ប្តីសម្លាប់ប្រពន្ធ ហើយក្លែងភស្តុតាងថា ចោរប្លន់សម្លាប់
ខេត្តស្វាយរៀង ៖ ហេតុការណ៍ដ៏គួរឱ្យសង្វេគមួយបានកើតឡើងដោយប្តីស្រវឹងស្រាបានចាក់សម្លាប់ប្រពន្ធ៤កាំបិត និងអារ.កថែមទៀត ខ្លាចអត់ស្លាប់នៅក្នុងផ្ទះមួយកន្លែង ហើយស្រាតខោអាវនាងចោលទៀត បន្ទាប់មកភ័យខ្លួនក៏ក្លែងភស្តុតាង ដោយដាក់ច្រវ៉ាក់ខ្លួនឯង រួចស្រែកឱ្យអ្នកស្រុកជួយថា ចោរប្លន់ ។
ករណីនេះកើតឡើងវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ឧសភា ២០១៣ នេះ នៅភូមិស្រមរ ឃុំខ្សែត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ស្ត្រីរងគ្រោះឈ្មោះណោ ស្រីមុំ អាយុ២៤ឆ្នាំ ឯប្តីអ្នកបង្កហេតុឈ្មោះឆោម សុផា អាយុ២៦ឆ្នាំ មានកូនប្រុសម្នាក់អាយុ៣ឆ្នាំ មានទីលំនៅនៅទីតាំងកើតហេតុខាងលើទាំងអស់គ្នា ។
ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុគេឮបុរសឈ្មោះផាត នោះស្រវឹងឡូឡាសួរប្រពន្ធពីរឿងមែម៉ូរីកាត ដោយសារផ្ទះពួកគេជាកន្លែងជួសជុលវិទ្យុ ម៉ាញេ តែប្រពន្ធថា អត់ដឹងក៏ឈានដល់ការឈ្លោះប្រកែកគ្នា ហើយក៏កើតករណីឃាតកម្មដ៏សាហាវនោះតែម្តង ។ បន្ទាប់មកប្តីដ៏កំហូចរូបនេះបានក្លែងភស្តុតាង ដោយស្រាតខោអាវចាក់ច្រវ៉ាក់ខ្លួនឯង ហើយស្រែកឱ្យគេជួយថា មានចោរប្លន់។
តាមការអះអាងពីមន្ត្រីសមត្ថកិច្ចក្រោយការស៊ើបអង្កេត និងវិនិច្ឆយឱ្យដឹងថា មិនមែនជាករណីចោរប្លន់សម្លាប់ទេ តែជាករណីឃាតកម្មបង្កដោយប្តីម្នាក់នេះទៅលើប្រពន្ធខ្លួនឯង ។ ពេលនេះបុរសបង្កហេតុកំពុងធ្វើជាឆ្កួតឡប់រកសួរអ្វីមិនដឹងទាំងអស់ ៕ដោយកោះសន្តីភាព
