដូចជាៈ
1 . ត្រូវមានភាពស្មោះត្រង់ និងសុចរិត ៖ លោកអ្នក មិនគួរធ្វើកិច្ចការអ្វីដោយលោភៈ ទោសៈ មោហៈឬដោយ ការយល់ ដឹងមិនដល់ហេតុការណ៍ពិតទេ គឺត្រូវមានការត្រិះរិះ មានហេតុផល និងមានការវិនិច្ឆ័យត្រឹមត្រូវ។
2 . ត្រូវចេះការពារខ្លួនឯង ៖ នៅពេល ដែលកើតមានហេតុការណ៍ណាមួយមិនត្រូវបណ្ដែតបណ្ដោយឱ្យរឿងហេតុនោះរីក រាលដាលធំឡើងរហូត ដល់ មិនអាចដោះស្រាយបាន មិនត្រូវបណ្ដោយឱ្យគេចោទប្រកាន់ឬ និន្ទារហូតខូចកេរ្ដិ៍ឈ្មោះនោះទេ តែត្រូវរក វិធីរម្ងាប់ហេតុអាក្រក់ តាំងពីដំបូងទី។
3 . ធ្វើការដោយភាពល្អិតល្អន់ ៖ ហ៊ាន ទទួលខុសត្រូវគ្រប់បែបយ៉ាងលើការងារដែលបានធ្វើបើមានទង្វើណាមួយ ខុសឆ្គង ក៏មិនគួរដោះស្រាយយក រួចខ្លួននោះទេs ត្រូវហ៊ានទទួលកំហុសហើយចាត់ទុកជាមេរៀនដ៏ល្អដែលនឹងមិនធ្វើឱ្យយើង មានកំហុសបែប នោះជាថ្មីទៀតឡើយ។
4 . ត្រូវជឿជាក់និងមានទំនុកចិត្ដលើខ្លួនឯង ៖ បើយើងមិនមានទំនុកចិត្ដលើខ្លួនឯងទៅហើយតើនឹងធ្វើឱ្យអ្នកដទៃទុកចិត្ដ លើខ្លួនយើងបានយ៉ាង ដូច ម្ដេច ? ការជឿជាក់និងមានទំនុកចិត្ដលើខ្លួនឯងនឹងធ្វើឱ្យយើងធ្វើការងារ អ្វីមួយយ៉ាងជាក់លាក់ និងរួច រាល់ ដោយល្អមិនងាយនឹងខុសឆ្គងឡើយ។
5 . មានគុណធម៌ ៖ វាជា គ្រឿងគ្រប់គ្រងចិត្ដចំណែកឯអំពើអាក្រក់មិនមែនជាឧបករណ៍សម្រាប់តស៊ូ ទប់ទល់ នឹងសត្រូវ នោះទេ ព្រោះអំពើអាក្រក់មានតែទទួលនូវការបរាមុខពីអ្នកផងតែប៉ុណ្ណោះ។ ឯគុណធម៌វិញ មាន តែធ្វើឱ្យអ្នកផងគេស្រឡាញ់ និងជឿ ជាក់ព្រមទាំងមានទំនុកចិត្ដ។
6 . មិនអាត្មានិយម ៖ មានការ លះបង់មិនផ្លោះរំលងក្នុងការធ្វើការងារតាមតំណែងតួនាទី។ មនុស្សដែល ផ្ដាច់ការ ទោះបី ជាមានគេជឿជាក់បាននៅគ្រាដំបូងប៉ុណ្ណោះ តែនឹងមានគេស្អប់ឬបាត់បង់ ការជឿជាក់ នៅថ្ងៃណាមួយមិនខានព្រោះនរណា ក៏មិនចូល ចិត្ដឱ្យគេគាបសង្កត់រហូតនោះទេ។
7 . ភាពជាអ្នកដឹកនាំ ៖ បើយើង ជាអ្នកគ្រប់គ្រង ជាអ្នកបង្គាប់ ឬជាអ្នកបញ្ជា ត្រូវធ្វើខ្លួនឱ្យសមរម្យ ត្រូវ មាន ភាពយុត្ដិ ធម៌មិនលំអៀង។ ការធ្វើឱ្យអ្នកក្រោមបង្គាប់ជឿជាក់ មានទំនុកចិត្ដ ឬគោរពរាប់អាន ត្រូវ មានអធ្យាស្រ័យល្អមិនកេងប្រវ័ញ្ចពីកូន ចៅ និងត្រូវធ្វើខ្លួនគួរឱ្យគេក្រែងចិត្ដទើបប្រសើរ។
8 . ការទទួលខុសត្រូវ ៖ បើជា អ្នកក្រោមបង្គាប់បញ្ជា ត្រូវធ្វើការដែលអ្នកបង្គាប់ បញ្ជាបានប្រគល់ឱ្យ ដោយ មានការតាំង ចិត្ដឱ្យបានផលល្អបំផុត ដើម្បីឱ្យស្នាដៃដើរតួជាគ្រឿងធានារ៉ាប់រងសម្រាប់ការជឿជាក់ពី អ្នកធំ។
បណ្ដាំផ្ញើ
បើលោកអ្នកអនុវត្ដន៍តាមអ្វីដែលលើកមកជម្រាបជូនខាងលើនេះ ជឿជាក់ថាលោកអ្នកនឹងបាន សម្រេច ដល់ គោលដៅដែល ប៉ងប្រាថ្នាមិនខានឡើយ។ គ្រប់យ៉ាងវាអាស្រ័យលើការតាំងចិត្ដអនុវត្ដន៍របស់លោកអ្នក។ សូមកុំភ្លេចថាបើលោកអ្នកមានគុណ សម្បត្ដិល្អ នឹងធ្វើឱ្យអ្នកដទៃមើលមកយើងក្នុងក្រសែភ្នែកជឿជាក់ មាន ទំនុកចិត្ដ រាប់អានផ្ដល់កិត្ដិយសនិងលើកតម្កើងមិនខាន ឡើយ៕