ZTE ចុះកិច្ចព្រមព្រៀងជាមួយ Microsoft ក្នុងការប្រើប្រាស់ប៉ាតង់នៅលើ Android និង Chrome
ZTE Corp ជាក្រុមហ៊ុនផលិតទូរស័ព្ទដៃ ទំនើបធំមួយរបស់ចិន បានចុះកិច្ចព្រមព្រៀង ជាមួយនឹង ក្រុមហ៊ុន Microsoft Corp លើការប្រើប្រាស់ប៉ាតង់ ជាមួយនឹងប្រព័ន្ធដំណើរការ Android និង Chrome របស់ Google។លោកអ្នកប្រហែលជាឆ្ងល់បន្តិចថា តើហេតុអ្វីបានជា ZTE ត្រូវចុះកិច្ចព្រមព្រៀង និងបង់លុយឲ្យ Microsoft ទៅវិញ បើ ZTE ប្រើប្រាស់ Android និង Chrome របស់ Google?
សម្រាប់ច្បាប់នៃការ កាន់កាប់ប៉ាតង់មានភាព ស្មុគស្មាញបន្តិច ប៉ុន្តែសម្រាប់រឿងនេះ គឺងាយយល់ ទេ ដោយសារតែក្រុមហ៊ុន ZTE ត្រូវបានបច្ចេកវិទ្យាមួយ សម្រាប់ប្រើនៅលើ Android និង Chrome ដែលបច្ចេកវិទ្យានោះជារបស់ Microsoft ហើយ Microsoft ជាអ្នកកាន់កាប់ប៉ាតង់ បច្ចេកវិទ្យានោះ ដូច្នេះ ZTE ត្រូវតែបង់លុយឲ្យ Microsoft។
បើយោងតាម ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងផងដែរថា ក្រុមហ៊ុន Google
ក៏ត្រូវបង់លុយ ទៅឲ្យក្រុមហ៊ុន Microsoft ផងដែរក្នុងការ ប្រើប្រាស់ប៉ាតង់។
ZTE បានឲ្យដឹងថា ខ្លួនត្រូវចុះកិច្ចព្រម ព្រៀង ជាមួយនឹង Microsoft
ក្នុងការប្រើប្រាស់ប៉ាតង់ លើទូរស័ព្ទដៃទំនើបចំនួន ៤ទៅ៥គ្រឿង។គួរបញ្ជាក់ផងដែរថា Microsoft ជាក្រុមហ៊ុនមួយ ដែលបានចុះកិច្ចព្រមព្រៀង លើការប្រើប្រាស់ ប៉ាតង់ របស់ខ្លួនឲ្យទៅក្រុមហ៊ុន ផលិតទូរស័ព្ទដៃទំនើប ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android បានជាង ២០ក្រុមហ៊ុន ហើយបើគិតមកដល់ពេលនេះ មានទូរស័ព្ទដៃទំនើបដែលប្រើ Android ជាង ៦០ភាគរយនៅជុំវិញពិភពលោក ដែលប្រើប៉ាតង់របស់ Microsoft៕
