iPad 5 កំណត់ថ្ងៃចេញលក់ហើយ!
សារព័ត៌មានអនឡាញរបស់តៃវ៉ាន់ Digitime ថ្មីៗនេះបានឱ្យដឹងថា iPad ជំនាន់ថ្មីទី៥ ដែលមានឈ្មោះ iPad 5 ជាមួយអេក្រង់ទំហំ ៩,៧អ៊ីញ នឹងបង្ហាញខ្លួននៅអំឡុងខែកក្កដាឬសីហាឆ្នាំ២០១៣ខាងមុខ។
របាយការណ៍លើកឡើងនេះ គឺធ្លាយចេញពីក្រុមហ៊ុនដៃគូសហការរបស់ Apple។ Digitime ទទួលបានដំណឹងពីការឌីហ្សាញរូបរាងរបស់ iPad 5 មកថា tablet ស៊េរីថ្មីនេះនឹងមានកម្រាស់ស្ដើងជាងមុន និងស្រាលជាង iPad 4។ រីឯមុខគែមសងខាង iPad ជំនាន់ថ្មីនេះក៏រំពឹងដែរថា នឹងស្រដៀងជាមួយ iPad mini។
ប្រភពនានាបានរាយការណ៍មកថា Apple នឹងបំពាក់អេក្រង់ Retina Display នៅលើជំនាន់ iPad 5 ដែលជារបស់ក្រុមហ៊ុនចំនួនពីររួមមាន LG និង Sharp។ មិនតែប៉ុណ្ណោះប្រភពដដែលបានលើកឡើងទៀតថា iPad 5 នឹងមានការអភិវឌ្ឍន៍លើ touch panel ប្រើបានកាន់តែរលូនជាងមុន។ បច្ចេកវិទ្យា touch panel នេះគឺបង្កើតចេញពីហ្វិលស្ដើងប្រភេទ TPK និង ITO ដែលជារបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nitto Denko និង Teijin។
ដៃគូសហការធំជាងគេរបស់ Apple Foxconn កំពុងជ្រើសរើសកម្មករបន្ថែមយ៉ាងច្រើនសម្រាប់បំពេញដៃជើងក្នុងសង្វាក់ផលិតកម្មនៅរោងចក្រ Zhengzou ដែលជាសាខារបស់ខ្លួនស្ថិតក្នុងប្រទេសចិន។ ចាប់តាំងពី Foxconn ប្រកាសចាប់ផ្គត់ផ្គង់ smartphone ជំនាន់ថ្មីនិងម៉ូដែលផ្សេងៗទៀត (មិនបញ្ជាក់ឈ្មោះ) រោងចក្រមួយបានបង្វឹកបុគ្គលិកការងារយ៉ាងខ្លាំងឱ្យបំពេញការងារតាមតួនាទីជាមួយសក្ដានុភាពរៀងៗខ្លួន។
នេះអាចជាសញ្ញាណមួយដែលបញ្ជាក់បានថា iPad 5 ក៏ដូចជា iDevice ដទៃទៀតនឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខដែលប្រភពបានលើកឡើងខាងលើថា នឹងបង្ហាញវត្តមានជាផ្លូវការអំឡុងខែកក្កដា-សីហាខាងមុខ។
