លេច​ចេញ​​រូបរាង​ និង​លក្ខណសម្បត្តិ​បច្ចេកទេស​របស់ទូរស័ព្ទ BlackBerry R10

5/06/2013 0 Comments A+ a-


BlackBerry 10 OS ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់ក្រុមហ៊ុន​ BlackBerry ហើយ​មក​ទល់​ពេល​នេះ​ទូរស័ព្ទទំនើប​របស់​ក្រុមហ៊ុន​​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​​មាន​ពី​រ​ម៉ូដែល​រួច​មក​ហើយ​គឺ BlackBerry Z10 និង BlackBerry Q10 ។
បើ​យោង​តាម​ប្រភព​ព័ត៌មាន​នា​ពេល​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​​សម្រាប់​ឆ្នាំ២០១៣ នេះ​ ក្រុមហ៊ុន​ BlackBerry ឬ​មាន​ឈ្មោះ​ដើម​ថា RIM មាន​គម្រោង​បញ្ចេញ​​ទូរស័ព្ទទំនើប​ដែល​ដំណើរការ​ដោយ​ BlackBerry 10 OS ឲ្យ​បាន​​យ៉ាង​ហោច​ណាស់​ចំនួន​ ៦ ម៉ូដែល​ ដើម្បី​ជា​​ជម្រើស​សម្រាប់​អតិថិជន ។ នៅ​ខណៈ​ដែល​ក្រុមហ៊ុន​ទើប​តែ​បាន​ប្រកាស​ចេញ​ខ្សែស្រឡាយ​ទូរស័ព្ទទំនើប​ដំណើរការ​ដោយ​ BlackBerry 10 OS បាន​ចំនួន​ពីរ​ម៉ូដែល​នៅ​ឡើយ​នោះ ពេល​នេះ​មាន​រូបភាព​របស់​​​ខ្សែស្រឡាយ​ BlackBerry ​មួយ​ម៉ូដែល​ទៀត​ត្រូវ​បាន​បង្ហាញ​​ជា​មួយ​និង​លក្ខណសម្បត្តិ​បច្ចេកទេស​មួយ​ចំនួន​ ។ ទូរស័ព្ទទំនើប​មួយ​នេះ​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា​មាន​ឈ្មោះ BlackBerry R10 និង​ជា​ទូរស័ព្ទទំនើប​ដែល​​មា​ន​ទាប​ជាង​ BlackBerry Z10 និង Q10 ។ បើ​ទោះ​ជា​ក្រុមហ៊ុន BlackBerry មិន​ទាន់​បាន​ប្រកាស​ចេញ​ BlackBerry R10 ជា​ផ្លូវការ​យ៉ាងណា​ក្ដី​ក៏​ក្រុម​អ្នក​ព័ត៌មាន​នៅ​តែ​អាច​ប្រម៉ាញ់​បាន​នូវ​រូបភាព​និង​លក្ខណសម្បត្តិ​បច្ចេកទេស​​ខ្លះៗ​របស់ BlackBerry R10 ដែល​មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 3.1-inch
  • RAM 2 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 8 GB
  • ដំណើរការ​ដោយ BlackBerry 10 OS
  • បំពាក់​ដោយ​ក្ដារចុច​ QWERTY Keyboard
  • ថាមពល​ថ្ម 1,800mhA

បញ្ជាក់៖ យើង​ខ្ញុំ​មិន​អាច​សន្និដ្ឋាន​បាន​ថា​​លក្ខណសម្បត្តិ​បច្ចេកទេស​ខាង​លើ​​អាច​នឹង​ត្រូវ​បាន​កម្រិត​ណា​នោះ​ទេ សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ការ​ប្រកាស​ចេញ​ផ្ទាល់​ដោយ​ក្រុមហ៊ុន BlackBerry ព្រោះ​ថា​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​បាន​លេច​ឡើង​នេះ​បាន​ឲ្យ​ដឹង​ BlackBerry R10 នឹង​ត្រូវ​បង្ហាញ​ខ្លួន​និង​លក្ខណសម្បត្តិ​បច្ចេកទេស​លម្អិត​នៅ​ក្នុង​ត្រីមាសទី៣ ឆ្នាំ២០១៣ នេះ ៕