រយៈ​ពេល​ត្រឹម​តែ ៤៥​ វិនាទី​ Xiaomi Mi2S លក់​អស់​ចំនួន ២០ ម៉ឺន​គ្រឿង​

4/24/2013 0 Comments A+ a-


កាល​ពី​​ជាង​ ១០​ថ្ងៃ​មុខ ក្រុមហ៊ុន Xiaomi ​ទើប​តែ​បាន​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ទំនើប​ម៉ូដែល​ថ្មី Xiaomi Mi2S ដែល​ទូរស័ព្ទ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជាក់​ថា ​​វា​មាន​ល្បឿន​លឿន​ជាង​ទូរស័ព្ទ​ទំនើប Samsung Galaxy S4 ដែល​បំពាក់​ដោយ​ CPU Qualcomm Snapdragon​ ដូច​គ្នា​នោះ​​ទៅ​ទៀត ។ ​ជាក់​ស្ដែង​នៅ​ក្នុង​ការ​សាក​ល្បង​ល្បឿន​ដំណើរការ​ដោយ Antutu ​ជា​លទ្ធផល​បាន​បង្ហាញ​ថា Xioami Mi2S ទទួល​ពិន្ទុ​បាន​រហូត​ដល់​ទៅ 25,913 ស្រប​ពេល​ដែល Galaxy S4 បាន​ពិន្ទុ​ត្រឹម​តែ 25,446 ។
ដោយ​ឡែក​នៅ​ក្នុង​ពេល​កំពុង​ប្រកាស​ចេញ​​ជា​ផ្លូវ​ការ​នូវ​ទូរស័ព្ទ​ទំនើប Xiaomi Mi2S ​​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា ខ្លួន​នឹង​ចេញ​លក់​នូវ​ទូរស័ព្ទ​នេះ​​នា​ថ្ងៃ​ទី​២៣ មេសា ។ ​ជា​ការ​ពិត​នៅ​ក្នុង​ការ​ចេញ​លក់​ជា​លើក​ដំបូង​នា​ថ្ងៃ​ទី​២៣ ម្សិល​មិញ​នេះ​ក្រុមហ៊ុន Xioami បាន​​បញ្ចេញ​ឲ្យ​ដឹង​ថា ខ្លួន​បាន​លក់​ទូរស័ព្ទ Xiaomi Mi2S បាន​រហូត​ដល់​ទៅ ២០ ម៉ឺន​គ្រឿង​ក្នុង​រយៈ​ពេល​ត្រឹម​តែ ៤៥​ វិនាទី​ដំបូង​ប៉ុណ្ណោះ ។ តាម​រយៈ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​មនុស្ស​ជា​ច្រើន​ដែល​កំពុង​ចាប់​អារម្មណ៍​ទៅ​លើ​ទូរស័ព្ទ​ទំនើប​មួយ​នេះ ។

សូម​បញ្ជាក់​ថា ទូរស័ព្ទ​ទំនើប Xioami Mi2S ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់​ដោយ​អេក្រង់​ទំហំ 4.3-inch IPS display កម្រិត​ភាព​ច្បាស់ 1,280x 720 pixels, CPU quad-core 1.7GHz Qualcomm Snapdragon 600 និង​ RAM 2GB ​ប៉ុណ្ណោះ​គឺ​​មិន​មាន​​កម្រិត​ភាព​ច្បាស់ Full HD ​និង​អេក្រង់​ទំហំ 5-inch ដូច​ជា Samsung Galaxy S4 នោះ​ទេ​ (លក្ខណ​សម្បត្តិ​​លំអិត​បែប​បច្ចេកទេស​​​)​ ។ យ៉ាង​ណា​មិញ​ជា​មួយ​នឹង​ប្រភេទ​ពណ៌​ច្រើន​ជម្រើស​ទូរស័ព្ទ Xiaomi Mi2S ​ត្រូវ​បាន​​ចែក​ចេញ​ពីរ​ប្រភេទ​ផ្សេង​គ្នា​គឺ តម្លៃ​ $323.45 សម្រាប់​ម៉ូដែល​មាន​អង្គ​ផ្ទុក​ឯកសារ​ជាប់​​​ម៉ាស៊ីន​​ទំហំ​ 16​GB និង តម្លៃ​ $372.25 សម្រាប់​ម៉ូដែល 32GB ។ បច្ចុប្បន្ន​ទូរស័ព្ទ​នេះ​ត្រូវ​បាន​​ចេញ​លក់​ជា​ផ្លូវ​ការ​ហើយ​​នៅ​ក្នុង​ប្រទេស​ចិន និង​ហុងកុង ​ ហើយ​ក្រុមហ៊ុន​នឹង​ចេញ​លក់​នៅ​ក្នុង​តៃវ៉ាន​ នា​ពេល​ឆាប់ៗ​ខាង​មុខ តែ​មិន​មាន​សម្រាប់​ទីផ្សារ​ក្រៅ​ពី​នេះ​​នៅ​ឡើយ​​ទេ​ ៕