នៅឆ្នាំ២០១៨ អូស្ត្រាលីនឹងក្លាយជា ប្រទេសនាំចេញឧស្ម័ននាំមុខគេ នៅទូទាំងពិភពលោក
ហៅស្តុន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣នេះថា មន្ត្រីជាន់ខ្ពស់អូស្ត្រាលីមួយរូប លើកឡើងថា នៅឆ្នាំ២០១៨ ខាងមុខ ប្រទេសអូស្ត្រាលីនឹងក្លាយជា ប្រទេសដែលនាំចេញឧស្ម័ន ដ៏ច្រើនជាងគេនៅលើពិភពលោក ។
លោក Gary Gray រដ្ឋមន្ត្រីក្រសួងធនធានថាមពល អូស្ត្រាលី បានលើកឡើងនៅក្នុង សន្និសីទស្តីអំពី ការប្រើប្រាស់ឧស្ម័នធមុ្មជាតិ និងការតាំងពិព័រណ៍ អន្តរជាតិលើកទី១៧ ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រទេសអូស្ត្រាលីបានបន្តខិតខំ បង្កើនវិស័យឧស្សាហកម្ម រីកចម្រើនយ៉ាង ឆាប់រហ័ស ។ ជាក់ស្តែងក្នុងអំឡុងពេល ២ឆ្នាំកន្លងមកនេះ វិស័យឧស្សាហកម្មរីកលូតលាស់ គួរឲ្យកត់សម្គាល់ ។ លោកក៏បានអំពាវនាវ ផងដែរថា ខណៈដែលសន្និសីទលើកទី១៥ ប្រារព្ធឡើងក្នុងឆ្នាំ២០០៧ នៅក្រុង បាសេឡូណា ក្នុងប្រទេសអេស្ប៉ាញ ក៏បានបង្ហាញអំពីការរីកចម្រើន លើវិស័យឧស្ម័ននេះដែរ ។
លោកបានសង្កត់ធ្ងន់ថា "នាពេលនេះ អូស្ត្រាលីមានសមត្ថភាព អាចធ្វើការនាំចេញឧស្ម័នជាង ១៥លានតោន ហើយបាននាំចេញនូវ បរិមាណឧស្ម័នដ៏ច្រើន ចូលក្នុងប្រទេសចិន" ។
លោករដ្ឋមន្ត្រីបានបន្តថា រយៈពេល ២ទៅ៣ឆ្នាំខាងមុខ អូស្ត្រាលីនឹងធ្វើការនាំចេញឧស្ម័ន ជិត៩០លានតោនក្នុង១ឆ្នាំ ៕

