រថយន្តស៊ីទែនខ្នាតធំដឹកប្រេងរបស់ក្រុមហ៊ុនមួយ បុករថយន្តកាមរីបាឡែនរបួសធ្ងន់-ស្រាល៤នាក់

ខេត្តសៀមរាប ៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់បានរងរបួសធ្ងន់-ស្រាលនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តខ្នាតធំដឹកប្រេងចំណុះ៣ម៉ឺនលីត្រមួយគ្រឿងរបស់ក្រុមហ៊ុនមួយ បុកជាមួយរថយន្តកាមរីបាឡែន ចំពីមុខពេញទំហឹង បណ្តាលឱ្យក្រឡាប់ធ្លាក់ពីលើទ្រូងផ្លូវទាំងសងខាង និងហៀរប្រេងចេញពីស៊ីទែនស្ទើរទាំងស្រុង ប៉ុន្តែមិនបណ្តាលឱ្យឆេះទេ ។
ប៉ូលិសជំនាញបាននិយាយថា គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី១៦ ឧសភា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចគល់ស្ពានរលំ ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ភាគខាងកើតក្រុងទេសចរណ៍សៀមរាប ។
ទាក់ទិនទៅនឹងករណីគ្រោះថ្នាក់នេះប៉ូលិសចរាចរស្រុកប្រាសាទបាគង ដែលបានចុះទៅធ្វើការវាស់វែងកន្លែងកើតហេតុបានសន្និដ្ឋានថា បណ្តាលមកពីអ្នកបើកបររថយន្តធំងងុយដេក ហើយរេចង្កូតរំលោភទ្រូងផ្លូវមកបុករថយន្តតូចទាំងទទឹងទិស ។ ប៉ូលិសបានបញ្ជាក់ថា មុនពេលកើតហេតុរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនមួយ ម៉ាកនីស្សាន់ បានបើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅខាងឆ្វេងរំលងគំនូសទ្រូងផ្លូវបុករថយន្តកាមរីបាឡែន មួយគ្រឿង ពណ៌ទឹកប្រាក់ បើកបញ្ច្រាសទិសគ្នាពីលិចទៅកើតពេញទំហឹង និងកិនពីលើរួញចូលគ្នា រួចជ្រុលទៅបុកដើមអាកាស្យាដួលជាច្រើនដើមទៀតមុននឹងធ្លាក់ចូលទៅក្នុងស្នាមភ្លោះម្ខាងផ្លូវ ៕